លោកឯកឧត្តម ហ៊ុយ វណ្ណៈ ៖ ការបោះឆ្នោតឃុំសង្កាត់ឆ្នាំនេះមានភាពចាស់ទុំច្រើន ប្រព័ន្ធបោះឆ្នោតជាតិកំពុងមានភាពប្រសើរឡើងជាបន្តបន្ទាប់

ភ្នំពេញ៖ លោកឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាថ្មីៗនេះបានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត《សារពត៏មាន ជានហ្វា》ថា ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំនេះអាចវាយតម្លៃបានថា យុទ្ធនាការឃោសនាបោះឆ្នោត មួយថ្ងៃមុនថ្ងៃបោះឆ្នោត (ថ្ងៃស) ថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត រួមទាំងអាកប្បកិរិយាបោះឆ្នោតរបស់ប្រជាជនបានបង្ហាញ ភាពចាស់ទុំនៃលទ្ធិប្រជាធិបតេយ្យកម្ពុជា។

 

លោកក៏បានលើកឡើងដែរថា ភាពចាស់ទុំដែលសំខាន់ជាងគេគឺក្រោយការបោះឆ្នោតមិនមានករណីហឹង្សាកើតឡើងក្នុងប្រទេស ដែលធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសមានទំនុកចិត្ត ហើយមិនចាំបាច់ស្តុកអាហារ ចាក់សាំងពេញឡាន​ និង ត្រៀមខ្លួនរត់នោះទេ។

 

«នេះជាអ្វីដែលប្រទេសជាតិត្រូវការនាពេលអនាគត នេះគឺជារឿងធំណាស់  ការបោះឆ្នោតមានសារៈសំខាន់ណាស់សម្រាប់ប្រទេសប្រជាធិបតេយ្យ ប៉ុន្តែប្រសិនបើយើងរៀបចំមិនបានត្រឹមត្រូវទេនោះ វានឹងជាចំណុចលំបាកវិញ។»

 

លោកបានបន្តទៀតថា ការបោះឆ្នោតនៅកម្ពុជាត្រូវតែមានភាពចាស់ទុំ និងស្ថិរភាព។​ មិនថាគណបក្សនយោបាយ ឬសង្គមសម័យណាក៏ដោយ វាមានសារៈសំខាន់ខ្លាំងណាស់ ហើយតម្លៃរបស់វាត្រូវតែពង្រីក ដើម្បីធានាថាការបោះឆ្នោតឆ្លុះបញ្ចាំងនូវភាពចាស់ទុំរបស់ប្រជាជន។ អាចនិយាយបានថា ការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងនិរន្តរភាព វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសក្នុងការកាត់បន្ថយការភ័យព្រួយរបស់ប្រជាជនបោះឆ្នោត និងរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខសាធារណៈ និងសេដ្ឋកិច្ចជាតិ។

 

លោកក៏បានលើកជាឧទាហរណ៍ថា ពាក្យឃោសនានៃយុទ្ធនាការឆ្នាំនេះ ក៏មានភាពចាស់ទុំ និងខុសពីមុនឆ្ងាយណាស់ ហើយនឹងមិនបំពានគ្នាទៅវិញទៅមក និងមិនប្រើពាក្យប្រមាថ។ ប្រសិនបើមានការស្អប់គ្នាទៅវិញទៅមក និងអំពើហិង្សាតាំងពីដើមទីមក ជម្លោះនឹងផ្ទុះឡើងក្រោយការបោះឆ្នោត ហើយនឹងមានការប្រទាក់គ្នារហួត ហើយសូម្បីតែយុទ្ធនាការបោះឆ្នោត និងថ្ងៃបោះឆ្នោតក៏អាចមានបញ្ហាហិង្សាកើតឡើងដែរ។

 

