ការផលិតឆ្លាតវៃរបស់ចិនបំភ្លឺនូវជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន
——ពិព័រណ៍ផលិតផលកម្ពុជា-ចិនឆ្នាំ២០២៥ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់
ពិព័រណ៍ផលិតផលកម្ពុជា-ចិន ឆ្នាំ២០២៥ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មនេះ បានប្រមូលផ្តុំទាំងផលិតផល និងបច្ចេកវិទ្យាដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់បំផុតរបស់ប្រទេសទាំងពីរ។ នេះមិនត្រឹមតែបង្ហាញពីសមត្ថភាពរឹងមាំនៃការផលិតឆ្លាតវៃរបស់ចិនប៉ុណ្ណោះទេ ថែមទាំងបង្កើតជាស្ពានសម្រាប់ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងកម្ពុជា-ចិន ហើយក៏បើកទ្វារទីផ្សារអន្តរជាតិកាន់តែទូលំទូលាយផងដែរ។
ពេលវេលាដ៏ល្អនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ចិន
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ចិន បានអភិវឌ្ឍយ៉ាងឆាប់រហ័យ ហើយបានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ក្នុងឆ្នាំ២០២៤ ទំហំនាំចូល និងនាំចេញសរុបរវាងកម្ពុជា-ចិន ឡើងដល់ ៦,៦៧ពាន់លានយ៉ន់ កើនឡើង ៦១.៦% បើធៀបនឹងឆ្នាំមុន។ ចិនគឺជាដៃគូពាណិជ្ជកម្ម និងជាប្រភពនៃការវិនិយោគបរទេសដ៏ធំបំផុតរបស់កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ ក្នុងបរិបទនេះ ការតាំងពិពណ៌ឆ្នាំនេះត្រូវបានបង្កើតឡើង ដោយទាក់ទាញសហគ្រាសជាង ២០០ និងមាន ៣០០ជាងស្តង់បានដាក់តាំងបង្ហាញ ហើយមានអ្នកចូលទស្សនាប្រមាណ ៨០០០ នាក់។
ក្នុងអំឡុងពេលពិព័រណ៍នេះដែរ អង្គការអន្តរជាតិដូចជាសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា សភាពាណិជ្ជកម្មម៉ាឡេស៊ី និងសភាពាណិជ្ជកម្មអឺរ៉ុប និងអាមេរិកជាដើម បានរៀបចំជាក្រុមចូលរួមនិងជាវផលិតផលក្នុងពិព័រណ៍នេះ។ ព្រឹត្តិការណ៍នេះត្រូវបានផ្សព្វផ្សាយតាមរយៈបណ្តាញនានា រួមទាំងទូរទស្សន៍ជាតិ កាសែត និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងៗទៀត ដោយទាក់ទាញអតិថិជនជាង ៣០០០ នាក់ជារៀងរាល់ថ្ងៃ។ “វេទិកាឱកាសអាជីវកម្មអភិវឌ្ឍន៍កម្ពុជា-ចិន” និងព្រឹត្តិការណ៍ផ្គត់ផ្គង់តម្រូវការអតិថិជន ដែលប្រារព្ធឡើងក្នុងពេលតែមួយនោះ បានជំរុញបន្ថែមទៀតនូវកិច្ចសហការស៊ីជម្រៅរវាងធុរកិច្ចកម្ពុជា-ចិន។
ការផលិតឆ្លាតវៃរបស់ចិនដែលអនុវត្តនៅកម្ពុជា
ការតាំងពិព័រណ៍នេះ បានបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការផលិតឆ្លាតវៃរបស់ចិនក្នុងការសម្របខ្លួនទៅនឹងទីផ្សារ។ ចាប់ពីប៊ូឡុង និងវីស រហូតដល់គ្រឿងបន្លាស់រថយន្ត ពីបច្ចេកវិទ្យាថាមពលថ្មី រហូតដល់ឧបករណ៍ឆ្លាតវៃ ក្រុមហ៊ុនចិនបានដាក់តាំងពិព័រណ៍ដែលគ្របដណ្តប់លើផ្នែកសំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ ឧទាហរណ៍ ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ LT AIR-CONDITIONING ជួយឱ្យឧស្សាហកម្មម្ហូបអាហារកម្ពុជាមានភាពកាន់តែប្រសើរឡើង តាមរយៈការគ្រប់គ្រងសីតុណ្ហភាពថេរតាមតម្រូវការ និងមានភាពសន្សំសំចៃថាមពលដ៏ឆ្លាតវៃ។ គម្រោងកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យដែលចុះហត្ថលេខាដោយក្រុមហ៊ុន Sungrow Power Supply បានក្លាយជាករណីគំរូនៃកិច្ចសហប្រតិបត្តិការថាមពលថ្មីកម្ពុជា-ចិន។
