ក្រសួងរៀបចំដែនដី និងអាជ្ញាធររាជធានីភ្នំពេញ ចាប់ផ្តើមវាយរំលំអគាអតីត «សណ្ឋាគារអង្គរមានជ័យ» អាយុកាល៧៥ឆ្នាំ ដែលទ្រុឌទ្រោមខ្លាំង
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានចាប់ផ្តើមដំណើរការវាយរំលំអគាអតីត «សណ្ឋាគារអង្គរមានជ័យ» ដែលមានទីតាំងស្ថិតនៅ កែងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ដំណើរការវាយរំលំអគារនេះ មានការចូលរួមពីលោក យស់ ឆោមណារ៉ាឌី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរខណ្ឌ៧មករាផងដែរ។
សូមបញ្ជាក់ថា អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានក្រឡាផ្ទៃបាតទំហំ សរុប៥៩០ម៉ែត្រការ៉េ មានកម្ពស់៦ជាន់ ស្មើនឹង១០៧បន្ទប់។ អគារនេះមានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើង តាំងពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្នសំណង់អគារមានអាយុ ៧៥ឆ្នាំមកហើយ។
យោងតាមលិខិតរបស់ក្រសួងរៀបចំដែនដីចេញកាលពីខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា គ្រួសារដែលរស់នៅក្នុងអគារ ឬម្ចាស់បន្ទប់ចំនួន ៦១គ្រួសារ ឬ៩៤% បានស្រុះស្រួលឯកភាពបញ្ឈប់ការរស់នៅក្នុងអគារអង្គរមានជ័យ ដោយឯកភាពទទួលយកសំណងតាមតម្លៃទីផ្សារ ទៅរស់នៅទីកន្លែងផ្សេងដែលមានសុវត្ថិភាព។
ដោយឡែកនៅសល់គ្រួសារចំនួន៤ ដែលពុំទាន់ឯកភាពទទួលយក ដំណោះស្រាយនៅឡើយ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឯកភាពជាគោលការណ៍តម្លើងតម្លៃដល់ ២ ៥០០ដុល្លារអាមេរិកក្នុង១ម៉ែត្រការ៉េ ដែលធ្វើឱ្យតម្លៃគោល (គិតពីជាន់ផ្ទាល់ដីដល់ជាន់ទី៦) កើនដល់ ៧ ៦៩០ដុល្លារអាមេរិកក្នុង១ម៉ែត្រការ៉េ លើសពីតម្លៃទីផ្សារប្រមាណ ២២% ដោយយោងតាមតម្លៃដែលក្រុមហ៊ុនចំនួន ០៣បានធ្វើការវាយតម្លៃពីឆ្នាំ២០២៣ដល់២០២៥។
ក្រសួងបានទុកពេលវេលាឱ្យជាច្រើនខែមកហើយជូន គ្រួសារទាំង ៤មកទទួលយកសំណង តែពួកគាត់មិនទាន់សម្រេចចិត្តមកទទួលយក ដោយសារភាពចាស់ទ្រុឌទ្រោម របស់អគារនេះ។
ក្រសួងតម្រូវឱ្យប្រជាពលរដ្ឋគ្រួសារទាំង៤ ចាកចេញពីអគារអង្គរមានជ័យនេះត្រឹមសប្តាហ៍ទី៤ នៃខែកញ្ញា ឆ្នាំ២០២៥ ដើម្បីផ្តល់លទ្ធភាពដល់ក្រសួងចាត់ចែងវាយរំលំអគារនេះ ហើយគ្រួសារទាំង ៤អាចទាក់ទងមកក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីមកទទួលយកថវិកានៅខែកញ្ញា ឆ្នាំ២០២៥៕