លោកឯកឧត្តម ហ៊ុយ វណ្ណៈ បាននិយាយថា សកម្មភាពបោះឆ្នោតនៅកម្ពុជា តាំងពីឆ្នាំ ១៩៩៣ ហាក់ដូចជាមិនអាចរកភាពស្ងប់ស្ងាត់ឃើញ បោះម្តងៗមានបញ្ញាជាប់គាំង ស្ទើរតែពេលខ្លះរដ្ឋាភិបាលថ្មីក៏មិនអាចបង្កើតបានដែរ។ ដូច្នេះ កម្ពុជា​ត្រូវ​បណ្តុះ​វប្បធម៌​នយោបាយ​ឲ្យ​បាន​ល្អ​ប្រសើរ ប្រសិនបើមានការខ្វែងគំនិតគ្នារវាងគណបក្សនយោបាយ ចាំបាច់ត្រូវដោះស្រាយស្របតាមច្បាប់ និងបទប្បញ្ញត្តិដែលមាន ធ្វើឱ្យមានតម្លាភាព និងជៀសវាងការមានទំនាស់។

 

លោកក៏បានលើកឡើងដែរថា អត្រាអ្នកទៅបោះឆ្នោតមានចំនួន ៨០% ដែលខ្ពស់គួរសមបើធៀបនឹងប្រទេសក្នុងតំបន់ និងប្រទេសផ្សេងៗក្នុងពិភពលោក ប៉ុន្តែថាតើមានអ្នកសង្កេតការណ៍រត្រូវចូលរួមដែរនោះ គឺជាបញ្ហាមួយទៀត ព្រោះ​ច្បាប់​មិន​តម្រូវ​ឱ្យ​ការ​បោះ​ឆ្នោត​ត្រូវមានអ្នកសង្កេតការណ៍ចូលរួមនោះទេ។ អត្រាអ្នកទៅបោះឆ្នោតខ្ពស់ឆ្លុះបញ្ចាំងថា សាធារណជនមានទំនួលខុសត្រូវចំពោះជោគវាសនារបស់ប្រទេសជាងពេលមុនៗ។

 

លោកបន្តទៀតថា ក្រោយការបោះឆ្នោត ប្រជាជនទូទៅសប្បាយចិត្តទទួលយកលទ្ធផលនេះ ហើយសូម្បីតែបក្សប្រឆាំងក៏សម្តែងការភ្ញាក់ផ្អើល និងទទួលយកលទ្ធផលនេះដែរ។ គណបក្សប្រឆាំងបានសម្តែងការមិនពេញចិត្តមួយចំនួន ប៉ុន្តែពួកគេបាននិយាយថា លទ្ធផលបោះឆ្នោតគឺជាអ្វីដែលពួកគេនឹកស្មានមិនដល់ មានន័យថាពួកគេបានទទួលយកលទ្ធផលនៃការបោះឆ្នោតទៅហើយ។ ចំណែកការថ្លែងរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ថា លទ្ធផលបោះឆ្នោតគឺល្អ គឺគ្រប់គណបក្សនយោបាយបានឈ្នះសំឡេងឆ្នោតរបស់ប្រជាជនបោះឆ្នោត ដែលបានបង្ហាញឆន្ទៈប្រជាពលរដ្ឋទាំងមូល។

 

លោកបន្ថែមថា បើនិយាយពីទស្សនៈរបស់មជ្ឈដ្ឋានអន្តរជាតិលើការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥​ គឺអត់មានអ្វីត្រូវលើកឡើងនោះទេ ព្រោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានទំនួលខុសត្រូវខ្ពស់ក្នុងការរៀបចំការបោះឆ្នោត។ លើសពីនេះ រាល់វិវាទទាំងអស់ត្រូវបានដោះស្រាយតាមច្បាប់ និងបទប្បញ្ញត្តិនានា បើទោះជាអ្នកសង្កេតការណ៍អន្តរជាតិចូលរួម រឺ មិនចូលរួមក្តី ក៏ពួកគេមិនមានការរើសអើងចំពោះការបោះឆ្នោតនេះឡើយ ដូចពាក្យថា «ការមិននិយាយគឺជាការទទួលយក»។

450

 

ផ្អែកលើស្ថានភាពល្អនៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំនេះ ការបោះឆ្នោតជាតិនៅឆ្នាំក្រោយ រំពឹងថានឹងប្រព្រឹត្តទៅដោយរលូន

