អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ ទាំងមន្រ្តី អ្នកសារព័ត៌មានថៃ តែងប្រឌិត និងបង្កើតព័ត៌មានក្លែងក្លាយដើម្បីចោទកម្ពុជា និងបិទបាំងរាល់អំពើអាក្រក់របស់ខ្លួន

 ថ្ងៃទី  ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា នាពេលនេះទាំងមន្រ្តីជាច្រើនរបស់ថៃ ទាំងមន្រ្តីស៊ីវិល មន្រ្តីយោធា រួមទាំងអ្នកសារព័ត៌មានថៃ តែងប្រឌិតព័ត៌មានក្លែងក្លាយកុហកជាច្រើន ក្នុងចេតនាមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំកម្ពុជាក្នុងចេតនាបញ្ឆេះកំហឹងពលរដ្ឋខ្មែរឱ្យខឹងចំពោះថ្នាក់ដឹកនាំ ដើម្បីបំបែកបំបាក់មហាសាមគ្គីភាពជាតិដ៏រឹងមាំរបស់កម្ពុជា។ ការថ្លែងរបស់ឯកឧត្ត្ដមអ្នកនាំពាក្យបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍ថា ក្រៅពីការបង្កើតព័ត៌មានក្លែងក្លាយហើយ អ្វីដែលហួសចិត្តមួយទៀតនោះ គឺនៅពេលដែលពួកគេបង្កើតព័ត៌មានក្លែងក្លាយ តែមន្រ្តីម្នាក់ៗរបស់ប្រទេសមួយនេះបែរជានិយាយថា កម្ពុជាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយទៅវិញ ដែលការណ៍នេះធ្វើឡើងដើម្បីគ្រាន់តែបិទបាំងនូវអ្វីដែលពួកគេបានប្រព្រឹត្តអាក្រក់ប៉ុណ្ណោះ។ ឯកឧត្តមអ្នកនាំពាក្យបានថ្លែងបញ្ជាក់ថា៖ «ការនិយាយភូតកុហកទាំងនេះមិនសមទំនងទាល់តែសោះពោលគឺការភូតកុហក និងមួលបង្កាច់ ចំពោះរឿងដែលគ្រប់គ្នាបានដឹងអស់ទៅហើយ ។ដូចនេះវាប្រហែលអាចធ្វើឱ្យប្រជាជនថៃមួយចំនួនតូចជឿ តែប្រជាពលរដ្ឋខ្មែរ សាធារណៈមតិអន្តរជាតិជាទូទៅ មិនជឿទាល់តែសោះ។ ពេលនេះអ្វីៗទាំងអស់បានបើកចំហរនៅចំពោះមុខក្រសែភ្នែកមហាជន និងសហគមន៍អន្តរជាតិយ៉ាងទូលំទូលាយទៅហើយ។»

ជាមួយគ្នានេះ ឯកឧត្ដមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក៏សូមបញ្ជាក់ជូនភាគីថៃវិញថា ពេលនេះគឹជាពេលវេលាដែលភាគីទាំងពីរត្រូវបោះជំហ៊ានបង្ហាញការប្តេជ្ញាចិត្ត ដ៏ស្មោះត្រង់ និងមានសុឆន្ទៈក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព និងរក្សាសុខសន្តិភាព ភាពសុខសាន្តរវាងប្រជាពលរដ្ឋប្រទេសទាំងពីរគឺកម្ពុជា-ថៃ៕

你可能还喜欢