រដ្ឋមន្ត្រីការបរទេសចិន ចូលរួមសម្របសម្រួលមាគ៌ាសន្តិភាពសម្រាប់កម្ពុជានិងថៃ
ឯកឧត្តម Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស និងជារដ្ឋមន្ត្រីការបរទេសចិន មានកិច្ចជំនួបមួយជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ អំឡុងពេលចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការឡានឆាង-មេគង្គ លើកទី១០ នៅទីក្រុងអាននីង។
ភាគីទាំងបីបានសម្រេចអនុវត្តកុងសុងស៊ីសដូចខាងក្រោម៖
១. កម្ពុជា និងថៃនឹងខិតខំពង្រឹងទំនាក់ទំនងនិងការផ្លាស់ប្តូរ ស្ដារការប្រាស្រ័យទាក់ទងគ្នាឡើងវិញឱ្យបានឆាប់ និងកសាងបង្កើនការជឿទុកចិត្តគ្នាឡើងវិញទៅវិញទៅមក។
២. ភាគីចិនគាំទ្រកម្ពុជា និងថៃក្នុងការអនុវត្តយ៉ាងយកចិត្តទុកដាក់នូវកុងសុងស៊ីសដែលសម្រេចបាននៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកម្ពុជា-ថៃនាពេលថ្មីៗនេះ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ស្តារសន្តិភាព និងភាពស្ងប់ស្ងាត់នៅតំបន់ព្រំដែនឱ្យបានឆាប់រហ័ស និងសម្រេចបានបទឈប់បាញ់ប្រកបដោយនិរន្តរភាព។
៣. ភាគីចិនគាំទ្រអាស៊ានក្នុងការបន្តដើរតួនាទីយ៉ាងសកម្ម ការពារសាមគ្គីរួមរបស់អាស៊ាន។
៤. សង្ឃឹមថាកម្ពុជា និងថៃនឹងបន្តបង្កលក្ខណៈ និងខិតខំស្តារស្ថានភាពឱ្យមានប្រក្រតីឡើងវិញនៅតំបន់ព្រំដែនឱ្យបានឆាប់ ដើម្បីឆ្លើយតបក្តីរំពឹងទុករបស់ប្រជាពលរដ្ឋដែលរស់នៅសងខាងព្រំដែន។
៥. ភាគីចិនរីករាយបន្តដើរតួនាទីស្ថាបនាស្របតាមតម្រូវការរបស់កម្ពុជា និងថៃ រួមទាំងការគាំទ្រ និងផ្តល់ជំនួយសម្រាប់ការបោសសម្អាតមីននៅតំបន់ដែលបានព្រមព្រៀងគ្នាតាមព្រំដែនកម្ពុជា-ថៃជាដើម៕