 

 

ដោយឈរលើមូលដ្ឋាននៃសុទិដ្ឋិនិយមចំពោះការបោះឆ្នោតឃុំសង្កាត់ទី៥ លោកឯកឧត្តម ហ៊ុយ វណ្ណៈ ព្យាករណ៍ថាបរិយាកាសនៃការបោះឆ្នោតជាតិឆ្នាំ ២០២៣ នៅឆ្នាំក្រោយក៏នឹងប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ដោយជោគជ័យក្នុងបរិយាកាសល្អ។

 

លោក​មាន​ជំនឿ​ថា ការ​​បោះ​ឆ្នោត​មាន​ភាព​ចាស់​ទុំ​ច្រើន​មក​ដល់​សព្វ​ថ្ងៃ​នេះ។ បើថ្ងៃអនាគតបក្សប្រឆាំងមិនព្រមទទួលយកលទ្ធផលបោះឆ្នោតដោយចេតនាញុះញង់ប្រជាពលរដ្ឋឱ្យធ្វើពហិការមិនទទួលយកលទ្ធផលបោះឆ្នោត ប្រហែលគ្មានប្រសិទ្ធភាពទេ លោកជឿជាក់ថា ប្រជាពលរដ្ឋនឹងមិនផ្តល់ឱកាសឱ្យពួកគេធ្វើអ្វីៗតាមអំពើចិត្តឡើយ ។ ដូច្នេះអាច​រំពឹង​ថា​នឹង​មិនមាន​បញ្ញាធំដុំទេក្នុង​ការ​បោះឆ្នោត​សកល​នៅ​ឆ្នាំ​ក្រោយ​។

 

ទន្ទឹមនឹងនោះ លោកក៏បានលើកទឹកចិត្តដល់អង្គភាពពាក់ព័ន្ធត្រូវពង្រឹងសមត្ថភាពទទួលខុសត្រូវចំពោះសកម្មភាពបោះឆ្នោត ជាពិសេសគណបក្សនយោបាយ។

 

«​យើងត្រូវពង្រឹងប្រព័ន្ធនយោបាយ និងវប្បធម៌នយោបាយ។ ប្រព័ន្ធនយោបាយនឹងចំណាយពេលយូរ ប៉ុន្តែគួរកត់សំគាល់ថា និន្នាការនៃការបោះឆ្នោតបច្ចុប្បន្នបង្ហាញតែពីរបក្សប៉ុណ្ណោះ គឺបក្សកាន់អំណាច និងបក្សប្រឆាំងដែលមានឥទ្ធិពល ដូច្នេះ​យើងត្រូវ​ពង្រឹង​វប្បធម៌​នយោបាយ​ឱ្យ​កាន់តែ​ថ្លៃថ្នូរ និង​សីលធម៌​។»

 

​លោក​បញ្ជាក់​ថា ការធ្វើនយោបាយ​មិនមែន​ធ្វើ​ឱ្យ​បក្ស​ឈ្នះ​ទេ គឺ​ធ្វើ​ឱ្យ​ប្រជាជាតិ​ឈ្នះ​។​ បើ​បក្ស​ឈ្នះ​គឺ​ការ​ខិតខំ​របស់​គ្រប់​បក្ស ប៉ុន្តែ​ជាតិឈ្នះគឺជារឿងធំ។ ក្នុងការធ្វើ​នយោបាយ​ត្រូវ​គិតគូរ​ពី​ស្ថានភាព​ជារួម ហើយ​ប្រទេស​ជាតិគួរតែ ជាអាទិភាព។ បើ​ទោះ​បី​ជាគណបក្សកាន់អំណាច​ឈ្នះ​ក៏ត្រូវ​ការ​គណបក្ស​ផ្សេងទៀតកសាងប្រទេសរួមគ្នា រួមទាំងបក្សប្រឆាំងផងដែរ គឺប្រៀបដូចជាការដោះស្រាយវិបត្តិកូវីដ-១៩។ នេះជាបញ្ហាប្រឈមរួមគ្នាដែលទាមទារឱ្យគ្រប់ភាគីទាំងអស់រួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

