ក្រុមហ៊ុនយន្តហោះឈានមុខអាម៉េរិក ចាប់អារម្មណ៍ចំពោះ ឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា

ក្រុមហ៊ុនផ្គត់ផ្គង់យន្តហោះសហរដ្ឋអាម៉េរិក Gulfstream Aerospace Corporation បានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា និងមានបំណងចូលរួមអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍កម្ពុជា។

នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Julien Nargeot អនុប្រធានផ្នែកលក់ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិក អូស្រ្តាលី និង នូវែលសេឡង់នៃក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព រាជធានីភ្នំពេញ។

- Advertise -

ក្នុងជំនួបនេះ លោក Julien Nargeot បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងការចាប់អារម្មណ៍ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា។

លោក Julien Nargeot បានឱ្យដឹងថា ក្រុមហ៊ុន Gulfstream Aerospace Corporation គឺជាក្រុមហ៊ុនផ្គត់ផ្គង់យន្តហោះឈានមុខមួយរបស់សហរដ្ឋអាម៉េរិក ដោយផ្តោតលើយន្តហោះឯកជន(Private Jet)។ ក្រុមហ៊ុនមានបំណងចូលរួមអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា ដើម្បីរួមចំណែកពពង្រីកការតភ្ជាប់ និងទេសចរណ៍នៅក្នុងតំបន់និងពិភពលោក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា​ ដោយសម្ដេចបានគូសបញ្ជាក់ថា តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ក៏ដូចជាសម្ទុះនៃការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ការធ្វើធុរកិច្ចក្នុងឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា នឹងផ្តល់ឱកាសល្អដល់ក្រុមហ៊ុន។

សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង ស្ថាប័ន និង ដៃគូពាក់ព័ន្ធនានា ដើម្បីស្វែងយល់លម្អិតបន្ថែមអំពីសក្តានុពលនៃការវិនិយោគ នៅក្នុងឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា៕

你可能还喜欢