ថ្នាក់ដឹកនាំសមាគមចិនខ្មែរនៅកម្ពុជាបានអញ្ជើញអមដំណើរប្រតិភូក្រុងពូណិងទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោ
ភ្នំពេញ៖ អភិបាលទីក្រុងពូណិង ខេត្តក្វាងទុង ប្រទេសចិន លោក លីន ឈៀនវិន បានដឹកនាំប្រតិភូទស្សនកិច្ចសិក្សានៅអាកាសយានដ្ឋានអន្តរជាតិតេជោនាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ដោយអមដំណើរពីថ្នាក់ដឹកនាំសមាគមចិនខ្មែរនៅកម្ពុជា ដែលរួមមាន ប្រធានប្តូវេនសមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជា លោកឧកញ៉ា ជា សៀង អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជា លោកឧកញ៉ា ជាសឿន អ្នកឧកញ៉ា ហាន់ ឃាង ព្រមទាំងតំណាងយុវជនជាច្រើនរូបទៀត។
គោលបំណងនៃទស្សនកិច្ចសិក្សានេះគឺដើម្បីពង្រឹងការទំនាក់ទំនង លើកកម្ពស់កិច្ចសហប្រតិបត្តិការលើគម្រោងហោះហើរ និងជំរុញពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌។
លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានទទួលប្រតិភូក្រុងពូណិងដោយផ្ទាល់ ដោយលោកឧកញ៉ាបានអមដំណើរជាមួយប្រតិភូទស្សនាសិក្សានៅស្ថានីយអ្នកដំណើរ ប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាព ទីលានចំណតយន្តហោះ។ល។ និងបានផ្តល់ការពន្យល់លម្អិតដល់ប្រតិភូផងដែរ។
ក្នុងអំឡុងពេលទស្សនកិច្ច អភិបាលក្រុង លោក លីន ឈៀនវិន បានកោតសរសើរយ៉ាងខ្លាំងនិងបរិក្ខារទំនើបៗនៃអាកាសយានដ្ឋានអន្តរជាតិតេជោ។ លោកបានបញ្ជាក់ថា ទីក្រុងពូណិងនឹងខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការហោះហើរជាមួយកម្ពុជា ជាពិសេសជាមួយនឹងរាជធានីភ្នំពេញ ដើម្បីខិតខំបើកផ្លូវហោះហើរកាន់តែងាយស្រួលនាពេលអនាគត ទាក់ទាញភ្ញៀវទេសចរចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន រួមចំណែកដល់កំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំង២ ធ្វើឱ្យការផ្លាស់ប្តូរវប្បធម៌កាន់តែស៊ីជម្រៅ និងសម្រេចបានផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាអាកាសយានដ្ឋានធំជាងគេនៅកម្ពុជា លំដាប់ 4F នឹងបើកឱ្យប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ បើកឱ្យដំណើរការជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលកំពុងតែមមាញឹកប្រតិបត្តិការទទួលអ្នកអ្នកដំណើរចេញ-ចូលនឹងត្រូវបិទទ្វារ។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F អាចធ្វើឱ្យយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។ ជាមួយគ្នានេះ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឱ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ីផងដែរ៕