 

លោក​បន្តថា ប្រសិនបើលទ្ធផលត្រូវធ្វើពហិការក្រោយការបោះឆ្នោត វាមិនត្រឹមតែប៉ះពាល់ដល់គណបក្សកាន់អំណាចប៉ុណ្ណោះទេ ថែមទាំងគណបក្សប្រឆាំង ប្រជាជនទៅ និងមិនទៅបោះឆ្នោតក៏នឹងរងទុក្ខដែរ ដោយភាពមិនច្បាស់លាស់ផ្សេងទៀត ដូចជាបញ្ហាអវិជ្ជមាននៃភាពមិនចាស់ទុំនៅក្នុងសកម្មភាពបោះឆ្នោត។

 

«បើ​តាមគំនិតខ្ញុំ អ្នកនយោបាយគួរតែមានទស្សនៈវិជ្ជាគិតគូរពីផលប្រយោជន៍ប្រទេសជាតិ និងសង្គម បើបុគ្គលនោះម្ខាងធ្វើនយោបាយ ហើយម្ខាងទៀតមានភាពហឹង្សា បុគ្គលនេះមិនមែនជាមេដឹកនាំប្រទេសទេ។»

 

លោក​ក៏​បញ្ជាក់​ដែរ​ថា បើប្រើគ្រប់​មធ្យោបាយ​ចង់​តែ​ឈ្នះ​ឆ្នោត គឺប្រជាពលរដ្ឋ​ទាំងមូល​នឹងមិន​ទទួល​យក​គណបក្សនោះឡើយ ។ គណបក្ស​នយោបាយ​ត្រូវ​កសាងអត្ថប្រយោជន៍សម្រាប់​ប្រទេស និង​ប្រជាជន ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជនបោះឆ្នោត។

 

«​យើងត្រូវទទួលស្គាល់ថា ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ពោលគឺការបោះឆ្នោតមិនបានឃើញពីភាពចាំបាច់សម្រាប់រដ្ឋាភិបាលក្នុងការប្រមូលផ្តុំកម្លាំងយោធាដើម្បីការពារការិយាល័យបោះឆ្នោតនោះទេ។ ការ​បោះ​ឆ្នោត​នេះមានតែ​សន្តិសុខ និងអ្នកសង្កេតការណ៍​ប៉ុណ្ណោះ​ក្នុង​ការ​ការពារ និង ត្រួត​ពិនិត្យ ហើយប្រជាជន​បោះ​ឆ្នោត​ក៏​មាន​ការ​សហការ​គ្នា​យ៉ាង​ខ្លាំង​ដែរ បន្ទាប់​ពី​បោះ​ឆ្នោត​ក៏រាប់​សន្លឹក​ឆ្នោតនៅ​នឹង​កន្លែង ហើយ​អ្វី​ៗ​ក៏​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី។»

 

លោកបានបន្តទៀតថា ទោះបីជាការបោះឆ្នោតឃុំសង្កាត់ឆ្នាំនេះទទួលបានលទ្ធផលល្អក៏ដោយ ប៉ុន្តែការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជានៅតែមានភាពប៉ះពាល់ដោយវិបត្តិកូវីដ-១៩ និងវិបត្តិសកលលោកផ្សេងទៀត ដូចជាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនជាដើម។ ជាសំណាងល្អ កម្ពុជាមិនមានជម្លោះរវាងគណបក្សនយោបាយក្នុងប្រទេសបន្ទាប់ពីការបោះឆ្នោត បើមិនដូច្នេះទេ ប្រសិនបើមានបញ្ហាផ្ទៃក្នុង គឺដូចជាដុតផ្ទះបាយរបស់ខ្លួនឯងចឹង ហើយភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិនឹងពិបាកក្នុងការប៉ាន់ស្មាន។ ដូចេ្នះ ការ​សម្រប​សម្រួល​គណបក្ស​នយោបាយក៏ជា​ការ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិផងដែរ៕

相关新闻