ក្រសួងឧស្សាហកម្មផ្សព្វផ្សាយក្របខ័ណ្ឌវាយតម្លៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញកំណើន
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.)”។
សិក្ខាសាលានេះមានគោលបំណងបញ្ជ្រាបការយល់ដឹងក្នុងចំណោមភាគីពាក់ព័ន្ធ រួមទាំងក្រសួង-ស្ថាប័នរដ្ឋ គ្រឹះស្ថានអប់រំ និងវិស័យឯកជន អំពីក្របខ័ណ្ឌវាយតម្លៃថ្មីមួយ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនការសម្រេចអាទិភាពយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។
ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តមបណ្ឌិត ទ្រី សុផល អគ្គនាយក នៃអគ្គនាយកដ្ឋាន វ.ប.ន. បានលើក ឡើងថា៖ “លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានផ្តួចផ្តើមឡើង ដើម្បីជាឯកសារយោងសម្រាប់ស្ថាប័នសាធារណៈ និងឯកជន ក្នុងការបង្កើតគោលការណ៍ណែនាំផ្ទាល់ខ្លួនសម្រាប់ការវាយតម្លៃលក្ខណៈសម្បត្តិផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងដើម្បីពង្រឹងខ្លួនឱ្យក្លាយខ្លួនជាស្ថាប័ន វ.ប.ន កម្រិតខ្ពស់ ឬល្អប្រសើរ ដោយលើកកម្ពស់ការសម្រេចចិត្ត ការអនុវត្តប្រកបដោយស្ថិរភាព និងជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ ដូចជារដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងឧស្សាហកម្ម។”
អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ថា ការបង្កើតក្របខ័ណ្ឌវាយតម្លៃនេះឆ្លើយ តបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យក «បច្ចេកវិទ្យា» ជាអាទិភាពគន្លឹះ។
ឯកឧត្តមបានលើកឡើងថា៖ “ក្របខ័ណ្ឌវាយតម្លៃ វ.ប.ន. ប្រកបដោយប្រសិទ្ធភាពមួយ នឹងក្លាយជាកម្លាំងចលករដ៏មានសក្តានុពល សម្រាប់គាំទ្រដល់ការរៀបចំផែនការអភិវឌ្ឍន៍ជាតិ។”
ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្ថែមថា៖ “ក្របខ័ណ្ឌនេះនឹងផ្តល់នូវទស្សនាទានសំខាន់ៗដែលផ្អែកលើភស្តុតាងច្បាស់លាស់ សម្រាប់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ប្រើប្រាស់ជាត្រីវិស័យក្នុងការសម្រេចចិត្ត សំដៅលើកកម្ពស់កិត្យានុភាពជាតិ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវចំណាក់ថ្នាក់របស់កម្ពុជា ក្នុងសន្ទស្សន៍នវានុវត្តន៍សកល (Global Innovation Index)។”
ក្របខ័ណ្ឌវាយតម្លៃនេះត្រូវបានរំពឹងថានឹងក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់វាស់វែង និងវាយតម្លៃការអនុវត្ត គម្រោង គោលនយោបាយ និងគំនិតផ្តួចផ្តើមនានាពាក់ព័ន្ធនឹងវិស័យ វ.ប.ន. ដើម្បីលើកកម្ពស់ការប្រើប្រាស់ ធនធានប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ក្របខ័ណ្ឌនេះនឹងជួយដល់ក្រសួង-ស្ថាប័ន ក្នុងការកំណត់ ចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនសម្រាប់ការកែលម្អ និងពង្រឹងសមត្ថភាពបន្ថែម សំដៅប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចដែលពឹងផ្អែកលើចំណេះដឹង និងសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
សិក្ខាសាលាបានប្រមូលផ្តុំអ្នកចូលរួមប្រមាណ ១០០ នាក់ មកពីក្រសួង-ស្ថាប័នរដ្ឋ សាកលវិទ្យាល័យ សមាគម និងក្រុមហ៊ុនធុរកិច្ចក្នុងស្រុក និងអន្តរជាតិ ដើម្បីពិភាក្សា ចែករំលែកបទពិសោធ និងកំណត់ឧបសគ្គ នានាក្នុងការអនុវត្តក្របខ័ណ្ឌវាយតម្លៃនេះ ព្រមទាំងពង្រឹងភាពជាដៃគូ ដើម្បីចែករំលែកឧត្តមានុវត្តន៍សម្រាប់ការវាយតម្លៃ វ.ប.ន. នាពេលអនាគតផងដែរ៕
ប្រភពពី៖ ក្រសួងព័ត៍មាន