សម្ដេចតេជោ ហ៊ុន សែន៖ អ្នកណាក៏ដោយ បើមិនចង់បាត់សញ្ជាតិខ្មែរ កុំធ្វើអ្វីដែលទាក់ទងនឹងអំពីក្បត់ជាតិ
ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា អ្នកណាក៏ដោយ បើមិនចង់បាត់សញ្ជាតិខ្មែរ កុំធ្វើអ្វើដែលទាក់ទងនិងអំពីក្បត់ជាតិ បំផ្លាញជាតិខ្លួនឯងឃុបឃិតជាមួយបរទេស។
ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិនិត្យឱ្យយោបល់លើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៦០រូប នោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសរបស់យើងតាំងពីដើមមក បើទោះបីជាមានសភាពការណ៍អ្វីក៏ដោយ យើងមិនដែលដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ន ឬក៏ច្បាប់អាជ្ញាសឹក ឬក៏ប្រកាសកំណែនទូទៅ គឺអត់ទេយើងមិនធ្វើ។ សម្ដេចតេជោបញ្ជាក់ថា សូម្បីតែពេលជំងឺកូវីដរាត្បាត ក៏យើងមិនដែលបានប្រកាសដាក់ប្រទេសជាតិក្នងគ្រាមានអាសន្ននោះដែរ ក្នុងពេលដែលប្រទេសនានានៅលើពិភពលោក ដាក់ប្រទេសក្នុងគ្រាមានអាសន្ន តែយើងអត់ធ្វើទេ។ សម្ដេចតេជោបន្តថា សេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អ្វីដែលយើងកំពុងធ្វើនេះ វាបានមកដល់ ។ សម្ដេចតេជោគិតថា បើគ្មានសភាពការណ៍ព្រំដែន រវាងកម្ពុជា និងថៃ យើងក៏ពុំមានការចាំបាច់ដើម្បីធ្វើច្បាប់នេះទេ ហើយគោលដៅនៅទីនេះបានចែងច្បាស់ណាស់ គ្មានពលរដ្ឋណាមួយដែលត្រូងដកសិទ្ធិនោះទេ ប្រសិនបើអ្នកទាំងនោះមិនបានធ្វើអ្វីមួយដែលប្រឆាំង និងក្បត់ផលប្រយោជន៍ជាតិខ្លួនឯង។ ដូច្នេះមិនចាំបាច់ភ័យទេអ្នកដែលមិនក្បត់ជាតិនោះ។
សម្ដេចតេជោប្រធានព្រឹទ្ធសភាលើកឡើងថា៖ «អ្វីទៅនិយមន័យនៃការក្បត់ជាតិ មិនមែនជាសិទ្ធិបញ្ចេញមតិ ជំទាស់ ធ្វើជាបក្សប្រឆាំង គឺស្មើនឹងទោសក្បត់ជាតិ គឺវាមានអត់ទេ។ ប៉ុន្តែទង្វើទាំងឡាយដែលឃុបឃិតជាមួយបរទេសបំផ្លាញជាតិរបស់ខ្លួន ទើបជាគោលដៅ»។
សម្ដេចតេជោបានគូសបញ្ជាក់ផងដែរថា ក្រៅពីនោះយើងត្រូវឃើញពីវិសាលភាព យើងធ្វើសញ្ជាតូបនីកម្ម ហើយឥឡូវនេះរាប់សិបសញ្ជាតិបរទេសដែលបានចូលសញ្ជាតិខ្មែរ។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា៖ «យើងមានសិទ្ធិត្រឹមតែបញ្ចូលទេ ប៉ុន្តែអត់មានសិទ្ធិដកសញ្ជាតិគេទេ។ ជនជាតិបរទេសមួយចំនួនបានចូលសញ្ជាតិយើង ប៉ុន្តែគេបានទៅបម្រើបរទេសប្រឆាំងជាមួយយើង តែយើងគ្មានសិទ្ធិធ្វើទណ្ឌកម្មចំពោះគេតាមរយៈការដកសញ្ជាតិឯណា»។ សម្ដេចតេជោបានលើកជាឧទាហរណ៍ថា ជនជាតិថៃដែលចូលសញ្ជាតិកម្ពុជា គេត្រឡប់ទៅស្រុកវិញ គេផ្ដល់លុយកាក់ឱ្យទាហានថៃវាយប្រហារចំពោះយើង តើយើងដកសញ្ជាតិ ឬមិនដក។ ជូនកាលជនបរទេសណាមួយមកនៅស្រុកខ្មែរ ចូលសញ្ជាតិខ្មែរ ប៉ុន្តែគេយកព័ត៌មានពីយើងផ្ដល់ទៅឱ្យបរទេស។
សម្ដេចតេជោគូសបញ្ជាក់ទៀតថា ដរាបណាព្រំដែនកម្ពុជា-ថៃ មិនទាន់ត្រូវបានដោះស្រាយ បោះបង្គោលព្រំដែន រឿនេះងាយណាស់ក្នុងការប៉ះទង្គិចរវាងកម្ពុជា-ថៃ ជាពិសេសចំណុច៤កន្លែង ដែលយើងដាក់ទៅតុលការអន្តរជាតិ ICJ។ ឥឡូវយើងពិនិត្យមើលអ្នកណាឃុបឃិតជាមួយថៃនៅពេលនេះ អ្នកនោះហើយនឹងទទួលផល។ «យើងនិយាយត្រង់ៗពីនេះទៅឱ្យហើយ អ្នកណាក៏ដោយ បើមិនចង់បាត់សញ្ជាតិខ្មែរ កុំធ្វើអ្វើដែលទាក់ទងនឹងអំពីក្បត់ជាតិ បំផ្លាញជាតិខ្លួនឯងឃុបឃិតជាមួយបរទេស។ ចំណុចនេះ គឺយើងត្រូវដើរឱ្យដល់នៅគោលដៅមួយ គឺត្រូវពង្រឹងជាតិសាសន៍របស់យើងឱ្យស្មោះត្រង់ជាមួយជាតិរបស់យើង តាមរយៈការដាស់តឿនជាប្រចាំ តម្កល់ផលប្រយោជន៍ជាតិជាធំ»។ នេះគឺជាការលើកឡើងបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។
គួរបញ្ជាក់ដែរថា សេចក្ដីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ឧត្តមគតិជាតិ បន្សុទ្ធមនសិការស្មារតីស្នេហាជាតិ និងរក្សាគោលជំហរស្មោះត្រង់ឥតងាករេរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់ ជាពិសេសការតម្កល់ ផលប្រយោជន៍ជាតិជាធំ ស្របតាមមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ចែងថា«ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់។ ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋ ខ្មែរឡើយ។ ទន្ទឹមនឹងនេះ សេចក្តីស្នើច្បាប់ធម្មនុញ្ញនេះ ក៏ជាឧបករណ៍គតិយុត្តដ៏សំខាន់ ដើម្បីធានានិង ការពារសន្តិភាព ស្ថិរភាព អធិបតេយ្យជាតិ ទប់ស្កាត់ ប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមក ក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតជាមួយ បរទេស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងឧត្តមប្រយោជន៍ជាតិ។ ការធ្វើវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះ បានបង្ហាញឱ្យឃើញអំពីភាពរឹងមាំនៃ ក្របខ័ណ្ឌច្បាប់ក្នុងការពង្រឹងកិច្ចការពារជាតិ ស្របតាមស្តង់ដារ និងនិយាមអន្តរជាតិ។
សេចក្តីស្នើច្បាប់នេះ រៀបចំឡើងមាន ២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន១២៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧៕