សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចយោធា ហើយដាក់អនុវត្តឆ្នាំ២០២៦ខាងមុខ

កំពង់ឆ្នាំង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥–សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបាន ស្នើឱ្យក្រសួងការពារជាតិធ្វើការ ពិនិត្យកែសម្រួលធ្វើវិសោធនកម្មច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលច្បាប់នេះនឹងធ្វើឱ្យកម្ពុជាមានទ័ពច្រើន ហើយដាក់ឱ្យអនុវត្តន៍នៅឆ្នាំ២០២៦ខាងមុខ។

ថ្លែងក្នុងពិធី“អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥)”  នៅខេត្តកំពង់ឆ្នាំ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឆ្លងកាត់កិច្ចប្រជុំចង្អៀតកន្លងមក សម្តេចបវរធិបតីបានស្នើសុំឱ្យមានគោលការណ៍ធ្វើវិសោធនកម្មច្បាប់ ច្បាប់កាតព្វកិច្ចយោធាឆ្នាំ២០០៦ ត្រូវរៀបចំពិនិត្យដើម្បីឈានដល់ការអនុវត្តនៅឆ្នាំ២០២៦។

សម្តេចបវរធីបតីបានបញ្ជាក់ថា៖«ឆ្នាំ២០២៦ ច្បាប់កាតព្វកិច្ចយោធា នឹងត្រូវអនុវត្តន៍ ដែលនេះ ជាការ ប្តេជ្ញាចិត្តរបស់យើង«…» ច្បាប់នេះយើងធ្វើតាំងពីឆ្នាំ២០០៦  អ៊ីចឹងវាមានរយៈពេល២០ឆ្នាំគត់ ។ ខ្ញុំឱ្យកែច្បាប់នេះ ឱ្យពិនិត្យចំណុចមួយចំនួនថា ស្របតាមនឹងស្ថានភាពបច្ចុប្បន្ន ឬយ៉ាងណា? ច្បាប់ចាស់ដាក់ឱ្យអនុវត្ត១៨ខែ  ប៉ុន្តែនៅពេលធ្វើការហ្វឹកហ្វាត់ អស់រយៈពេលច្រើនខែ អ៊ីចឹងមានពេលណាអនុវត្តន៍ ដូច្នេះខ្ញុំស្នើឱ្យពិនិត្យបន្ថែមដល់២៤ខែ ទើបសមស្រប»។

សម្តេចធិបតីបានអះអាងថា ច្បាប់កាតព្វកិច្ចយោធានេះនឹងជួយឱ្យកម្ពុជាមានបរិមាណកងទ័ពមានចំនួនច្រើន ។ ច្បាប់នេះធ្វើឱ្យមានភាពងាយស្រួលក្នុងការជ្រើសរើសទ័ព មានភាពទូលំទូលាយ ជាងការជ្រើសរើសទ័ពអាជីព។ លើសពីនេះបានបង្កើនប្រសិទ្ធភាពក្នុងការជ្រើសរើសសាច់ទ័ព។ ទ័ពដែលរើសមកត្រូវធ្វើការហ្វឹកហ្វឺនរួចហើយត្រូវបំពេញការងារ ។

សម្តេចធិបតីបានបញ្ជាក់៖ «អ៊ីចឹងច្បាប់េនះយើងនឹងត្រូវអនុវត្តន៍ ហើយទ័ពដែលទើបនឹងចូលមកថ្មីគឺជាប់កាត្វកិច្ចរយៈពេល២ឆ្នាំ គាត់គឺជាទ័ពកាតព្វកិច្ច»។ សម្តេចបវរធិបតីបានបន្ថែមថា ចំពោះឋានន្តរស័ក្តិគឺមិនត្រូវព្រួយបារម្មណ៍នោះទេ គឺបំពេញសាច់ទ័ព។ ដូច្នេះ យើងមានយោធិនសម្រាប់រយៈពេល២ ឆ្នាំ ហើយធ្វើការចល័តរហូតរាល់ឆ្នាំ ដូច្នេះ ចំនួនសាច់ទ័ពពិសេសពលទាហានថ្នាក់ក្រោម គឺមិនខ្វះនៅថ្ងៃអនាគត ប៉ុន្តែអ្វីដែលសំខាន់នោះគឺប្រសិទ្ធភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ការធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចនេះដែរនឹងធ្វើឱ្យជ្រើសរើសកងទ័ពកាន់តែមានប្រសិទ្ធភាព ដោយសារមានហ្វឹកហ្វាត់ បណ្តុះបណ្តាលបានល្អផងដែរ៕

你可能还喜欢