កម្ពុជា-ចិនចាប់ដៃគ្នា៖ កិច្ចសហប្រតិបត្តិការលើសិទ្ធិស្ត្រីនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី
កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តីត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅទីក្រុងប៉េកាំងប្រទេសចិន នាថ្ងៃទី១៣ និង១៤ ខែតុលា ឆ្នាំ២០២៥ ដែលនេះជាកំណត់ត្រាថ្មីមួយទៀតក្នុងការអភិវឌ្ឍន៍ស្ត្រីជាសកល បន្ទាប់ពីសន្និសីទពិភពលោកលើកទី ៤ របស់អង្គការសហប្រជាជាតិស្តីពីស្ត្រីក្នុងឆ្នាំ ១៩៩៥។ កិច្ចប្រជុំនេះមិនត្រឹមតែជាការសង្ខេប និងអបអរសាទរសមិទ្ធិផលលើសិទ្ធិស្ត្រីនៅទូទាំងពិភពលោកក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកប៉ុណ្ណោះទេ ថែមទាំងជាឱកាសបញ្ជាក់ពីការប្តេជ្ញាចិត្ត និងកសាងសន្ទុះថ្មីផងដែរ។ កម្ពុជា-ចិន មានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ហើយក៏បានគាំទ្រ និងដើរទៅមុខជាមួយគ្នាក្នុងការធានា និងលើកកម្ពស់សិទ្ធិស្ត្រីជាសកល។
កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការធានាសិទ្ធិស្ត្រី
រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការធានាសិទ្ធិស្ត្រី ហើយទទួលបានលទ្ធផលថ្មីៗជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចាប់តាំងពីកិច្ចប្រជុំពិភពលោកលើកទី៤ ស្តីអំពីស្រ្តីនៅឆ្នាំ១៩៩៥មក កម្ពុជាបានអនុវត្តយ៉ាងសកម្មនូវ《សេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង》និង《ផែនការសកម្មភាព》ដោយខិតខំលើកកម្ពស់ស្ថានភាពស្ត្រីក្នុងវិស័យសេដ្ឋកិច្ច សង្គម នយោបាយ និងវិស័យផ្សេងៗទៀត។
ក្នុងវិស័យច្បាប់វិញ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការធានានូវភាពត្រឹមត្រូវនៃការអនុវត្តច្បាប់ ធានាថាស្ត្រីមិនរងនូវការរើសអើងផ្លួវភេទ និងអំពើហិង្សា ដោយអនុញ្ញាតឱ្យស្ត្រីយល់ដឹងពេញលេញអំពីតួនាទីរបស់ខ្លួនក្នុងឆាកជីវិតនយោបាយ សេដ្ឋកិច្ច និងសង្គមជាតិ។ រដ្ឋធម្មនុញ្ញកម្ពុជាធានាសមភាពយេនឌ័រ ហើយច្បាប់ពាក់ព័ន្ធផ្សេងទៀតដូចជា《អនុសញ្ញាស្តីពីការលប់បំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ》《ច្បាប់សញ្ជាតិ》《ច្បាប់ប្រឆាំងអំពើហិង្សាក្នុងគ្រួសារ》《ច្បាប់ស្តីពីការទប់ស្កាត់ការជួញដូរមនុស្ស》ជាដើម ក៏បានផ្តល់នូវការការពារយ៉ាងរឹងមាំដល់សិទ្ធិស្ត្រីផងដែរ។
ចំពោះការអនុវត្តគោលនយោបាយ រដ្ឋាភិបាលកម្ពុជាបានអនុវត្តសេចក្តីជូនដំណឹងស្តីពីគោលនយោបាយគាំទ្រស្ត្រីជាបន្តបន្ទាប់ បង្កើតបានបរិយាកាសល្អសម្រាប់ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងលើកកម្ពស់សុខុមាលភាពរបស់ស្ត្រី។ ឧទាហរណ៍ រដ្ឋាភិបាលបានបញ្ជាឱ្យបង្ក្រាបទីតាំងកម្សាន្តខុសច្បាប់ទាំងអស់នៅទូទាំងប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពជួញដូរស្ត្រី។ ក្រសួងកិច្ចការនារីក៏បានប្រើប្រាស់ថវិកាជំនួយដែលផ្តល់ដោយអង្គការអន្តរជាតិ ដើម្បីរៀបចំថ្នាក់អក្ខរកម្ម វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈដល់ស្ត្រីវ័យក្មេង ដោយបង្រៀនពួកគេនូវជំនាញជាក់ស្តែងផ្សេងៗ និងការលើកកម្ពស់ជីវភាពរបស់ស្រ្តីកម្ពុជា។
សមិទ្ធិផល និងការរួមចំណែករបស់ចិនក្នុងការធានាសិទ្ធិស្ត្រី
ចិនតែងតែខិតខំលើកកម្ពស់សិទ្ធិស្ត្រី និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ចិនបានបង្កើតប្រព័ន្ធធានា និងការពារសិទ្ធិស្ត្រីដោយច្បាប់ គ្របដណ្តប់លើជាង១០០ ច្បាប់ និងបទប្បញ្ញត្តិ ដែលជាមូលដ្ឋាននៃការលុបបំបាត់គម្លាតយេនឌ័រក្នុងការអប់រំ ហើយចំនួនស្ត្រីមានលើសពី៤០% នៃបុគ្គលិកនៅក្នុងសង្គម។
