សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យជប៉ុនជួយជំរុញឱ្យភាគីជម្លោះ ក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ស្នើឱ្យជប៉ុនជួយជំរុញឱ្យភាគីជម្លោះ ក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ  ធ្វើយ៉ាងណាដោះស្រាយបញ្ហាដោយសន្តិវិធី ហើយឈរលើគោលការណ៍នៃនិយាមច្បាប់អន្តរជាតិ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

 

- Advertise -

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះមេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន ហើយបានចាត់ទុកដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃការជំរុញទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន ឱ្យកាន់តែល្អប្រសើរ ព្រមទាំងជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងវិស័យកាពារជាតិរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ ក៏បានសម្ដែងនូវក្ដីរីករាយចំពោះនាវាជប៉ុន ដែលកន្លងមកបានចូលចតនៅកំពង់ផែរាមដោយជោគជ័យកាលពីខែមេសា ដែលនេះគឺជាផ្លែផ្កាមួយនៃការពង្រីកទំនាក់ទំនងក្នុងក្របខ័ណ្ឌកងទ័ព រវាងកម្ពុជា និងជប៉ុន។ សម្ដេចតេជោ ក៏បានអបអរសាទរចំពោះដំណើរទស្សនកិច្ចរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន នាពេលកន្លងទៅថ្មីៗនេះ បានទទួលផ្លែផ្កាជោគជ័យ និងអបអរសាទរចំពោះ លោកមេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន ដែលបានទទួលនូវគ្រឿងឥស្សរិយយស ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពេលដែលលោកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយជាពិសេសគឺឆ្លើយតបនឹងបេសកកម្មរបស់លោកដែលបានចូលរួមចំណែក ក្នុងការជួយពង្រឹង និងពង្រីក នូវវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

 

ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន បានសម្ដែងនូវក្ដីអរគុណចំពោះ សម្ដេចតេជោប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលា និងអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម និងស្ដាប់យោបល់របស់សម្ដេច ហើយលោកមេបញ្ជាការតំណាងឱ្យកងទ័ពជប៉ុន ក៏បានចូលរួមរំលែកមរណៈទុក្ខចំពោះការស្លាប់របស់យុទ្ធជនកម្ពុជា លោក សួន រោន កាលពីពេលថ្មីៗនេះ ជុំវិញបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលកំពុងកើតមាននេះ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះមេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន ដែលបានចូលរួមរំលែកមរណៈទុក្ខចំពោះយុទ្ធជនកម្ពុជា ដែលត្រូវបានទាហ៊ានថៃបាញ់សម្លាប់កាលពីពេលថ្មីៗនេះ។ សម្ដេចតេជោ ក៏បានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ដោយសម្ដេចបានបង្ហាញនូវក្ដីពេញចិត្តចំពោះភាពជាដៃគូយុទ្ធសាស្ត្រ រវាងកម្ពុជា និងជប៉ុន ដែលបានកើតឡើងនាពេលបច្ចុប្បន្ន មានភាពរីកចម្រើន ជាពិសេសនៅក្នុងវិស័យការពារជាតិ។ សម្ដេចតេជោ ក៏បានសង្កេតឃើញនូវភាពរីកចម្រើននៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរ រវាងប្រទេសទាំងពីរ ដោយមានការកើនឡើងជាបន្តបន្ទាប់ ដែលជាផ្នែកមួយនៃការជំរុញនូវទំហំពាណិជ្ជកម្ម ក៏ដូចជាការរុញច្រាននូវទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយផងដែរ។

 

ពាក់ព័ន្ធនឹងបញ្ហាព្រំដែន រវាងកម្ពុជា និងថៃ សម្ដេចតេជោប្រធានព្រឹទ្ធសភាបានពន្យល់ប្រាប់លោកមេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន អំពីរឿងរ៉ាវនៃការកើតឡើងពីបញ្ហាព្រំដែន ជាពិសេសគឺការលបឆ្មក់បាញ់សម្លាប់ទាហ៊ានខ្មែរពីខាងភាគីថៃ ការសម្រេចចិត្តជាឯកតោភាគីរបស់ថៃបិទព្រំដែន និងសកម្មភាពដែលថៃបានរំលោភមកលើបូរណភាពទឹកដីកម្ពុជានាពេលកន្លងមក ដែលជាផ្នែកមួយដែលកម្ពុជាត្រូវតែមានវិធានការ ក្នុងការទប់ស្កាត់ឆ្លើយតបត្រឡប់ទៅវិញ។ សម្ដេចតេជោក៏បានបញ្ជាក់នៅចំពោះមុខមេបញ្ជាការ កងស្វ័យការពារជើងគោកថា ជំហរកម្ពុជា គឺដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការនៃការចចាទ្វេភាគី និងការដោះស្រាយតាមផ្លូវច្បាប់អន្តរជាតិ ពោគឺតុលាការ ICJ។ សម្ដេចតេជោលើកឡើងថា អ្វីដែលកម្ពុជាចង់បាន គឺព្រំដែនមួយដែលមានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមគ្នា ដោយសម្ដេចមិនចង់ឃើញមានការផ្ទុះអាវុធ ឬសង្គ្រាមជាមួយគ្នានោះឡើយ។
សម្ដេចតេជោក៏បានស្នើចង់ឱ្យជប៉ុនជួយជំរុញឱ្យភាគីជម្លោះ ធ្វើយ៉ាងណាដោះស្រាយបញ្ហាដោយសន្តិវិធី ហើយឈរលើគោលការណ៍នៃនិយាមច្បាប់អន្តរជាតិ។

ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន បានគូសបញ្ជាក់ថា អ្វីដែលជប៉ុន ចង់បានគឺការដោះស្រាយដោយសន្តិវិធី នៅក្នុងបញ្ហាព្រំដែន៕

你可能还喜欢