សម្ដេចតេជោ ហ៊ុន សែន៖ ការពង្រឹងភាពជាដៃគូ និងអង្គការតំបន់ទាំងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ នឹងជំរុញឱ្យមានកំណើន

ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ជម្រា លោកជំទាវ Ar. Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការអន្តរសភាអាស៊ានថា ការពង្រឹងភាពជាដៃគូ និងអង្គការតំបន់របស់យើង ទាំងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ នឹងជំរុញឱ្យមានកំណើន ជាក់ស្តែងកំណើនពាណិជ្ជកម្មអាស៊ានគ្នាឯង និងការពង្រីកទីផ្សារក្នុងក្របខ័ណ្ឌ RCEP ជាដើម។ នេះបើតាមការឱ្យដឹង របស់ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Ar. Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការអន្តរសភាអាស៊ាន និងសហការី ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

 

ក្នុងជំនួបនោះ សម្ដេចតេជោបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ Ar. Siti Rozaimeriyanty Dato Haji Abdul Rahman ក្នុងឱកាសដែលលោកជំទាវចូលរួមកិច្ចប្រជុំអន្តរសភាអាស៊ាន (AIPA) នៅកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះ នាពេលនេះ និងបានស្នើសុំលោកជំទាវ បន្តចែករំលែកបទពិសោធន៍ដល់កម្ពុជា ដែលនឹងបំពេញតួនាទីជាអគ្គលេខាធិការ AIPA ប្តូរវេនបន្តពីលោកជំទាវ នាពេលខាងមុខនេះផងដែរ។

លោកជំទាវអគ្គលេខាធិការ បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការី ចូលជួបសម្តែងការគួរសមនាពេលនេះ។ លោកជំទាវ បានវាយតម្លៃខ្ពស់ និងអរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់រដ្ឋសភាកម្ពុជា។

 

លោកជំទាវ បានសម្តែងនូវការដឹងគុណចំពោះការគាំទ្រ និងការណែនាំរបស់សម្តេចតេជោនាពេលកន្លងមក ចាប់តាំងពីពេលដែលលោកជំទាវចូលកាន់តំណែងជាអគ្គលេខាធិការអន្តរសភាអាស៊ាននៅឆ្នាំ២០២២។ លោកជំទាវអគ្គលេខាធិការ បានកត់សម្គាល់ជាវិជ្ជមាននូវកិច្ចពិភាក្សា គំនិតផ្តួចផ្តើមល្អៗជាច្រើន ជាពិសេសគំនិតផ្តួចផ្តើមរបស់កម្ពុជាស្តីពីបណ្ណាល័យឌីជីថលអំពីច្បាប់ ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាផង និងអាស៊ានផង។

លោកជំទាវអគ្គលេខាធិការ បានសម្តែងនូវអំណរអរគុណ និងការសាទរចំពោះគំនិតផ្តួចផ្តើម វេទិកាថ្នាក់ដឹកនាំ AIPA, AIPA Caucus និងកម្មវិធី AIPA Roadshow ដែលមាននិស្សិតប្រមាណ ៤០០នាក់ រង់ចាំសួរសំណួរដោយផ្ទាល់ និងរាប់ពាន់នាក់តាមប្រព័ន្ធអនឡាញ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណលោកជំទាវអគ្គលេខាធិការចំពោះការកត់សម្គាល់បទពិសោធន៍ និងគំនិតផ្តួចផ្តើមល្អៗរបស់កម្ពុជា និងបានសាទរចំពោះសមិទ្ធផលនានា ដែល AIPA សម្រេចបាន។ សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា កម្ពុជា បានបំពេញតួនាទីយ៉ាងសកម្មនៅក្នុងក្របខណ្ឌអាស៊ាន ហើយជាក់ស្តែង សម្តេច បានកាន់ញញួរក្នុងឋានៈជាប្រធានអាស៊ានចំនួន ៣ដងនាពេលកន្លងមក។ សម្តេចតេជោ បានសម្តែងនូវក្តីរីករាយចំពោះការបង្កើតឱ្យមានបណ្ណាល័យ AIPA LYNC ហើយនេះ ក៏ជាបទពិសោធន៍ល្អសម្រាប់អាស៊ានផងដែរ។

សម្តេចតេជោ បានបន្តកត់សម្គាល់អំពីសារៈសំខាន់នៃការចែករំលែកប្រវត្តិ និងបទពិសោធន៍ ពីអ្នកជំនាន់មុនទៅអ្នកជំនាន់ក្រោយ តួយ៉ាងបទពិសោធជាច្រើនរបស់សម្តេច ក្នុងការកសាង និងរក្សាបាននូវសន្តិភាពជូនកម្ពុជា ក្រៅពីអ្វីដែលសម្តេចបានចែករំលែកនៅភ្នំពេញ នៅហ្សាកាតា និងនៅទីម័រឡេស្តេផងដែរ៕

你可能还喜欢