រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអន្តររដ្ឋមន្រ្តីស្តីពី យន្តការហិរញ្ញវត្ថុសម្រាប់បណ្តាញថាមពលអាស៊ាន តាមប្រព័ន្ធវីដេអូ
នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តររដ្ឋមន្រ្តីស្តីពី យន្តការហិរញ្ញវត្ថុសម្រាប់បណ្តាញថាមពលអាស៊ាន តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំមានការចូលរួមពីរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) រដ្ឋមន្ត្រីថាមពលអាស៊ាន (AMEM) ព្រមទាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន (AFMGM)។ កិច្ចប្រជុំនេះមានគោលបំណងពង្រឹងការសម្របសម្រួលឆ្លងវិស័យ ដែលគាំទ្រដល់គម្រោងផ្តល់ហិរញ្ញប្បទានបណ្តាញថាមពលអាស៊ាន ព្រមទាំងជួយសម្រួលដល់ការសន្ទនាជាយុទ្ធសាស្រ្តក្នុងចំណោមថ្នាក់រដ្ឋមន្រ្តីតាមវិស័យរបស់អាស៊ានលើការជំរុញការតភ្ជាប់ថាមពលក្នុងតំបន់។