នៅក្នុងវិស័យផ្តល់សិទ្ធិអំណាចដល់ស្ត្រី ចិនយកចិត្តទុកដាក់លើការលើកកម្ពស់សមភាពយេនឌ័រ ខិតខំបង្កើនសមត្ថភាពដឹកនាំរបស់ស្ត្រីក្នុងវិស័យបច្ចេកទេសឌីជីថល ការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត(AI) វិទ្យាសាស្ត្រ និងការអប់រំ ដោយបញ្ចេញសក្តានុពលរបស់ស្ត្រីជាអ្នកច្នៃប្រឌិត និងជាអ្នកជំរុញនៃការផ្លាស់ប្តូរ។ ចាប់តាំងពីកិច្ចប្រជុំលើកទី៤ របស់អង្គការសហប្រជាជាតិស្តីអំពីស្ត្រីនៅឆ្នាំ១៩៩៥មក ចិនតែងតែគោរពនៅឆន្ទៈ និងខ្លឹមសាររបស់《សេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង》និង《ផែនការសកម្មភាព》 ដោយគាំទ្រការកសាងសមត្ថភាពដៃគូផ្សេងទៀតនៅទូទាំងពិភពលោក។ ចិនបានបណ្តុះបណ្តាលទេពកោសល្យស្ត្រីជាង ២០ម៉ឺននាក់ក្នុងប្រមាណ ១៨០ ប្រទេស និងតំបន់ ហើយបានជួយលើកកម្ពស់សមត្ថភាពដឹកនាំ ជំនាញបច្ចេកទេស និងសមត្ថភាពច្នៃប្រឌិតអន្តរវិស័យរបស់ស្ត្រីនៅទូទាំងពិភពលោក។
ក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី ភាគីចិនបានបង្ហាញថា នឹងជួយអនុវត្តគម្រោង “សុខភាពមាតានិងទារក” ចំនួន ១០០ គម្រោង និងគម្រោង “សាលារៀនសប្បាយ” ចំនួន ១០០ គម្រោងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ព្រមទាំងអញ្ជើញស្ត្រីពីប្រទេសកំពុងអភិវឌ្ឍចំនួន ៣ម៉ឺននាក់មកចិនចូលរួមការបណ្តុះបណ្តាលជាដើម ដើម្បីបំពេញកម្លាំងចលករថ្មីដល់ការអភិវឌ្ឍវិស័យស្ត្រីជាសកល។
សហប្រតិបត្តិការកម្ពុជា-ចិនលើការធានាសិទ្ធិស្ត្រី
កម្ពុជា-ចិនមានកិច្ចសហប្រតិបត្តិការជាយូរយារណាស់មកហើយលើការការពារសិទ្ធិស្ត្រី ហើយកំពុងតែពង្រីក និងបន្តកាន់តែស៊ីជម្រៅ។ “គម្រោងសហប្រតិបត្តិការកម្ពុជា-ចិនលើការអប់រំកុមារី និងស្ត្រី” ត្រូវបានបើកដំណើរការនៅកម្ពុជានាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ដែលជាកាអនុវត្តជាក់ស្តែងនៃគម្រោង “តូចតែស្អាត” ក្នុងការពង្រឹងសហប្រតិបត្តិការអភិវឌ្ឍន៍អប់រំកុមារី និងស្ត្រីរវាងប្រទេសទាំងពីរ។ គម្រោងនេះមានគោលបំណងជួយឱ្យកុមារី និងស្ត្រីបន្ថែមទៀតអាចទទួលបានការអប់រំប្រកបដោយសមធម៌ បរិយាប័ន្ន និងគុណភាពកាន់តែប្រសើរ ហើយរួមគ្នាបង្កើត កសាង និងចែករំលែកអនាគតដ៏ភ្លឺស្វាងនៃការអភិវឌ្ឍអប់រំកុមារី និងស្ត្រី។
កន្លងមកនេះ ក្រុមហ៊ុនចិនបានចូលរួមយ៉ាងសកម្មក្នុងការកសាងសេដ្ឋកិច្ចកម្ពុជា ដោយផ្តល់ការងារយ៉ាងច្រើនដល់ស្ត្រីនៅកម្ពុជា ព្រមទាំងអនុវត្តគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗ ដើម្បីជួយស្ត្រីលើកកម្ពស់សមត្ថភាពក្នុងការស្វែងរកការងារ។ ក្នុងវិស័យសុខាភិបាលវិញ ចិនបានបរិច្ចាគសម្ភារ និងបរិក្ខារពេទ្យមួយចំនួនធំដល់កម្ពុជា និងបញ្ជូនក្រុមគ្រូពេទ្យមកផ្តល់សេវាថែទាំសុខភាពដល់ស្ត្រីនៅកម្ពុជា ហើយក៏បានជួយកម្ពុជាកសាងប្រព័ន្ធតាមដានសុខភាពស្ត្រី និងថែទាំសុខភាពស្ត្រី ដែលធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់ស្ត្រី។
សរុបមក ក្នុងបរិបទនៃកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី កម្ពុជា-ចិនគួរតែបន្តខិតខំប្រឹងប្រែងក្នុងការការពារសិទ្ធិស្រ្តី ពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការលើកកម្ពស់ស្ថានភាពស្រ្តី និងចូលរួមចំណែកកាន់តែច្រើនក្នុងការសម្រេចឲ្យបានសមភាពយេនឌ័រ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃសង្គមមនុស្សជាតិ៕