ប្រមុខការទូតកម្ពុជា-ចិនជួបពិភាក្សាការងារទ្វេភាគីនៅរដ្ឋធានីប៉េកាំង ប្រទេសចិន
នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោក វ៉ាង យី (Wang Yi) រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅរដ្ឋធានីប៉េកាំង។
ជំនួបទ្វេភាគីនេះ ធ្វើឡើងនាអំឡុងពេលលោក ប្រាក់ សុខុន កំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។
លោក វ៉ាង យី បានមានប្រសាសន៍ថា មិត្តភាពចិន និងកម្ពុជាកាន់តែរឹងមាំ បើទោះបីជាបានឆ្លងកាត់ការពិសោធនៃបញ្ហាអន្តរជាតិជាច្រើនក៏ដោយ។ ក្រោមការដឹកនាំជាយុទ្ធសាស្ត្រនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ មិត្តភាពដែកថែបចិន-កម្ពុជាបានឈានចូលដំណាក់កាលថ្មីមួយទៀត។
លោកសង្កត់ធ្ងន់ថា ភាគីចិនរីករាយក្នុងការពង្រឹងបន្ថែមនូវទំនាក់ទំនងសហប្រតិបត្តិការថ្នាក់ដឹកនាំជាន់ខ្ពស់ជាមួយភាគីកម្ពុជា ជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មី ដើម្បីឆ្លើយតបការប្រឈម នឹងហានិភ័យតាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកម្រិតខ្ពស់ចិន-កម្ពុជា ការពារផលប្រយោជន៍បច្ចុប្បន្នរបស់ប្រទេសទាំងពីរ និងជំរុញសន្តិភាព និងស្ថិរភាពក្នុងតំបន់។
លោក ប្រាក់ សុខុន មានប្រសាសន៍ថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយមិត្តភាពចំពោះភាគីចិន និងរីករាយក្នុងការពង្រឹងការទុកចិត្ត និងជឿជាក់គ្នាទៅវិញទៅមកជាមួយភាគីចិន ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងពង្រឹងកិច្ចសហប្រតិបត្តិការការទូត និងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
លោក ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិនពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ លោក ប្រាក់ សុខុន ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក លីវ ជានឆាវ (Liu Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិនផងដែរ៕
评论被关闭。