វិស័យកសិកម្ម រួមចំណែក ១៦,៧ភាគរយ នៃផលិតផលសរុបក្នុងស្រុកនៅឆ្នាំ២០២៤
គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មបន្តចូលរួមចំណែកប្រមាណ ១៦,៧ភាគរយ នៃផលិតផលសរុបក្នុងស្រុកហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម បន្តកើនឡើងពី ៤,៩៥ ពាន់លានដុល្លារ នៅឆ្នាំ២០១៥ ដល់ ៦,០៧ពាន់លានដុល្លារ នៅឆ្នាំ២០២០ និងឈានដល់ ៧,៨២ពាន់លានដុល្លារ នៅឆ្នាំ២០២៤។ នេះបើតាមឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត។
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា និងជាតំណាងក្រុមជំនួយការគណៈកម្មការសមាជរដ្ឋសភា និងព្រឹទ្ធសភា ទទួលបន្ទុកប្រធានបទអំពីវិស័យកសិកម្ម បានរាយការណ៍ជូនអង្គប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី ៣ ខែមិថុនាឆ្នាំ២ឥ០២៥ នៅក្នុងកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភាថា អនុវិស័យដំណាំ រួមចំណែកច្រើនជាងគេរហូតដល់ ៦១,៣ភាគរយ , ផ្នែកផលិតកម្មសត្វ ១៥,៤ភាគរយ , ផ្នែកជលផល ២០ភាគរយ និងផ្នែកព្រៃឈើ ៣,៣ភាគរយ។
ឯកឧត្តមសន្តិបណ្ឌិត បានគូសបញ្ជាក់ពីវឌ្ឍនភាពនៅក្នុងវិស័យកសិកម្ម និងសន្តិសុខស្បៀងរបស់ប្រទេសថា កម្ពុជា បានប្រែក្លាយពីប្រទេសដែលខ្វះស្បៀង និងពឹងផ្អែកលើជំនួយស្បៀងអាហារ ពីសហគមន៍អន្តរជាតិ មកជាប្រទេសដែលមានសមត្ថភាពផលិតស្បៀងគ្រប់គ្រាន់ និងនាំចេញកសិផលរាប់លានតោន។ ការណ៍នេះបានជួយគាំទ្រដល់ កំណើនសេដ្ឋកិច្ចជាតិ និងរួមចំណែកធានាសន្តិសុខស្បៀងក្នុងតំបន់ និងពិភពលោក ផងដែរ។
បើតាមឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត លទ្ធផលទាំងនេះសម្រេចបានដោយសាររដ្ឋាភិបាលនីតិកាល មុនៗ និងនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ ស្របនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមគ្រប់កាលៈទេសៈ។ក្នុងបរិបទកម្ពុជាខ្វះខាតស្បៀង រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ និងយុទ្ធសាស្រ្តជំរុញផលិតកម្ម និងបង្កើនទិន្នផលដែលបានប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៨៧ ស្តីពីការផ្ទេរការអនុវត្តផ្ទាល់បែបបើកទូលាយ មកកាន់ការអភិវឌ្ឍបែបស៊ីជម្រៅ តាមរយៈការដោះស្រាយទឹក ការបង្កើនការរដូវដាំដុះពីរទៅបីដងក្នុង១ឆ្នាំ ការធ្វើប្រពលវប្បកម្មលើផ្ទៃដីដែលមានស្រាប់ ព្រមទាំងការស្រាវជ្រាវ ការប្រើប្រាស់បច្ចេកវិទ្យា និងពូជថ្មីៗ។
លើសពីនេះ រដ្ឋក៏បានការធ្វើទំនើបកម្មគ្រឿងយន្តកសិកម្ម, ការដាក់ចេញគោល-នយោបាយអនុគ្រោះពន្ធដល់វិស័យកសិកម្ម និងការបង្កើនផ្ទៃដីផលិតកម្ម រហូតដល់វិស័យកសិកម្មកម្ពុជា មានភាពធន់ចំពោះការប្រែប្រួលអាកាសធាតុ និងវិបត្តិខាងក្រៅ និងមាន លទ្ធភាពទ្រទ្រង់សន្តិសុខស្បៀងពេញលេញ មិនថាក្នុងស្ថានភាពនៃការរាតត្បាត នៃជំងឺ កូវីដ-១៩ គ្រោះធម្មជាតិ ឬភាពតានតឹងនៃភូមិសាស្រ្តនយោបាយក្នុងតំបន់ និងពិភពលោក នោះទេ៕