ការប្រកួតកីឡាអាស៊ីក្រុងហាងចូវបានរឹតបន្តឹងចំណងមហាគ្រួសារអាស៊ី

«បេះដូងតភ្ជាប់គ្នា ក្តីស្រឡាញ់ឆ្ពោះទៅអនាគត» នេះជាពាក្យស្លោកនៃការប្រកួតកីឡាអាស៊ីលើកទី ១៩ នៅក្រុង ហាងចូវ ប្រទេសចិន ។ នេះក៏ជាលើកដំបូងដែលមហាគ្រួសារអាស៊ីបានជួបជុំគ្នាម្តងទៀតដោយក្តីរំភើបរីករាយបន្ទាប់ពីការផ្ទុះរាលដាលជំងឺកូវីដ-១៩មក ពោលគឺប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ការរឹតចំណងសាមគ្គីភាពនៃទ្វីបអាស៊ី ។

 

អាស៊ីជាមហាទ្វីបមួយដែលមានផ្ទៃដីធំបំផុតនិងចំនួនប្រជាជនច្រើនជាងគេក្នុងចំណោមមហាទ្វីបទាំង ៧ លើពិភពលោក ។ វប្បធម៌និងអរិយធម៌ដ៏សម្បូរបែបនៃទ្វីបអាស៊ីជាគ្រាប់គជ់ដ៏ភ្លឺចិញ្ចាចដែលចែងចាំងនៅលើប្រឹថពី ។ ទោះបីជាមានវប្បធម៌និងអរិយធម៌ទីទៃគ្នាយ៉ាងណាក្តី តែបណ្តាប្រទេសនិងតំបន់ក្នុងទ្វីបអាស៊ីតែងខិតខំស្វែងរកវិធីសាស្ត្រសម្រាប់បង្កើនការយល់ដឹងពីគ្នាដើម្បីឈានដល់ការរួមរស់ជាមួយគ្នាដោយសុខដុមរមនា ។

 

ក្នុងនោះ កីឡាជាស្ពានមិត្តភាពដ៏សំខាន់ដែលបានតភ្ជាប់ដួងចិត្តរបស់ប្រជាជននៃប្រទេសនានា ពិសេសបានប្រមូលផ្តុំអត្តពលិកគ្រប់ជាតិសាសន៍ឱ្យមកជួបជុំគ្នាធ្វើការផ្តាស់ប្តូរបទពិសោធនិងប្រកួតគ្នាក្រោមបរិយាកាសប្រកបដោយសុខសន្តិភាពនិងភាពសប្បាយរីករាយ ដោយមិននិយាយពីរឿងនយោបាយ មិននិយាយពីរឿងជម្លោះ ពោលគឺមានគោលបំណងរួមតែមួយគត់គឺបង្កើនសាមគ្គីភាពនិងភាតរភាព ។

 

ម៉្លោះហើយ គេសង្កេតឃើញថាក្នុងការប្រកួតកីឡាអាស៊ីលើកនេះ មានវត្តមាននៃប្រតិភូកីឡាមកពីប្រទេសនិងតំបន់ស្ទើរទាំងអស់នៃទ្វីបអាស៊ី និងមានចំនួនអត្តពលិកលើសពី១២០០០ នាក់ដែលជាកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។ ក្នុងនោះ ប្រទេសមួយចំនួនដែលទទួលបានការចាប់អារម្មណ៍ដូចជាប្រទេសកូរ៉េខាងជើងដែលកម្រនឹងបង្ហាញមុខក្នុងសកម្មភាពអន្តរជាតិបានចាត់បញ្ជូនអត្តពលិកចំនួន ១៩១ នាក់ឱ្យចូលរួមការប្រកួត ។ ប្រទេសមីយ៉ាន់ម៉ាដែលកំពុងមានវិបត្តិនយោបាយ ដែលស្ថិតក្រោមការគ្រប់គ្រងនៃរបបយោធាបានចាត់បញ្ជូនអត្តពលិកចំនួន ១៧៣ នាក់ឱ្យចូលរួមការប្រកួត ។ ងាកមកមើលប្រទេសអាហ្វហ្កានីស្ថាននិងប្រទេសស៊ីរីដែលត្រូវញ៉ាំញីដោយសង្គ្រាមអស់រយៈពេលជាយូរឆ្នាំ ក៏បានចាត់បញ្ជូនអត្តពលិកជាច្រើននាក់ឱ្យចូលរួមការប្រកួតផងដែរ ។ ក្នុងនោះ ប្រទេសអាហ្វហ្កានីស្ថានមានចំនួន ១៣៣ នាក់ ឯស៊ីរីមានចំនួន ៦០ នាក់ ។

 

