លោក ហួត ហាក់ ជួបសំណេះសំណាល សិស្សានុសិស្សជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ នៅស្រុកបារាយណ៍
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នាសម័យប្រឡងថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។
ក្នុងពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមលោក ងួន រាសី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកអភិបាល នៃគណៈខេត្តកំពង់ធំ លោក ឃន ចាន់ថៃ អភិបាលនៃគណៈអភិបាលស្រុកបារាយណ៍, លោក លោកស្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១២, លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅសាលាស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ថ្លែងក្នុងឱកាសនេះ លោក ហួត ហាក់ បានគូសបញ្ជាក់ថា ការជោគជ័យរបស់ប្អូនៗ គឺមួយផ្នែកកើតចេញពីសមត្ថភាពរបស់ប្អូនៗផ្ទាល់ (អ្នកចេះ, ទើបជាប់), មួយផ្នែក គឺការបង្ហាត់បង្រៀន និងណែនាំពីលោកគ្រូ អ្នកគ្រូលោកនាយក គណៈគ្រប់គ្រងសាលា ដែលខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ក្នុងការអប់រំណែនាំ ដល់ប្អូនៗសិស្សានុសិស្សទាំងអស់គ្នា តួយ៉ាងកត្តាមនុស្ស, ធនធានមនុស្ស។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ជាក់បន្ថែមថា មូលធនមនុស្ស គឺជាកត្តាកំណត់ដើម្បីអាចសម្រេចបាននូវចក្ខុវិស័យនេះដូច្នេះគឺទាមទារឱ្យមានការចូលរួមពីសំណាក់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះតួអង្គដែលមិនអាចខ្វះបាន គឺលោកគ្រូ អ្នកគ្រូ ដែលជាអ្នកផ្តល់ចំណេះដឹង និងចែករំលែកបទ ពិសោធ, ជាពិសេសការរួមចំណែកពីប្អូនៗសិស្សានុសិស្សដែលមានវត្តមាននៅពេលនេះផងដែរ ដែលជាទំពាំងស្នងឬស្សី និងធនធានបន្តវេនប្រកបដោយថាមភាព និងសាកសមជាអ្នកបន្តវេនជំនាន់ថ្មី និងជាគ្រាប់ពេជ្ររបស់កម្ពុជា នាពេលខាងមុខ។
នាឱកាសនេះ លោក ហួត ហាក់ ក៏មានរង្វាន់លើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សជ័យលាភី និទ្ទេស A (១២នាក់) ទទួលបានកុំព្យូទ័រយួរដៃ ១គ្រឿង និងថវិកា ៤០ ម៉ឺនរៀលក្នុងម្នាក់ៗ ពិសេដក៏មានការលើកទឹកចិត្តដល់នាយកសាលាទាំង៤ (រដ្ឋ និងឯកជន) ដោយទទួលបាន ១០ម៉ឺនរៀលក្នុងម្នាក់ៗ៕