តើប្រទេសចិនបានដើរតួនាទីអ្វីខ្លះក្នុងកិច្ចអភិវឌ្ឍន៍ស្ត្រីរបស់ពិភពលោក ?

សុភាសិតចិនមួយឃ្លាពោលថា ៖ «ស្ត្រីអាចទ្រមេឃពាក់កណ្តាល» ដែលមានន័យថា ស្ត្រីអាចធ្វើអ្វីៗបានគ្រប់យ៉ាងដូចជាបុរសដែរ មិនថាការងារទូទៅឬបុព្វហេតុនៃការ​កសាងនិងអភិវឌ្ឍន៍​ជាតិនិងសង្គមនោះឡើយ ។ ប្រការនេះបានឆ្លុះបញ្ចាំងពីជ្រុងមួយនៃការឱ្យតម្លៃចំពោះស្ត្រី និងការផ្តោតសំខាន់លើការអភវឌ្ឍន៏ និងសុខុមាលភាពរបស់ស្ត្រី ។ យ៉ាងណាមិញ​ បញ្ហាវិសមភាពយេនឌ័រ និងការរើសអើងនារីភេទតែងតែកើតមាននៅគ្រប់ប្រទេសនិងតំបន់ ដែលបានរារាំងដល់ការអភិវឌ្ឍន៏របស់ស្ត្រីនិងក្មេងស្រី ។ វិញ្ញាសារសកលមួយនេះទាមទារឱ្យមានការចូលរួមដោះស្រាយពីគ្រប់ភាគី ដើម្បីមានចំណាត់ការរួមសម្រាប់ទប់ស្តាត់​ការរើសអើងប្រឆាំងនឹងនារីភេទនិងលើកកម្ពស់សមភាពយេនឌ័រ ។

ក្នុងន័យនេះ ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងទាំងក្របខ័ណ្ឌជាតិនិងអន្តរជាតិ ដែលទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ។ ជាពិសេសក្នុងអំឡុងពេល ៣០ ឆ្នាំកន្លងទៅនេះ បន្ទាប់ពីការបើកកិច្ចប្រជុំស្ត្រីពិភពលោកនៃអង្គការសហប្រជាជាតិនៅទីក្រុងប៉េកាំងក្នុងឆ្នាំ ១៩៩៥ មក ប្រទេសចិនបានធ្វើការជាមួយបណ្តាលប្រទេសនានាដើម្បីជំរុញការអភិវឌ្ឍន៏របស់ស្ត្រីនិងក្មេងស្រីដោយគ្រប់ជ្រុងជ្រោយ ។

- Advertise -

ក្នុងឆ្នាំ ២០១៥ ពេលថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្ត្រី នៅឯទីស្នាក់ការទូទៅអង្គការសហប្រជាជាតិ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានសន្យាយ៉ាងម៉ឺងម៉ាត់ថា ប្រទេសចិននឹងជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការអនុវត្តន៍គម្រោងសុខភាពស្ត្រីនិងទារកចំនួន ១០០ គម្រោង និងគម្រោង«សាលារៀនរីករាយ»ចំនួន ១០០ គម្រោង ព្រមទាំងអញ្ជើញស្ត្រីមកពីប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៣ ម៉ឺននាក់ទៅចូលរួមវគ្គបណ្តុះបណ្តាលនៅចិន ។

ការសន្យារបស់ប្រទេសចិនមិនមែននិយាយតែមាត់នោះទេ ក្នុងឆ្នាំ ២០១៥ ប្រទេសចិនបានសហការជាមួយអង្គការយូណេស្កូនៃអង្គការសហប្រជាជាតិ ដើម្បីបង្កើតពានរង្វាន់ផ្នែកអប់រំស្ត្រីនិងក្មេងស្រី ដែលមកទល់បច្ចុប្បន្ន មានអង្គការនិងគម្រោងចំនួន ២០ ហើយដែលទទួលបានរង្វាន់នេះ ។ ក្មេងស្រីនៅប្រទេសតង់ហ្សានីដែលទទួលបានជំនួយពីគម្រោងនេះមានលទ្ធភាពចូលរៀននៅសាលាវិញ , ក្រុមស្ត្រីទន់ខ្សោយនៅកូស្តារីកាទទួលបានការបណ្តុះបណ្តាលជំនាញប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលធ្វើឱ្យពួកគេអាចមានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតផ្អែកលើជំនាញរបស់ខ្លួន ។ល។

ក្រៅពីនេះ ប្រទេសចិនបានបណ្តាក់ទុនលើគម្រោងពាក់ព័ន្ធនឹងផលប្រយោជន៍ស្ត្រីលើសពី ៤០០ ប៊ីលានដុល្លារអាមេរិកនៅប្រទេសជាង ២០ , បើកវគ្គបណ្តុះបណ្តាលស្ត្រីនិងក្មេងស្រីចំនួនជាង ១០០ លើកចំពោះសិក្ខាកាមមកពីប្រទេសសកលខាងត្បូង ដែលបានផ្តល់ឱកាសថ្មីឱ្យពួកគេប្រកបអាជីពតាមជំនាញថ្មី ។ នៅប្រទេសអាហ្វ្រិកជាច្រើន បច្ចេកទេសដាំដុះស្មៅ «Juncao» ( ប្រភេទស្មៅម្យ៉ាងដែលបង្កាត់ពូជដោយអ្នកជំនាញចិន អាចលូតបានខ្ពស់និងអាចបណ្តុះផ្សិតដែលអាចហូបបានឬផ្សិតឱសថ ដែលមានតម្លៃខាងសេដ្ឋកិច្ច ) ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ។ បច្ចុប្បន្ន ការដាំដុះស្មៅ «Juncao» បានផ្តល់ឱកាសការងារសម្រាប់ស្ត្រីនៅជាង ១០០ ប្រទេសនៅលើពិភពលោក ដែលត្រូវបានប្រទេសសកលខាងត្បូងហៅថា«ស្មៅសុភមង្គល» ។

