នាវាទេសចរណ៍ MS Westerdam ចូលចតកំពង់ផែស្វយ័តអន្តរជាតិ ក្រុងព្រះសីហនុជាថ្មីម្តងទៀត

នាវាទេសចរណ៍ MS Westerdam នៅវេលាម៉ោង ៦៖២០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិ ក្រុងព្រះសីហនុ រយៈពេល១ថ្ងៃ នាំភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ មកទស្សនាខេត្តព្រះសីហនុ។

នាពេលវេលាជាថ្មីម្តងទៀតនេះ ពោលគឺជាលើកទី២ហើយ ដែលនាវាទេសចរណ៍ MS Westerdam ដ៏ល្បីល្បាញសញ្ជាតិ Holland បាននាំភ្ញៀវចូលទស្សនាប្រទេសកម្ពុជាលើកនេះ ដោយបានផ្ទុកភ្ញៀវទេសចរចំនួន១៨៥០នាក់ ស្រី៩៩២នាក់ មាន៤៣សញ្ជាតិ ក្នុងមាននាវិកចំនួន៨០៤នាក់ ស្រី១៥៦នាក់ មាន៣៩សញ្ជាតិ ក្នុងនោះភ្ញៀវដែលមានច្រើនជាងគេ គឺមកពីសហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសកាណាដា។

- Advertise -

នាវាទេសចរណ៍នេះ និងចាកចេញពីកំពង់ផែក្រុងព្រះសីហនុ បន្តទៅប្រទេសផ្សេងទៀត នៅម៉ោង៨យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមការឲ្យដឹងពីមន្ត្រីជំនាញកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នៅព្រឹកនេះផ្ទាល់។

គួររំលឹកថា អំឡុងពេលមានជំងឺកូវីដ១៩ ក្រោយរសាត់អណ្តែតលើសមុទ្រ ដោយសារការហាមឃាត់ពីបណ្តាប្រទេសមួយចំនួនក្នុងតំបន់ (មិនឲ្យកប៉ាល់នេះចូលចត) សម្តេចតេជោ ហ៊ុន សែន ក៏បានជួយសង្គ្រោះដោយអនុញ្ញាតឲ្យកប៉ាល់ទេសចរណ៍ MS Westerdam ចូលចតនៅកំពង់ផែស្វយត័ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីជួយដោះស្រាយ និងសម្រួលការងារផ្សេងៗ ក្នុងន័យមនុស្សធម៌ដល់មនុស្សចម្រុះជាតិសាសន៍លើកប៉ាល់ទេសចរណ៍ MS Westerdam សរុបជាង២២០០នាក់។

អំឡុងពេលនោះ សម្តេចតេជោ បានថ្លែងថា ប្រទេសកម្ពុជា បានធ្វើនូវកិច្ចការទាក់ទងនឹងដំណើរ នៃការគោរពសិទ្ធិមនុស្ស គឺសិទ្ធិរស់រានមានជីវិត សិទ្ធិមិនត្រូវបានគេរើសអើង និងសិទ្ធិមនុស្ស ហើយក្រុមភ្ញៀវទេសចរ បានវិលត្រឡប់ទៅកាន់ប្រទេសវិញដោយសុវត្ថិភាព សម្រាប់អ្នកដំណើរទាំងជាង ២,២០០នាក់ នៅលើកប៉ាល់នេះ។

ព្រឹត្តិការណ៍មនុស្សធម៌ ដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើនាពេលនោះ ធ្វើឲ្យកម្ពុជាល្បីរន្ទឺពេញពិភពលោក ជាមួយនឹងពាក្យថា «កម្ពុជាតូច តែបេះដូងធំ»

你可能还喜欢