សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជារៃអង្គាសថវិកាដើម្បីគាំទ្រកងទ័ពជួរមុខ
សមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជានាថ្ងៃទី២២ ខែមិថុនា ម៉ោង១១ព្រឹក នៅទីស្នាក់ការកងយោធពលខេមរភូមិន្ទ បាននាំយកថវិកាដែលរៃអង្គាបានពីសហគមន៍ចិននៅកម្ពុជា សហព័ន្ធពាណិជ្ជកម្ម ក្រុមហ៊ុន និងសប្បុរសជនទាំងឡាយ ជូនដល់មេបញ្ជាការកងទ័ពជើងគោក ដើម្បីបង្ហាញនូវការគាំទ្រដ៏ម៉ត់មាំដល់រាជរដ្ឋាភិបាលកម្ពុជា និងកងយោធពលខេមរភូមិន្ទ ដើម្បីទប់ស្កាត់ការឈ្លានពាន។
សកម្មភាពរៃអង្គាសលើកនេះ ប្រមូលបានសរុបចំនួន ៨២៣០០ ដុល្លារអាមេរិក។ ដោយមានការចង្អុលបង្ហាញពីអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ថវិកាដែលរៃអង្គាបាន ក្នុងនោះថវិកាចំនួន ២៩៦០១ ដុល្លារត្រូវបានប្រើប្រាស់សម្រាប់ទិញថ្នាំ និងវត្ថុធាតុដើមវេជ្ជសាស្ត្រ។ ចំនួនដែលនៅសល់ ៥២៦៩៩ នោះ ត្រូវបានផ្តល់ជាសាច់ប្រាក់។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ តំណាងឱ្យមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រធានសមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជា លោកអ្នកឧកញ៉ា ពុង ឃាវសែ ព្រមទាំងសហគមន៍ចិននៅកម្ពុជាទាំងអស់ ដែលយកចិត្តទុកដាក់ដល់កងទ័ពជួរមុខ។
លោកបានបញ្ជាក់ថា កងទ័ពអាចការពារសន្តិភាព និងស្ថេរភាពជាតិបាន គឺមិនអាចខ្វះបានពីការគាំទ្រពីប្រជាពលរដ្ឋឡើយ ជាពិសេសក៏មានការចូលរួមយ៉ាងសកម្មពីសហគមន៍ចិននៅកម្ពុជាផងដែរ ដែលបានឆ្លុះបញ្ចាំងនូវចំណងមិត្តភាព “ពលរដ្ឋនិងកងទ័ពដូចជាសាច់ឈាមតែមួយ”។
អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជា លោកឧកញ៉ា ជា សឿន បានថ្លែងក្នុងឱកាសនោះថា សមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជាទាំងមូលតែងតែយកចិត្តទុកដាក់លើសន្តិសុខជាតិ និងស្ម័គ្រចិត្តចូលរួមជាមួយកងយោធពលខេមរភូមិន្ទនៅក្នុងគ្រាលំបាកជានិច្ច។
លោកឧកញ៉ាបានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់ ជាពិសេសសហគមន៍ចិននៅកម្ពុជា គឺជាឆ្អឹងខ្នងដ៏រឹងមាំបំផុតសម្រាប់កងកម្លាំងជួរមុខ។ ការរៃអង្គាសថវិកានេះ និងប្តេជ្ញាចូលរួម ការពារទឹកដី របស់យើងទាំងអស់គ្នា៕