លើសពីនេះទៅទៀត ក្រុមហ៊ុនចិនក៏បានបង្ហាញពីគុណសម្បត្តិទ្វេរដងនៃបច្ចេកវិទ្យា និងសេវាកម្ម តាមរយៈការបង្ហាញការប្រើប្រាស់ផលិតផលទាំងនេះនៅនឹងកន្លែងតាំងពិព័រណ៍ ដែលទទួលបានការគាំទ្រខ្ពស់ពីអតិថិជន។
ភាពរីកចម្រើននៃម៉ាកផលិតផលក្នុងស្រុករបស់កម្ពុជា
ពិព័រណ៍នេះមិនមែនគ្រាន់តែជាវេទិកានៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់សហគ្រាសក្នុងស្រុករបស់កម្ពុជាបង្ហាញសមត្ថភាពផងដែរ។ សហគ្រាសក្នុងស្រុករបស់កម្ពុជាបាននាំមកនូវផលិតផលពិសេសៗដូចជា ផលិតផលកសិកម្ម សិប្បកម្ម ផលិតផលវាយនភ័ណ្ឌជាដើម ដែលបានបង្ហាញពីភាពសម្បូរបែប និងសក្តានុពលនៃផលិតផលក្នុងស្រុក។ ផលិតផលទាំងនេះ មិនត្រឹមតែបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងទាក់ទាញអតិថិជនអន្តរជាតិជាច្រើនផងដែរ។
សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាបានបង្ហាញថា ការផ្សព្វផ្សាយម៉ាកផលិតផលក្នុងស្រុកតាមរយៈពិព័រណ៍នេះ មិនត្រឹមតែជំរុញឱ្យមានការកើនឡើងនៃចំណូលផ្នែកផលិតកម្មប៉ុណ្ណោះទេ ថែមទាំងជំរុញការអភិវឌ្ឍន៍ប្រព័ន្ធសេដ្ឋកិច្ចសង្គមរបស់កម្ពុជាផងដែរ។
ការរំពឹងទុកនាពេលអនាគត៖ សហការពង្រីកទីផ្សារកាន់តែធំ
ការរៀបចំពិព័រណ៍នេះប្រកបដោយជោគជ័យនាឆ្នាំនេះ គឺជាសញ្ញាបង្ហាញថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន បានឈានចូលដំណាក់កាលថ្មី។ ក្នុងបរិបទនៃសកលភាវូបនីយកម្ម និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ការផលិតឆ្លាតវៃរបស់ចិន នឹងបង្កើតឱកាសអភិវឌ្ឍន៍បន្ថែមទៀតដល់ប្រទេសទាំងពីរ និងបូករួមទាំងតំបន់អាស៊ានផងដែរ។ នាពេលអនាគត ភាគីទាំងកម្ពុជា-ចិនសង្ឃឹមថា នឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យដូចជា ថាមពលថ្មី ឧស្សាហកម្មផលិតកម្ម កសិកម្ម និងវិស័យផ្សេងៗទៀត ដើម្បីរួមគ្នាស្វែងរកទីផ្សារអន្តរជាតិកាន់តែធំ។
ជាមួយនឹងការបន្តរីកចម្រើននៃគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន នឹងកាន់តែជិតស្និទ្ធបន្ថែមទៀត។ ពិព័រណ៍នេះមិនត្រឹមតែបានបង្ហាញពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនោះទេ ថែមទាំងជាព្រឹត្តិការណ៍ដ៏សំខាន់នៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនផងដែរ។
សរុបសេចក្តីមក ពិព័រណ៍ផលិតផលកម្ពុជា-ចិនឆ្នាំ២០២៥ មានភាពច្នៃប្រឌិត និងមានប្រសិទ្ធភាព ហើយបង្កើតបានជាវេទិកាទំនាក់ទំនងប្រកបដោយផ្លែផ្ការវាងកម្ពុជា-ចិន ដែលបានបង្ហាញពីសក្តានុពល និងទំនួលខុសត្រូវនៃការផលិតឆ្លាតវៃរបស់ចិន ដើម្បីបម្រើប្រទេសកម្ពុជា និងពិភពលោកទាំងមូល៕