ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបើកកិច្ចប្រជុំកិច្ចសហប្រតិបត្តិការលើកទី២៣
ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥– ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញបើកកិច្ចប្រជុំកិច្ចសហប្រតិបត្តិការលើកទី២៣ និងដឹកនាំរៀបចំ «កិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ ASEAN Cooperation on Civil Service Matters (ACCSM)» រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មុខងារសាធារណៈនៃបណ្តាប្រទេសអាស៊ាន រួមទាំងប្រតិភូនៃអគ្គលេខាធិការអាស៊ានចូលរួម ១១ប្រទេស។ កិច្ចប្រជុំនឹងប្រព្រឹត្តទៅក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» ដោយមានសមាសភាពចូលរួមជាមន្ត្រីជាន់ខ្ពស់ដែលពាក់ព័ន្ធកិច្ចការមុខងារសាធារណៈ នៃបណ្តាប្រទេសអាស៊ាន និងប្រទេសដែលជាដៃគូសន្ទនា។
ក្នុងឆ្នាំ២០០៥ ស្ថាប័នមុខងារសាធារណៈនៃប្រទេសកម្ពុជា ធ្លាប់បានធ្វើជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ACCSM លើកទី១៣ ជាលើកទី១។ នៅឆ្នាំ២០២៥ ពោលគឺក្នុងរយៈកាល ២០ឆ្នាំក្រោយមក ក្រសួងមុខងារសាធារណៈកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២ រៀបចំកិច្ចប្រជុំ ACCSM លើកទី២៣ និងកិច្ចប្រជុំ ACCSM+3 លើកទី៨៕