សមាជរដ្ឋសភា-ព្រឹទ្ធសភាប្រកាសគាំទ្ររាជរដ្ឋាភិបាល ក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិលើបញ្ហាព្រំដែនកម្ពុជា-ថៃ
សមាជរដ្ឋសភា-ព្រឹទ្ធសភាបានលើកដៃប្រកាសគាំទ្រចំពោះរាជរដ្ឋាភិបាលក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ក្នុងការដោះស្រាយបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលអូសបន្លាយរយៈពេលជាច្រើនឆ្នាំមកហើយ។ការប្រកាសនេះ ធ្វើឡើងក្នុងសមាជរដ្ឋសភា ព្រឹទ្ធសភនាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ដោយសមាជិករដ្ឋសភា ព្រឹទ្ធភាសចំនួន១៨២រូប បានលើកដៃគាំទ្រ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជព្រឹទ្ធសភា និងរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យអង្គសមាជធ្វើសេចក្តីថ្លែងការណ៍គាំទ្ររាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាអធិបតេយយ្យភាពនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ ) នៅទីក្រុងឡាអេ។ សម្តេចតេជោបានបញ្ជាក់ថា៖ «អ្វីដែរខ្ញុំចង់បញ្ជាក់គឺត្រូវបន្តយន្តការដោះស្រាយ មិនមែនថា យើងប្តឹងទៅ ICJ ហើយ យើងបោះបង់ចោលយន្តការចរចានោះទេ។ គណៈកម្មការព្រំដែន នៃប្រទេសទាំងពីរនៅបន្តយន្តការទាំងអស់ដោយត្រូវមានជំនួបពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយបណ្តាខេត្ត ជាមួយរដ្ឋមន្ត្រីការពារជាតិ ឬរក្សាទាំងអស់។ ប៉ុន្តែ គ្រាន់តែលើកនេះយើងត្រូវយកបញ្ហាទាំងប៉ុន្មានទៅតុលាការយុត្តិធម៌អន្តរជាតិ»។ សម្តេចតេជោបានបន្តថា ការដែលកម្ពុជាបបួលភាគីថៃក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្ដរជាតិនេះ គឺជាការគួរសមរបស់កម្ពុជា ហើយករណីនេះមិនមែនមានតែកម្ពុជា និងថៃនោះទេ ជាក់ស្តែងដូច ជាកន្លងមក មានប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ីក៏បានបបួលគ្នាដែរ។ សម្តេចតេជោក៏បានលើកឡើងផងដែរថា មានអ្នកសួរថាបើសិនថៃមិនព្រមទៅជាមួយកម្ពុជាតើយើងធ្វើយ៉ាងដូចម្តេច?សម្តេចតេជោបានឆ្លើយតបថា ទោះបីជាគេមិនទៅក៏កម្ពុជាក៏ប្តឹងដែរ ហើយការបបួលភាគី ថៃនេះគឺជាការទុកមុខឱ្យគ្នាទៅវិញទៅមក។ សម្ដេចតេជោបានបន្ថែមថា៖ «ម្យ៉ាងទៀតខ្ញុំសូមប្រាប់ទៅកាន់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពលរដ្ឋថៃថាបើយើងមិនពឹងផ្អែកភាគីទី៣ ឬប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដោះស្រាយនោះទេ ជម្លោះព្រំដែនកម្ពុជា -ថៃ នឹងបន្តរាប់សិនរយឆ្នាំទៀត»។
ជាមួយគ្នានេះ សម្តេចតេជោបានថ្លែងបញ្ជាក់ថា ការមិនចប់នេះដោយសារតែរាជរដ្ឋាភិបាលនីមួយៗ មិនអាចដកថយនូវចំណុចដែលខ្លួនប្រកាន់ឥរិយាបថបាននោះទេ។ ប្រសិនបើដកថយចេញពីចំណុចនេះ ប្រជាជននឹងបន្ទោសទាំងសងខាង។ សម្តេចតេជោបញ្ជាក់ឱ្យដឹងទៀតថា៖ «ដើម្បីឱ្យប្រជាពលរដ្ឋអស់ចិត្ត យើងត្រូវយករឿងនេះឱ្យតុលាការយុត្តិធម៌អន្តរជាតិកាត់ក្តីតែម្តង ហើយកម្ពុជាសន្យាគោរពនូវការសម្រេចចិត្តរបស់តុលាការយុត្តិធ ម៌អន្តរជាតិ។ ព្រោះបញ្ហានេះ ព្រះបរមរតកោដ្ឋនៃយើងកាលពីឆ្នាំ១៩៦២ ក៏បានធ្វើលើប្រាសាទព្រះវិហាររួចហើយ ដោយយើងសម្រេចទទួលយក ដោយស្ម័គ្រចិត្ត និងពេញចិត្ត»។ សម្តេចតេជោប្រធានព្រឹទ្ធសភាក៏បានអះអាងថា នៅក្នុងកិច្ចប្រជុំខាងមុខនេះ ភាគីកម្ពុជា នឹងស្នើសុំភាគីថៃ ដើម្បីដាក់បញ្ហានេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ ហើយយើងរង់ចាំមើលថាប្រសិនបើមានការគេចវេសណាមួយ ដោយក្រុមណាមួយ គឺច្បាស់ជាមានអាថ៌កំបាំងនៅពីក្រោយខ្នងហើយ។ សម្តេចតេជោបានលើកឡើងទៀតថា ការចរចារឿងព្រំដែននេះគឺមានរយៈពេល២៥ឆ្នាំមកហើយ ហើយសម្តេចប្រើពេលជាង២៣ឆ្នាំមកហើយដែរ ក្នុងការដោះស្រាយបញ្ហាព្រំដែនមិនទាន់ជោគជ័យនោះទេ សូម្បីតែប្រជុំគណៈកម្មការចម្រុះព្រំដែនក៏មិនអាចប្រជុំបានដែរ៕
ប្រភព៖ AKP