«ផ្លូវសូត្រឌីជីថល»រួមចំណែកថ្មីសម្រាប់បរិវត្តកម្មឌីជីថលរបស់ពិភពលោក

ស្របនឹងការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»ប្រកបដោយគុណភាពខ្ពស់រវាងប្រទេសចិននិងប្រទេសចូលរួមគំនិតផ្តួចផ្តើមមួយនេះបាននិងកំពុងដំណើរការយ៉ាងរលូននិងប្រកបដោយផ្លែផ្កាជាហូរហែ «ផ្លូវសូត្រឌីជីថល»ដែលជារូបមន្តសហប្រតិបត្តិការថ្មីបានដើរតួនាទីសំខាន់ឡើងៗសម្រាប់ជំរុញការតភ្ជាប់គ្នានៃសកលលោកក្នុងយុគសម័យឌីជីថល ។

តើ«ផ្លូវសូត្រឌីជីថល»ជាអ្វី ? លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានឱ្យនិយមន័យថា ៖ ជំរុញការអភិវឌ្ឍតាមរយៈនវានុវត្តន៍ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឈានមុខដូចជាសេដ្ឋកិច្ចឌីជីថល , អ៊ីនធឺណិត , ទិន្នន័យធំ , បញ្ញាសិប្បនិម្មិត , បច្ចេកវិទ្យាណាណូ (Nano​ technology) និងបច្ចេកវិទ្យាកុំព្យូទ័រកង់ទិច (quantum computer) ជាដើម ដើម្បីតភ្ជាប់ជា«ផ្លូវសូត្រឌីជីថល»ក្នុងសតវត្សរ៍ទី ២១ ។

ការនាំចេញបច្ចេកវិទ្យាទូរគមនាគមន៍ជាវិធានការដ៏សំខាន់មួយដែលប្រទេសចិនជំរុញការអភិវឌ្ឍនៃ«ផ្លូវសូត្រឌីជីថល» ។ ការកសាងបច្ចេកវិទ្យាប្រព័ន្ធ 5G បានក្លាយជា«នាមប័ណ្ណ»មួយរបស់ចិនក្នុងការនាំចេញបច្ចេកវិទ្យាទូរគមនាគមន៍ ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យទូរគមនាគមន៍របស់ប្រទេសជាច្រើន ជាពិសេសប្រទេសអាស៊ានដែលជាអ្នកជិតខាងរបស់ចិន ដែលប្រទេសមួយចំនួនបាននិងកំពុងចរចាជាមួយក្រុមហ៊ុនចិនដើម្បីកសាងប្រព័ន្ធ 5G ឯប្រទេសមួយចំនួនទៀតបាននិងកំពុងដំណើរការគម្រោងកសាងប្រព័ន្ធ 5G ដែលបានជំរុញការលើកកម្ពស់កម្រិតបច្ចេកវិទ្យាទូរគមនាគមន៍របស់ប្រទេសពាក់ព័ន្ធ ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ចអេឡិចត្រូនិកអន្តរជាតិ ។

ក្រៅពីប្រព័ន្ធ 5G ប្រទេសចិនក៏បានចូលរួមគម្រោងបាញ់បង្ហោះផ្កាយរណបទូរគមនាគមន៍របស់ប្រទេសជាច្រើនផងដែរ ដូចជាប៉ាគីស្ថាន , ឡាវ , អេមីរ៉ាតអារ៉ាប់រួម , ប្រស៊ីល , នីហ្សេរីយ៉ាជាដើម ដែលបានជួយប្រទេសទាំងនេះឱ្យពង្រឹងសមត្ថភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលតាមរយៈប្រព័ន្ធទូរគមនាគមន៍ដែលកាន់តែលឿននិងកាន់តែមានអត្រាគ្របដណ្តប់ខ្ពស់ ។

តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃ«សន្និបាតអ៊ីនធឺណិតពិភពលោក» ប្រទេសចិនបានបង្កើតជាវេទិកាថ្មីៗសម្រាប់បណ្តាប្រទេសនានាចូលរួមពិគ្រោះពិភាក្សារកដំណោះស្រាយផ្នែកសន្តិសុខសាយប័រ និងជំរុញកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ចអេឡិចត្រូនិក ។ គិតមកទល់បច្ចុប្បន្ន ប្រទេសចិនមានដៃគូ«ផ្លូវសូត្រធុរកិច្ចអេឡិចត្រូនិក»ចំនួន ៣៥ ប្រទេស ។ ប្រទេសចិនបានចែករំលែកបទពិសោធផ្នែកធុរកិច្ចអេឡិចត្រូនិក ជាពិសេសការលក់ទំនិញតាមអនឡាញជាមួយប្រទេសជាដៃគូដោយអញ្ជើញពាណិជ្ជករនៃប្រទេសពាក់ព័ន្ធឱ្យចូលរួមការបណ្តុះបណ្តាលផ្ទាល់នៅក្នុងប្រទេសចិន ។