កត្តាដែលនាំឱ្យប្រទេសចិនអាចចូលរួមយ៉ាងសកម្មនិងជាក់ស្តែងក្នុងបុព្វហេតុអភិវឌ្ឍន៍ស្ត្រីនិងក្មេងស្រីរបស់ប្រទេសកំពុងអភិវឌ្ឍន៍ គឺដោយសារតែប្រទេសចិនបានបោះជំហានដ៏ធំក្នុងការអភិវឌ្ឍកិច្ចការស្ត្រីនិងក្មេងស្រី ។ នៅក្នុងប្រទេសចិន មានស្ត្រីជាង ៦៩០ លាននាក់បានចេញផុតពីភាពក្រីក្រនិងកំពុងឆ្ពោះទៅរកជីវភាពធូរធារបង្គួរ , ក្នុងចំណោមនិស្សិតដែលរៀននៅសាលាឧត្តមសិក្សាមានចំនួនលើសពីពាក់កណ្តាលជានិស្សិតស្រី ,  ក្នុងចំណោមអ្នកប្រកបការងារខាងបច្ចេកវិទ្យាមានបុគ្គលិកស្រីស្មើនឹង ៤៥.៨% , ក្នុងចំណោមអ្នកប្រកបអាជីពតាមអនឡាញមានស្ត្រីលើសពីពាក់កណ្តាល , អាយុរំពឹងរស់ជាមធ្យមរបស់ស្ត្រីលើសពី ៨០ ឆ្នាំ ។ល។ ប្រទេសចិនត្រូវបានអង្គការសុខភាពពិភពលោកដាក់បញ្ចូលក្នុងបញ្ជីឈ្មោះប្រទេសទាំង ១០ ដែលទទួលបានសមិទ្ធផលធំធេងបំផុតក្នុងកិច្ចអភិវឌ្ឍន៍ស្ត្រីនិងក្មេងស្រី ។

៣០ ឆ្នាំមុន កិច្ចប្រជុំស្ត្រីពិភពលោកបានបើកធ្វើនៅក្រុងប៉េកាំង ប្រទេសនានាបានលើកជាមតិយោបល់និងដាក់ចេញផែនការរៀងៗខ្លួន ក្នុងន័យជំរុញការអភិវឌ្ឍន៏កិច្ចការស្ត្រីនិងក្មេងស្រី ជាពិសេសគឺសមភាពយេនឌ័រ ៕​ ៣០ឆ្នាំ ក្រោយ ក្រោមការផ្តួចផ្តើមរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន កិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្ត្រីបានវិលចូលក្រុងប៉េកាំងម្តងទៀត ក្នុងបរិបទដែលពិភពលោកបាននិងកំពុងប្រឈមនឹងបម្រែបម្រួលនម្មាបនកម្មថ្មីដ៏ស្មុគស្មាញនិងមានភាពរង្គោះរង្គើរ ។ តើត្រូវធ្វើយ៉ាងណាទើបអាចជំរុញកិច្ចការស្ត្រីឱ្យកាន់តែមាននិរន្តរភាព និងលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងអភិបាលកិច្ចសកល គឺជាប្រធានបទសំខាន់ដែលត្រូវការប្រមូលផ្តុំពុទ្ធិរបស់តំណាងគ្រប់រូប ដើម្បីឈានដល់គំនិតឯកភាពរួមមួយដែលអាចអនុវត្តបាន ។

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់បានលើកឡើងថា «វិសមភាពយេនឌ័រគឺជាកត្តារារាំងស្ត្រីនិងក្មេងស្រីក្នុងការទទួលបានការអប់រំពេញលេញ ការរួមកម្លាំងការងារ ការថែទាំសុខភាព សិទ្ធិក្នុងការសម្រេចចិត្ត និងទទួលបានមុខតំណែងជាអ្នកដឹកនាំ ។ ដូច្នេះ ការលើកកម្ពស់សមភាពយេនឌ័រគឺទាមទារឱ្យយើងស្ដាប់សំឡេងរបស់ស្ត្រីនិងក្មេងស្រី ដើម្បីស្វែងយល់ឱ្យច្បាស់អំពីបញ្ហាប្រឈមដែលពួកគេជួបប្រទះនៅក្នុងការសម្រេចបាននូវបំណងប្រាថ្នា និងសក្តានុពលរបស់ពួកគេ»។

ការពិតជាក់ស្តែងបានសបញ្ជាក់ថា គំនិតចាស់គំរឹលដែលតែងយល់ឃើញថា ស្ត្រីចាញ់បុរស ឬ «ស្ត្រី​បង្វិល​ជើង​ក្រាន​មិនជុំ»គឺមិនអាចនាំមកនូវភាពរីកចម្រើនបានឡើយ ។ ការជំរុញនិងលើកកម្ពស់សមភាពយេនឌ័រជាកូនសោគន្លឹះសម្រាប់បើកទ្វារឆ្ពោះទៅរកសង្គមដែលមានវិបុលភាព សមភាព និងការអភិវឌ្ឍន៏ដោយពិតប្រាកដ ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

你可能还喜欢