ក្រុមប្រឹក្សាអភិវឌ្ឍ​ន៍​​កម្ពុជា​​​ ដាក់​​ឱ្យ​​ប្រើប្រាស់​​ប្រព័ន្ធ​​គ្រប់គ្រង​​គម្រោង​វិនិយោគ​​កម្ពុជា​ជាផ្លូវការ

នៅថ្ងៃ​ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រុមប្រឹក្សា​​អភិវឌ្ឍន៍​​កម្ពុជា​​បានដាក់​ឱ្យ​ប្រើប្រាស់​​ជាផ្លូវការ​​នូវប្រព័ន្ធ​​គ្រប់គ្រង​​គម្រោង​​​វិនិយោគ​​កម្ពុជា (cdcIPM) ដើម្បី​​​ទាក់ទាញ​​វិនិយោគិន​​មកបណ្ដាក់​ទុន​​​វិនិ​យោគ​​​នៅ​កម្ពុជា​ និងជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។

ប្រព័ន្ធ cdcIPM ផ្ដល់លទ្ធភាព​​ឱ្យ​វិនិយោគិន​​ដាក់ពាក្យ​​ដោយផ្ទាល់​​ពីគ្រប់ទី​​កន្លែង​​និង​គ្រប់​​ពេល​​វេលា ដើម្បី​​សម្រួល​​កិច្ចការ​​វិនិយោគ​​ឱ្យកាន់តែ​​មាន​ភាព​ងាយស្រួល កាត់​បន្ថយ​​ពេល​វេលា ធានា​​​តម្លា​ភាព​ និង​ប្រសិទ្ធភាព។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី១​ ​ក្រុមប្រឹក្សា​​អភិវឌ្ឍន៍​​កម្ពុជា​​មាន​​ប្រ​សាសន៍​ថា ប្រព័ន្ធ cdcIPM ផ្ដល់ភាព​​ងាយស្រួល​​ដល់អ្នក​​ប្រើប្រាស់ ​និង​ការ​បំពេញ​​​ព័ត៌​មាន​​​ស្នើ​សុំ​​ការ​វិនិយោគ​ ហើយ​អាច​តាម​ដាន​​ដោយ​ខ្លួន​ឯង​​ទៅលើ​​ដំណើរ​ការ​​នៃ​ការស្នើសុំ​​គម្រោង​​វិនិយោគ ព្រោះ​ cdcIPM ជាប្រព័ន្ធ​​រស់​រវើក​ អ្នក​វិនិយោគ​​អាច​​តាម​ដាន​​​គ្រប់​ជំហាន។

លោកបាន​បន្ថែមថា ប្រព័ន្ធ cdcIPM នឹង​ធ្វើការ​​តភ្ជាប់​​ជាមួយ​​ក្រសួង​​ស្ថាប័ន​​ផ្សេងៗទៀត ដូចជា​​ក្រសួង​​ពាណិជ្ជកម្ម ក្រសួង​​រៀបចំ​​ដែនដី នគរូបណីយកម្ម និង សំណង់ ស្ថាប័ន​​ពន្ធដារ គយ និង ស្ថាប័ន​​មួយ​ចំនួន​​ទៀត ដែលនឹង​ប្រើពេល ៦ ខែ។

សភា​ពាណិជ្ជកម្ម​​កម្ពុជា សមាគម​​ឧកញ៉ា​កម្ពុជា និង វិនិយោគិន ធុរជន បានសម្តែង​នូវ​​ការ​ស្វាគមន៍​ និងគាំទ្រ​​ចំពោះ​​វត្តមាន​របស់​ប្រព័ន្ធ cdcIPM ដោយបាន​ចាត់ទុក​​ប្រព័ន្ធ​នេះ​នឹង​ជួយ​សម្រួល​និង​លើក​កម្ពស់​​ប្រសិទ្ធភាព​​នៃ​ការ​ដាក់ពាក្យ​​ស្នើសុំ​​គម្រោង​​វិនិយោគ​​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែលអាច​ជួយទាក់ទាញ​​វិនិយោគិន​​កាន់តែ​​ច្រើនថែមទៀត និង​ជា​ចំណែក​​មួយ​ដ៏​សំខាន់​​ក្នុងការ​ជួយ​ជំរុញ​​កំណើន​​សេដ្ឋកិច្ច​​នៅ​កម្ពុជា។

យោងតាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍកម្ពុជា គិតត្រឹម​​ខែវិច្ឆិកា ឆ្នាំ ២០២៤ គម្រោង​​វិនិយោគ​ចំនួន ៣៧៩ ត្រូវបាន​​​អនុម័ត ជាមួយ​​ទុនវិនិយោគ​​ប្រមាណ ៦ ប៊ីលានដុល្លារ​អាម៉េរិក៕

你可能还喜欢

评论被关闭。

/>