វត្តមានរបស់ប្រតិភូកីឡានៃប្រទេសដែលកំពុងស្ថិតមានវិបត្តិឬសង្គ្រាម បានបង្ហាញពីក្តីប្រាថ្នាចង់បានសុខសន្តិភាពនិងមិត្តភាពរបស់ប្រជាជននៃប្រទេសនានា ជាពិសេសនិយាយចំពោះប្រទេសស៊ីរីដែលកំពុងបន្តស្ថិតក្នុងភ្លើងសង្គ្រាមផងនិងសន្តិភាពផង អត្តពលិកទាំងឡាយដែលបានមកចូលរួមការប្រកួតនេះមិនមែនជារឿងងាយស្រួលទេ ។ យ៉ាងណាមិញ យើងជឿជាក់ថា ក្រោមការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំជាតិនិងប្រជាជនស៊ីរី ផ្កាកុលាបក្រុងដាម៉ាសមុខជានឹងរីកស្គុសស្គាយឡើងវិញនៅទូទាំងប្រទេសក្រោមដំបូលសន្តិភាពក្នុងពេលឆាប់ៗជាក់ជាមិនខាន ។

 

ជាការពិតណាស់ នៅក្នុងទីលានប្រកួតកីឡា គ្មានសង្គ្រាម គ្មានគ្រោះទុរ្ភិក្ស គ្មានការចងគំនុំ គ្មានការជិះជាន់ គ្មានគំនរបាក់បែក មានតែស្នាមញញឹមដែលពោរពេញដោយការគោរពរាប់អាន និងដៃទាំងគូដ៏កក់ក្តៅដែលស្វាគមន៍គ្នាយ៉ាងរាក់ទាក់ ។ សំឡេងទះដៃគាំទ្រលើកទឹកចិត្តរបស់ទស្សនិកជនដែលលាន់រំពងពេញកីឡដ្ឋានជាការបង្ហាញពីទឹកចិត្តស្នេហាកីឡានិងស្នេហាសន្តិភាពរបស់មនុស្សគ្រប់រូប ហើយក៏តំណាងឱ្យក្តីបំណងរួមរបស់ប្រជាជនគ្រប់ជាតិសាសន៍ដែលប្រាថ្នានូវសន្តិភាពនិងភាពសុខដុមរមនាដើម្បីឆ្ពោះទៅរកការអភិវឌ្ឍនិងវិបុលភាពរួមផងដែរ ។

 

មុនពេលបើកការប្រកួត លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លែងក្នុងពិធីបដិសណ្ឋារកិច្ចចំពោះប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ីមួយចំនួននិងតំណាងគណៈកម្មាធិការអូឡាំពិកអន្តរជាតិនិងក្រុមប្រឹក្សាអូឡាំពិកអាស៊ីថា «ទ្វីបអាស៊ីជាទីប្រភពដ៏សំខាន់នៃអរិយធម៌របស់មនុស្សជាតិ ដែលបានបង្កើតនូវអរិយធម៌ដ៏ត្រចះត្រចង់ ។ យើងនឹងឆ្លងតាមរយៈភាពបរិយាបន្ននៃការប្រកួតកីឡា មកបង្កើតជំនឿចិត្តខាងអរិយធម៌ និងប្រកាន់ខ្ជាប់ការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នា ដើម្បីចារទំព័រដ៏ត្រចះត្រចង់ថ្មីនៃអរិយធម៌អាស៊ី »។

 

តាំងពីដើមមក ប្រទេសចិនតែងតែផ្តួចផ្តើមគំនិតដែលផ្តល់ផលប្រយោជន៍រួមដល់មនុស្សជាតិទាំងមូល តួយ៉ាងដូចជាបច្ចុប្បន្ននេះ មានប្រទេសជាច្រើនដែលបានរួមដំណើរជាមួយប្រទេសចិនដើម្បីកសាងសហគមន៍រួមជោគវាសនារវាងគ្នានិងគ្នា សំដៅសម្រេចបាននូវការកសាងសហគមន៍រួមជោគវាសនានៃមនុស្សជាតិនាពេលអនាគត ។ ជាការពិតដែលមិនអាចប្រកែកបាន ពេលស្ថិតនៅចំពោះមុខវិបត្តិនិងបញ្ហាប្រឈមរួម មានតែការរួមសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការដោយមេត្រីភាពប៉ុណ្ណោះ ទើបអាចផ្លាស់ប្តូរបទពិសោធនិងរៀនសូត្រពីគ្នា ហើយពួតដៃគ្នាដោះស្រាយនូវរាល់បញ្ហាបាន ។ ក្នុងន័យនេះ អាស៊ីដែលជាទីកំណើតនៃវប្បធម៌ទន់ភ្លន់ សុភាពរាបសា ចេះយោគយល់ និងប្រកបដោយបរិយាបន្ន ពិសេសមានឈាមជ័រជាអ្នកស្នេហាសន្តិភាព នឹងធ្វើជាគំរូសម្រាប់ទ្វីបដទៃទៀតក្នុងការស្វែងរកវិធីសាស្ត្រសម្រាប់ឆ្ពោះទៅរកការកសាងភពផែនដីដ៏សុខក្សេមក្សាន្តនិងអនាគតដ៏ល្អបវរជាមួយគ្នា ៕

 

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

相关新闻