កម្ពុជា-ចិនអបអរខួប២ឆ្នាំ នៃការដំណើរការ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ»
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នេះ កម្ពុជានិងចិនបានរៀបចំកម្មវិធីអបអរខួប ២ឆ្នាំ នៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលបានធ្វើប្រតិបត្តិការ ប្រកបដោយជោគជ័យ ផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេង។
ពិធីសាទរ ដែលអមជាមួយនឹងកម្មវិធីសម្ពោធរូបសំណាក របស់ព្រះរាជគ្រូទិវាករបណ្ឌិត និង លោក ជីវ តាក្វាន់ មានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, លោក Lu Qizhi ប្រធានការិយាល័យកុងស៊ុលស្ថានទូតចិនប្រចាំនៅខេត្តសៀមរាប, លោក Liu Minglin ប្រធានក្រុមហ៊ុន Yunnan Investment Group ព្រមទាំង ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូបទៀត។
លោក Lu Qizhi បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៥ អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានសម្រួលដល់ការហោះហើរ និងចុះចត ជិត៣ម៉ឺនលើក និង ផ្ទុកអ្នកដំណើរបាន ចំនួន២លាន៧៣ម៉ឺននាក់។ ចាប់តាំងពីបើកដំណើរការ អាកាសយានដ្ឋានបានបង្កើតការងារដោយផ្ទាល់ប្រមាណ ១,០០០កន្លែង ដោយបានជំរុញយ៉ាងសំខាន់នូវការអភិវឌ្ឍ នៃឧស្សាហកម្មពាក់ព័ន្ធ ដូចជា ទេសចរណ៍ សណ្ឋាគារ និង ភស្តុភារ។ ជាមួយនឹងតំបន់សេដ្ឋកិច្ចបន្តបន្ទាប់ និង ឧស្សាហកម្មផ្សេងៗ នឹងបង្កើតឱកាសការងារ កាន់តែច្រើន សម្រាប់តំបន់។
លោកជឿជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងបន្តបង្កើតភាពរុងរឿងថ្មី និងរួមចំណែកកាន់តែច្រើន ក្នុងការកសាងរួមគ្នា នៃ “ខ្សែក្រវាត់ និងផ្លូវ” រវាងចិន និងកម្ពុជា។ លោកបន្ថែមថា ពិធីសម្ពោធរូបសំណាកទាំងពីរ នៅអាកាសយានដ្ឋាន បានបន្ថែមទិដ្ឋភាពវប្បធម៌យ៉ាងជ្រាលជ្រៅ ដល់ពិធីររម្លឹកខួប ២ឆ្នាំ និង ចាក់បញ្ចូលភាពរឹងមាំ ទៅក្នុងកិច្ចសហប្រតិបត្តិការវប្បធម៌ និង ទេសចរណ៍ ចិន-កម្ពុជា និងបន្ថែម “សាក្សីប្រវត្តិសាស្ត្រ” ដល់មិត្តភាពចិន-កម្ពុជា។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍ថា ការសម្ពោធរូបសំណាកទាំងពីរនេះ នឹងចែករំលែកចំណេះដឹង ដ៏កម្រនេះ ដើម្បីផ្សព្វផ្សាយជាសាធារណៈ នៅក្នុងអគារស្ថានីយ អ្នកចេញដំណើរ នៃអាកាសយានដ្ឋាន ដើម្បីជាមិត្តរូប នៃស្ពានសាមគ្គីសហប្រតិបត្តិការដ៏សំខាន់ សម្រាប់ការតភ្ជាប់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ឲ្យកាន់តែទូលំទូលាយ ហើយនឹងក្លាយជាជន្ទល់ដ៏រឹងមាំ សម្រាប់ទ្រទ្រង់វិស័យទេសចរណ៍ វិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ទូទាំងប្រទេស។ ឯកឧត្តមបានបញ្ជាក់ដែរថា ព្រះរាជគ្រូទិវាករបណ្ឌិតជាតួអង្គដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្រនាសម័យអង្គរ មានចំណេញវិជ្ជាខ្ពង់ខ្ពស់ ដោយបានបម្រើព្រះមហាក្សត្រ រហូតដល់ ៥ព្រះអង្គ។ រីឯ លោក ជីវ តាក្វាន់ ជាបេសកទូតចិន និងជាឥស្សរជនប្រវត្តិសាស្ត្រ ដែលបានមកទស្សនកិច្ចនៅប្រទេសកម្ពុជា នាចុងសម័យអង្គរ ហើយ លោកគឺជាជនបរទេសម្នាក់ បានឃើញប្រាសាទអង្គរវត្ត ជាលើកដំបូង និងបានចូលរួមចំណែក យ៉ាងសំខាន់ ក្នុងទំនាក់ទំនងវប្បធម៌ចិន-កម្ពុជា ក្នុងការសរសេររៀបរាប់ លម្អិតអំពីកំណត់ត្រាំ ប្រពៃណីនៃអ្នកស្រុកចេនឡា។
ឯកឧត្តម បញ្ជាក់ដែរថា ពិធីអបអរសាទរគម្រប់ខួប ២ឆ្នាំ នៃការដាក់ឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងជាឱកាសនៃខួប លើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន និងជាទំនាក់ទំនងវប្បធម៌ យ៉ាងទូលំទូលាយមួយ រវាងប្រទេសទាំងពីរ និងដើម្បីលើកកម្ពស់ បញ្ជាក់ពីប្រវត្ថិនៃការផ្លាស់ប្តូរគ្នា នូវទំនាក់ទំនងវប្បធម៌ និងការទួត ជាង២០០០ឆ្នាំ រវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ក្នុងនាមជាអាកាសយានដ្ឋានអន្តរជាតិដំបូងគេ ដែលត្រូវបានសាងសង់នៅក្រៅប្រទេស ដោយក្រុមហ៊ុនចិន ដោយប្រើគំរូ “សាងសង់ ប្រតិបត្តិការ ផ្ទេរ” អាកាសយានដ្ឋាននេះ ត្រូវបាននាំមុខការវិនិយោគ ដោយក្រុមហ៊ុន Yunnan Investment Group ជាម្ចាស់ភាគហ៊ុនគ្រប់គ្រង និង សាងសង់ដោយក្រុមហ៊ុន Yunnan Construction Investment Group ។ អាកាសយានដ្ឋាននេះ ត្រូវបានគេវាយតម្លៃថា ជា 4E និងមានសមត្ថភាពដឹកអ្នកដំណើរប្រចាំឆ្នាំ រហូតដល់ចំនួន ៧លាននាក់៕