សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាឯកភាពតាមសំណើ របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ ឱ្យមានការឈប់បាញ់ប្រហារគ្នា

ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥–សម្តេចមហានវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ប្រាប់ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រួចហើយ ថា កម្ពុជាឯកភាពជាមួយសំណើរបស់ឯកឧត្តម ឱ្យមានការឈប់បាញ់ ព្រោះកម្ពុជាមិនបានចាប់ផ្តើមការវាយប្រយុទ្ធនេះទេ។

ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ បន្ទាប់ពីសម្តេចសង្កេតឃើញថា មានការចុះផ្សាយ នូវព័ត៌មានមិនច្បាស់លាស់ នៅតាមបណ្ដាសារព័ត៌មាន អន្តរជាតិមួយចំនួន​ ពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជា សម្រាប់ការឈប់បាញ់ ដែលស្នើឡើងដោយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ។

តាមរយៈសំណេរ លើបណ្ដាញសង្គម នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី មានការចាំបាច់ត្រូវធ្វើការបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី ២៤ កក្កដា ២០២៥ ម្សិលមិញនេះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានស្នើសុំជួបពិភាក្សាជាមួយសម្តេចតាមទូរស័ព្ទ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតាមបណ្ដោយព្រំដែន។

 

ក្នុងនោះ សម្តេចធិបតី អះអាងថា ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបង្ហាញនូវកង្វល់ ពាក់ព័ន្ធ នឹងការប្រយុទ្ធគ្នានេះ ក៏ដូចជាឆន្ទៈចង់ ឱ្យមានការឈប់បាញ់គ្នាភ្លាម ដើម្បីបើកច្រកសម្រាប់ការស្វែងរក ដំណោះស្រាយ រវាងភាគីទាំងពីរ។

សម្តេចធិបតី បានបញ្ជាក់ថា «ខ្ញុំបានបញ្ជាក់ច្បាស់ជាមួយឯកឧត្តម Anwar Ibrahim ថាកម្ពុជាឯកភាពជាមួយ សំណើរបស់ឯកឧត្តម ឱ្យមានការឈប់បាញ់ ព្រោះកម្ពុជាមិនបានចាប់ផ្តើមការ វាយប្រយុទ្ធនេះទេ ។ ជាចម្លើយបឋមដែលខ្ញុំបានទទួលពី ឯកឧត្តម Anwar Ibrahim ក្រោយពីឯកឧត្តមបានពិភាក្សា ជាមួយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់ឯកឧត្តម Anwar Ibrahim ស្តីពីការឈប់បាញ់ ដោយកំណត់យកម៉ោង ១២យប់ ថ្ងៃទី២៤ កក្កដា ២០២៥ ជាពេលដែលកងទ័ពទាំងសងខាងឈប់បាញ់គ្នា។ ប៉ុន្តែជាការសោកស្តាយ ដោយជាងមួយម៉ោងក្រោយនោះ ភាគីថៃបានជូនដំណឹងវិញថា ភាគីថៃបានប្តូរជំហរ​ ពីឯកភាពឈប់បាញ់ម៉ោង ១២យប់ ថ្ងៃទី ២៤ កក្កដា ២០២៥ ទៅជាមិនឯកភាព ហើយរង់ចាំសិន។ ឯកឧត្តម Anwar Ibrahim បានដឹងករណីនេះច្បាស់»។

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់បន្ថែមថា ហេតុដូច្នេះ អ្វីដែលជាគន្លឹះសម្រាប់ការស្វែងរកការបញ្ចប់ជម្លោះ ប្រដាប់អាវុធរវាងថៃនិងកម្ពុជា​ នៅពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃ ក្នុងការទទួលយកនូវការឈប់បាញ់ ដែលជាជំហានដំបូង នៃការស្វែងរកដំណោះស្រាយបន្ត ទៅមុខទៀតរវាងភាគីទាំងពីរ៕

你可能还喜欢