តាមស្ថិតិក្នុងឆ្នាំ ២០២៤ ការលក់រាយតាមអនឡាញរបស់ប្រទេសចិនមានទំហំជាង ២ ទ្រីលានដុល្លាអាមេរិក ដែលជាទីផ្សារលក់រាយតាមអនឡាញធំបំផុតលើពិភពលោករយៈពេល ១២ ឆ្នាំជាប់ៗគ្នា ។ ផ្អែកលើកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ចអេឡិចត្រូនិក ប្រទេសចិនបាននាំចូលទំនិញពីបរទេសច្រើនឡើងៗ ដែលមិនត្រឹមតែបំពេញតម្រូវការចម្រុះនៃការប្រើប្រាស់ក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏បានចែករំលែកផលលាភនៃទីផ្សារនៃការប្រើប្រាស់របស់ចិនជាមួយពិភពលោកផងដែរ ។

ដោយឡែក បញ្ញាសិប្បនិម្មិតឬប្រព័ន្ធ AI ដែលមានភាពលេចធ្លោខ្លាំងក្នុងយុគសម័យឌីជីថល បានក្លាយជាតួអង្គសំខាន់នៃការធ្វើបរិវត្តកម្មឌីជីថលរបស់ចិននិងពិភពលោក ។ តាមរបាយការណ៍របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោកប្រចាំឆ្នាំ ២០២៤ ឱ្យដឹងថា ប្រទេសចិនបានក្លាយជាប្រទេសដែលផ្តល់ប្រកាសនីយបត្រតក្កកម្មផ្នែកបញ្ញាសិប្បនិមិ្មតធំជាងគេលើពិភពលោក ដែលត្រូវជាចំនួន ៦០% នៃពិភពលោក ។ ក្រោមអនុសាសន៍ណែនាំរបស់លោក ស៊ី ជីនភីង ស្តីពីការពង្រឹងអភិបាលកិច្ចនិងកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកប្រព័ន្ធ AI ដើម្បីធានាឱ្យប្រព័ន្ធ AI អភិវឌ្ឍតាមផ្លូវត្រឹមត្រូវនិងផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិទាំងមូល ប្រទេសចិនបានធ្វើកិច្ចសហប្រតិបត្តិការប្រព័ន្ធ AI អន្តរជាតិដោយផ្តោតសំខាន់លើវិស័យអប់រំ សុខាភិបាល និងការថែទាំមនុស្សវ័យចំណាស់ជាដើម ដែលសុទ្ធសឹងជាគម្រោងទាក់ទងផ្ទាល់ជាមួយនឹងជីវភាពរស់នៅរបស់ប្រជាជន ។

ផ្តើមចេញពីផ្លូវសូត្របុរាណដែលផ្អែកលើសត្វអូដ្ឋជាមធ្យោបាយដឹកជញ្ជូនសម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិតាមផ្លូវគោក ដល់ការដឹកជញ្ជូនតាមយន្តហោះនិងរថភ្លើងដែលធ្វើឱ្យពាណិជ្ជកម្មអន្តរជាតិកាន់តែមានភាពងាយស្រួលនិងរលូន រហូតដល់ការបង្កើតឡើងនូវ«ផ្លូវសូត្រឌីជីថល»ដែលតភ្ជាប់គ្នាតាមច្រកឌីជីថល គំនិតផ្តួចផ្តើមនិងការអនុវត្តជាក់ស្តែងរបស់ប្រទេសចិនបានរួមចំណែកមិនអាចខ្វះបានសម្រាប់ការតភ្ជាប់គ្នានៃពិភពលោក ពិសេសនឹងជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយក្នុងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីដើរទាន់ជំហាននៃការវិវឌ្ឍនៃយុគសម័យដែលមិនត្រូវបាន«បោះបង់»ដោយសារគម្លាតខាងបច្ចេកវិទ្យាឌីជីថល ៕

 

 

你可能还喜欢