ចិន និងកម្ពុជាបង្កើតកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រួមគ្នាកសាងខ្សែការពារប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សង្គម និងសន្តិសុខទ្រព្យសម្បត្តិប្រជាពលរដ្ឋ។ កម្ពុជា និងចិន ដែលជាប្រទេសជិតខាងមានទំនាក់ទំនងមិត្តភាពល្អ តែងតែរក្សាកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់យ៉ាងជិតស្និទ្ធ ដើម្បីធ្វើការជាមួយគ្នាបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។
រដ្ឋបាលរាជធានីភ្នំពេញបានឆ្មក់ចូលទីតាំងមួយក្នុងទីក្រុងដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ ហើយបានចាប់ខ្លួនភ្លាមៗមនុស្សជាង ២០០ នាក់ដែលពាក់ព័ន្ធក្នុងបទល្មើសនោះ ដែលបានបង្ហាញយ៉ាងច្បាស់ពីឆន្ទៈ និងកម្លាំងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ថ្ងៃបន្ទាប់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានដឹកនាំកិច្ចប្រជុំដើម្បីសិក្សា និងរៀបចំផែនការវិធានការប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយប្តេជ្ញាថានឹងលុបបំបាត់ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលលាក់ខ្លួននៅទូទាំងប្រទេសអោយអស់ និងព្រមានថាមន្ត្រីដែលមិនធ្វើការនឹងត្រូវដកហូតតួនាទី។ វិធានការសំខាន់ៗទាំងនេះបានផ្តល់កម្លាំងថាមពលដ៏ខ្លាំងក្លាដល់កិច្ចសហការរវាងប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ក្នុងដំណើរកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជា-ចិន ភាគីទាំងពីរបានសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ និងអនុវត្តកិច្ចសហការជាច្រើនកម្រិត ច្រើនវិស័យក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កងកម្លាំងប៉ូលិសចិន និងកម្ពុជាបានធ្វើប្រតិបត្តិការរួមគ្នា បំផ្លាញទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងភ្នាល់តាមអ៊ីនធឺណិតជាច្រើននៅខេត្តព្រះសីហនុនៅខែមេសា ឆ្នាំ ២០២៤ ហើយបានចាប់ខ្លួនជនសង្ស័យដែលជាជនជាតិចិនជាង ៧០០ នាក់។ កងកម្លាំងប៉ូលិសទាំងពីរបានធ្វើប្រតិបត្តិការរួមគ្នាម្តងទៀត ដោយធ្វើការដឹកជញ្ជូនជនសង្ស័យ ៦៧០ នាក់វិញទៅប្រទេសចិននៅខែមេសា ឆ្នាំ ២០២៥ ហើយបានចាប់ខ្លួនជនសង្ស័យជាង ២០០ នាក់ដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះដោយជោគជ័យ ដែលបានទប់ស្កាត់នៅភាពក្រអឺតក្រទមរបស់ឧក្រិដ្ឋជននាថ្ងៃទី ១៤ ខែកក្កដា ។
កងកម្លាំងប៉ូលិសរបស់ប្រទេសចិន និងកម្ពុជា បានបង្កើតយន្តការចែករំលែកព័ត៌មានយ៉ាងជិតស្និទ្ធ និងប្រព័ន្ធសហការស៊ើបអង្កេតសំណុំរឿង ដែលភាគីទាំងពីរបានជូនដំណឹងគន្លឹះសំខាន់ៗ និងព័ត៌មានពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានទាន់ពេលវេលា ហើយក៏បានជួយគ្នាទៅវិញទៅមកក្នុងការស៊ើបអង្កេត ប្រមូលភស្តុតាង និងចាប់ខ្លួនជនសង្ស័យ។ លើសពីនេះទៅទៀត ភាគីទាំងពីរក៏បានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈដំណើរទស្សនកិច្ចជាន់ខ្ពស់ និងកិច្ចប្រជុំ និងការពិគ្រោះយោបល់គ្នាទៅវិញទៅមក។ ឧទាហរណ៍ នៅឆ្នាំ ២០១៩ ភាគីទាំងពីរបានចាប់ផ្តើមយុទ្ធនាការ “ឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តន៍ច្បាប់រវាងកម្ពុជា និងចិន” ដើម្បីធ្វើការជាមួយគ្នាប្រឆាំងនឹងបទល្មើសដូចជា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ល្បែងភ្នាល់តាមអ៊ីនធឺណិត ជាដើម។
ដើម្បីពង្រឹងសមត្ថភាពជំនាញក្នុងការប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចិនបានធ្វើការបណ្តុះបណ្តាលដល់មន្រ្តីអនុវត្តច្បាប់ជាច្រើនសម្រាប់ប្រទេសកម្ពុជា ហើយភាគីទាំងពីរក៏បានធ្វើសកម្មភាពផ្លាស់ប្តូរបទពិសោធន៍យ៉ាងសកម្មផងដែរ។ ចំណែកឯរដ្ឋាភិបាលកម្ពុជាបានអនុវត្តវិធានការដ៏មាំមួនមួយចំនួនដើម្បីប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដូចជាការបង្កើត “គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ដែលដឹកនាំដោយផ្ទាល់ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការនេះប្រើប្រាស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងភ្នាក់ងារអនុវត្តច្បាប់ទាំងអស់ ដើម្បីសម្អាតបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយប្រើកណ្តាប់ដៃដែក។ ក្នុងពេលជាមួយគ្នានេះ កម្ពុជាបានរៀបចំផែនការសកម្មភាពលម្អិត ពង្រឹងការវាយប្រហារលើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងភ្នាក់ងារអនុវត្តច្បាប់ បង្កើនប្រសិទ្ធភាពការស៊ើបអង្កេត និងការវាយប្រហារ ហើយតាមរយៈការពង្រឹងការផ្សព្វផ្សាយអប់រំ បង្កើនការយល់ដឹង និងសមត្ថភាពការពារខ្លួនរបស់ប្រជាពលរដ្ឋ។
កិច្ចសហការរវាងកម្ពុជា និងចិនក្នុងការប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទទួលបានផ្លែផ្កាជាច្រើន ដែលបង្ហាញយ៉ាងច្បាស់ពីឆន្ទៈដ៏រឹងមាំរបស់រដ្ឋាភិបាលប្រទេសទាំងពីរក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ថែរក្សាស្ថេរភាពសង្គម និងផលប្រយោជន៍ប្រជាពលរដ្ឋ។ នៅថ្ងៃអនាគត ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ រក្សាទំនាក់ទំនងក្នុងការប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ធ្វើឱ្យប្រសើរឡើងយន្តការកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការឆបោកជាបន្តបន្ទាប់ បង្កើនភាពត្រឹមត្រូវ និងប្រសិទ្ធភាពក្នុងការប្រឆាំងបទល្មើស រួមគ្នាកសាងបរិយាកាសតំបន់ដែលមានសុវត្ថិភាព មានស្ថេរភាព និងរីកចម្រើនបន្ថែមទៀត ដើម្បីការពារសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ និងស្ថិរភាពសង្គមយូរអង្វែង៕