កម្ពុជា ត្រូវបានទទួលស្គាល់មុនគេថា «ជាប្រទេសប្រយុទ្ធប្រឆាំងនឹងមីន» នៅលើពិភពលោក

ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃអាជ្ញាធរមីន បានឲ្យដឹងថា កម្ពុជា គឺជាប្រទេសនាំមុខគេដែលត្រូវបានទទួលស្គាល់ថា «ជាប្រទេសដែលបានប្រយុទ្ធប្រឆាំងនឹងមីន» និងទាត់ចោលទាំងស្រុងចំពោះការលើកឡើងរបស់ភាគីថៃ ថា «កម្ពុជា ដាក់មីនថ្មី»។

ក្នុងសន្និសីទសារព័ត៌មានស្តីពី «ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃមកលើកម្ពុជាអំពីការដាក់មីនថ្មី និងជំហរកម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)» នៅថ្ងៃទី១៨ ខែសីហា ឯកឧត្តម លី ធុជបានថ្លែងថា កម្ពុជាទាត់ចោលទាំងស្រុងនូវការលើកឡើងរបស់ភាគីថៃដែលចោទប្រកាន់កម្ពុជាថា បានប្រើ ប្រាស់មីនថ្មីនៅតាមបន្ទាត់ព្រំដែន ។

ឯកឧត្តមទេសរដ្ឋមន្ដ្រីបន្ថែមថា តំបន់ដែលទាហានថៃរងគ្រោះដោយសារដើរជាន់មីន គឺជាតំបន់ដែលកម្ពុជាបានចាត់ទុកជាតំបន់អតីតសមរភូមិពីជំនាន់សង្រ្គាមស៊ីវិលផ្ទៃក្នុងរបស់កម្ពុជា ដោយកាលនោះបណ្តាក្រុមប្រដាប់អាវុធឈរជើងនៅតំបន់នោះ បានដាក់មីនយ៉ាងច្រើន។

ឯកឧត្តមបន្តថា កម្ពុជាមិនត្រូវការមីនថ្មី ដើម្បីយកមកសម្លាប់ប្រជាពលរដ្ឋ បង្កការលំបាកដល់ប្រជាជននោះទេ ព្រោះកម្ពុជាមានមីនគ្រប់គ្រាន់ហើយនៅលើទឹកដីរបស់ខ្លួន ។ ឯកឧត្តមសង្កត់ធ្ងន់ថា មីនគឺជាសត្រូវរបស់កម្ពុជា និងប្រជាជនខ្មែរ ដែលគ្រប់គ្នាស្អប់ខ្ពើមជាទីបំផុត ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៣៣ឆ្នាំមកនេះ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សជាង១លាន២សែនគ្រាប់ , មីនប្រឆាំងរថក្រោះជិត៣ម៉ឺនគ្រាប់ និងសំណល់ជាតិផ្ទុះពីសម័យសង្គ្រាម ជាង៣លាន២សែនគ្រាប់ ៕

你可能还喜欢