សម្ដេចតេជោ ហ៊ុន សែន ណែនាំក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ជំរុញប្រជាពលរដ្ឋដាំដុះផលិតផលកសិកម្ម ប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព

ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥​ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យ ជំរុញប្រជាពលរដ្ឋដាំដុះផលិតផលកសិកម្មប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព លើកទឹកចិត្តឱ្យមានការផលិតនៅក្នុងខេត្ត ផ្គត់ផ្គង់ក្នុងខេត្ត ហើយកងទ័ព នគរបាល ពលរដ្ឋចូលរួមសហការគ្នា ជំរុញពលរដ្ឋឱ្យមានការដាំដុះ ដើម្បីផ្គត់ផ្គង់កម្លាំងប្រដាប់អាវុធនៅនឹងកន្លែង។ ការលើកឡើងរបស់សម្ដេចតេជោបែបនេះ បន្ទាប់ពីបានអញ្ជើញជួបប្រជុំជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យចំនួន ២៤៨នាក់ នាព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៥។

 

បន្ទាប់ពីរបាយការណ៍របស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យរួចមក សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ស្រុក-ក្រុង-ខេត្ត ដែលបានចូលរួមក្នុងការបោះឆ្នោតកាលពីពេលកន្លងទៅ។ សម្តេចតេជោបានលើកឡើងថា សមាជិកក្រុមប្រឹក្សាទាំងអស់កើតចេញពីអង្គបោះឆ្នោតគឺជាប្រជាពលរដ្ឋ ដែលសម្តេចបានណែនាំឱ្យក្រុមប្រឹក្សា ត្រូវធ្វើការជាមួយប្រជាជន ទើបប្រជាជនបន្តបោះឆ្នោតឱ្យទៀត។ សម្តេចតេជោណែនាំថា ត្រូវចាំថាមន្ត្រីជាខ្ញុំបម្រើរបស់ប្រជាជន ដូច្ចេះសម្តេចចង់ឱ្យសមាជិកក្រុមប្រឹក្សាមានភាពជិតស្និទ្ធជាមួយអង្គបោះឆ្នោត គឺប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋឱ្យបានល្អ។

សម្តេចតេជោ ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលខំប្រឹងដើម្បីប្រជាពលរដ្ឋនាពេលកន្លងមក ហើយឆ្លៀតក្នុងឱកាសនោះសម្តេចក៏បានបញ្ជាក់ជូនបន្ថែមទៅដល់ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ អំពីបញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃថា ស្ថានភាពនយោបាយរបស់ប្រទេសជិតខាងគឺថៃ បានរុញច្រានទៅមានវិវាទជាមួយកម្ពុជា ទោះយ៉ាងណាក៏ដោយក្នុងកាលៈទេសៈនេះ សម្តេចមើលឃើញថា វិបត្តិបានក្លាយទៅជាកាលានុវត្តភាព។ សម្ដេចតេជោបានបញ្ជាក់ថា ប្រទេសយើងកំពុងជួបប្រទះបញ្ហាវិវាទជាមួយថៃ បើមិនមានការផ្លាស់ប្តូរមេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ ហើយមិនដូចកន្លងទៅកាលពីឆ្នាំ២០១១នោះទេ។

សម្តេចតេជោប្រធានព្រឹទ្ធសភាក៏បានណែនាំប្រជាពលរដ្ឋ ជីកលេណដ្ឋានដើម្បីការពារខ្លួន ហើយកុំភ្លេចការបង្កបង្កើនផលទោះសភាពការណ៍កើតនៅទល់ដែនក៏ដោយ ខណៈដែលពេលនេះរដូវវស្សាបានមកដល់ហើយ។ បន្ថែមពីនេះទាក់ទងការរក្សាសន្តិសុខសុវត្ថិភាពសង្គម សម្តេចតេជោ លើកឡើងទៀតថា គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ត្រូវអនុវត្តន៍បន្ត ព្រោះមានសារសំខាន់ខ្លាំងណាស់ ហើយអ្នកដឹកនាំមានប្រសិទ្ធភាព គឺលោក-លោកស្រីឃុំ សង្កាត់នេះហើយ ដែលត្រូវចូលរួមគ្រប់គ្រងសន្តិសុខសង្គម បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ត្រូវប្តូរផ្តាច់ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាកង្វល់រួម និងកង្វល់ដោយឡែកសម្រាប់គ្រួសារនីមួយៗ។ ចំពោះការបិទព្រំដែនដែនតាមទំនើងចិត្តរបស់ថៃ សម្តេចតេជោ លើកឡើងបញ្ជាក់ថា ថៃបិទដោយខ្លួនឯង ហើយពេលខូចផ្លែឈើ មកសុំចរចា បិទខ្លួនឯងតែពេលចង់បើកឡើងវិញ តែបែរមកសុំចរចា។ ប្រទេសថៃបច្ចុប្បន្នប្រៀបដូចការបិទខ្ទប់ខ្លួនឯងអស់ហើយ ទាំងព្រំដែនជាមួយភូមា ឡាវ ម៉ាឡេស៊ីជាដើមក៏មានបញ្ហាជាមួយគ្នាដែរ។

 

សម្តេចតេជោបានបន្ថែមថា សម្រាប់កម្ពុជា ចង់ឱ្យព្រំដែនជាមួយប្រទេសជិតខាង ជាព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

你可能还喜欢