សមាគមត្រកូលតាំងនៅកម្ពុជាបានប្រារព្ធពិធីសម្ពោធអគារទីស្នាក់ការកណ្តាល និងអបអរគម្រប់ខួបលើកទី ២៥ឆ្នាំ

ភ្នំពេញ៖ ពិធីសម្ពោធអគារទីស្នាក់ការកណ្តាល រួមជាមួយនឹងពិធីគម្រប់ខួបលើកទី ២៥ឆ្នាំនៃ​ សមាគមត្រកូលតាំងនៅកម្ពុជា បានប្រព្រឹត្តទៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ ពិធីនេះមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសសំខាន់ៗជាច្រើន រួមមាន​ ប្រធានប្តូវេនសមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជា លោកឧកញ៉ា ជា សៀង ប្រធានក្រុមប្រឹក្សាត្រួតពិនិត្យ នៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា លោកឧកញ្ញាតេង ឡាយ អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជា លោកឧកញ៉ា ជាសឿន ព្រមទាំងសមាជិកត្រកូលតាំងដែលមកពីទូទាំងពិភពលោក និងភ្ញៀវកិត្តិយសជាច្រើនផ្សេងទៀត។

- Advertise -

លោក តាំង ស្រ៊ីអ៊ុយ ប្រធានគណៈកម្មាធិការសាងសង់នៃសមាគមត្រកូល តាំងនៅកម្ពុជា បានឱ្យដឹងថា អគារទីស្នាក់ការកណ្តាលនេះមានផ្ទៃដីសរុប ៤២០០ម៉ែត្រក្រឡា និងមាន ៥ជាន់។ ជាន់ទី១ គឺជាកន្លែងចតរថយន្ត និងបន្ទប់គេងសម្រាប់បុគ្គលិក។ ជាន់ទី២ ដល់ ជាន់ទី៤ គឺជាជាន់មុខងារសម្រាប់ប្រជុំ និងការិយាល័យ។ ជាន់ទី៥ គឺជាសាលគោរពវិញ្ញាណក្ខន្ធដូនតា ដើម្បីរក្សាទំនាក់ទំនងត្រកូលអោយបានគង់វង្ស។

ប្រធានសមាគមត្រកូលតាំងនៅកម្ពុជា លោកឧកញ៉ា​ កែវ សាន បានថ្លែងថា៖ «អស់រយៈពេល ២៥ឆ្នាំកន្លងមក សមាគមតែងតែប្រកាន់ខ្ជាប់នូវគោលបំណង “ពង្រឹងភាពសុខដុមរមនាក្នុងត្រកូលគ្រួសារ និងបម្រើសហគមន៍ជនជាតិចិននៅក្រៅប្រទេស” ដោយទទួលបានលទ្ធផលជាផ្លែផ្កា។ អគារទីស្នាក់ការកណ្តាលនេះ គឺជាផលជោគជ័យរួមនៃសមាគមត្រកូលតាំង។ នាពេលអនាគត សមាគមនឹងប្រើប្រាស់អគារនេះជាវេទិកា ដើម្បីពង្រីកសកម្មភាពសមាគមបន្ថែមទៀត ធ្វើឱ្យកាន់តែស៊ីជម្រៅនូវមិត្តភាពត្រកូលគ្រួសារ បណ្តុះបណ្តាលកម្លាំងវ័យក្មេង និងបម្រើសហគមន៍ឱ្យបានកាន់តែប្រសើរ ហើយនឹងខិតខំជំរុញការទំនាក់ទំនងកម្ពុជា និងចិនកាន់តែខ្លាំង ដោយបន្តរួមចំណែកដល់មិត្តភាព និងការអភិវឌ្ឍសង្គមរបស់ប្រទេសទាំងពីរ។»

ប្រធានប្តូវេនសមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជា លោកឧកញ៉ា ជា សៀង ដែលតំណាងឱ្យលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធាន​សមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា និង​សមាគម បានថ្លែងអបអរសាទរយ៉ាងកក់ក្តៅចំពោះការសម្ពោធអគារទីស្នាក់ការកណ្តាលរបស់សមាគមត្រកូលតាំងនៅកម្ពុជា ព្រមទាំងខួបលើកទី ២៥នៃការបង្កើតសមាគមនេះ។

 

នៅទីបញ្ចប់នៃកម្មពិធី គណៈដឹកនាំសមាគមត្រកូលតាំងនៅកម្ពុជា តំណាងភ្ញៀវកិត្តិយស និងសមាជិកត្រកូលតាំងដែលមកពីតំបន់ផ្សេងៗ បានជួបជុំគ្នានៅខាងមុខអគារទីស្នាក់ការកណ្តាល ដើម្បីថតរូបជាក្រុមធំទុកជា​អនុស្សាវរីយ៍​ ដើម្បីជាសក្ខីភាពបង្ហាញនូវសេចក្ដីថ្លៃថ្នូរ និងពេលវេលាដ៏មានលក្ខណៈប្រវត្តិសាស្ត្រនេះ។

នៅល្ងាចថ្ងៃដដែរ ពិធីអបអរគម្រប់ខួបលើកទី ២៥ឆ្នាំ នៃសមាគមត្រកូលតាំងនៅកម្ពុជាត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ៕

你可能还喜欢