ចិន និងអាស៊ានរុករកផ្លូវថ្មីដើម្បីការអភិវឌ្ឍសមុទ្រពណ៌ខៀវ ភាពវៃឆ្លាតឌីជីថលបង្កើនប្រសិទ្ធភាពដល់ប្រព័ន្ធឧស្សាហកម្មដែនសមុទ្រទំនើប
នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ លោក ស៊ុន ស៊ូស៊ាន អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិចិន និងជានាយករដ្ឋបាលថ្នាក់ជាតិសមុទ្រចិន បានថ្លែងនៅទីក្រុងណាននីងថា ចិននឹងចូលរួមជាមួយអាស៊ាន ក្នុងការរុករកផ្លូវថ្មីនៃការអភិវឌ្ឍសមុទ្រពណ៌ខៀវ ដោយបណ្ដុះបណ្ដាលឧស្សាហកម្មដែលកំពុងរីកចម្រើនដូចជា ជីវវិទ្យាសមុទ្រ ព័ត៌មានអេឡិចត្រូនិក ថាមពលថ្មី ការយកសារធាតុអំបិលចេញពីទឹកសមុទ្រ និងការផលិតឧបករណ៍ជាដើម ដើម្បីកសាងប្រព័ន្ធឧស្សាហកម្មសមុទ្រទំនើបដែលបង្កើនប្រសិទ្ធភាពដោយភាពវៃឆ្លាតឌីជីថល(Digital Intelligence)។
នៅថ្ងៃដដែលនោះ វេទិកាឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចពណ៌ខៀវអាស៊ាន បានប្រារព្ធពិធីបើកនៅទីក្រុងណាននីង។ លោក ស៊ុន ស៊ូស៊ាន បានមានប្រសាសន៍នៅក្នុងវេទិកានោះថា ជាយូរណាស់មកហើយ ចិនប្រកាន់ខ្ជាប់នូវគោលការណ៍នៃការពិគ្រោះយោបល់ ការកសាង និងចែករំលែកជាមួយគ្នា ដោយអភិវឌ្ឍដៃគូពណ៌ខៀវជាមួយអាស៊ាន រួមគ្នាបង្កើតវេទិកាសហប្រតិបត្តិការដូចជា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យាសមុទ្ររួមរវាងចិន និងអាស៊ាន សម្ព័ន្ធអភិវឌ្ឍន៍ឧស្សាហកម្មសមុទ្ររវាងខេត្តក្វាងស៊ី និងអាស៊ាន ជាដើម។ រួមគ្នាអនុវត្តការស្រាវជ្រាវបច្ចេកទេសក្នុងវិស័យនៃការលើកកម្ពស់ការប្រើប្រាស់ធនធានសមុទ្រប្រកបដោយនិរន្តរភាព ការគ្រប់គ្រងសមុទ្រមានភាពចម្រុះ និងការការពារអេកូឡូស៊ីសមុទ្រជាដើម ជំរុញការចែករំលែកលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រ។
បច្ចុប្បន្ន សេដ្ឋកិច្ចពណ៌ខៀវបានក្លាយជាថាមពលថ្មីក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោក។ លោក ស៊ុន ស៊ូស៊ាន បានថ្លែងថា ចិនស្ម័គ្រចិត្តចាប់ដៃជាមួយអាស៊ាន ដើម្បីអនុវត្តឱ្យបានមានភាពរឹងមាំនៅវេទិកាសហប្រតិបត្តិការបច្ចេកវិទ្យាផ្នែកសមុទ្រ ធ្វើផែនការរួមគ្នាលើការការពារអេកូឡូស៊ី និងការអភិវឌ្ឍសេដ្ឋកិច្ច។ ទម្លុះច្រកផ្លូវរវាង “សមុទ្រខៀវ និងឆ្នេរប្រាក់” និង “ភ្នំមាស ភ្នំប្រាក់” ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រ។
ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថានកម្ពុជា បានយល់ស្របនឹងការថ្លែងខាងលើ ដោយឯកឧត្តមមានប្រសាសន៍ថា ចិនគឺជាដៃគូរសហការដែលគួរឱ្យទុកចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ខៀវរបស់កម្ពុជា។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគីទាំងពីរបានសាងសង់ស្ថានីយសង្កេតការណ៍សមុទ្ររួមគ្នា និងអនុវត្តគម្រោងអង្កេតការពារឆ្នេរសមុទ្រ។ ទន្ទឹមនឹងការអភិវឌ្ឍវិស័យទេសចរណ៍ ក៏មានការលើកកម្ពស់ការអភិរក្សជីវៈចម្រុះ និងនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
លោក Ukkrit Satapoomin អគ្គនាយករងនៃនាយកដ្ឋានធនធានសមុទ្រ និងឆ្នេរសមុទ្រ នៃក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃបានថ្លែងថា បច្ចុប្បន្នថៃកំពុងធ្វើការសហការជាមួយចិន ក្នុងការជំរុញការស្រាវជ្រាវលើការអភិរក្សជីវៈចម្រុះសមុទ្រ។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងចែករំលែកបទពិសោធន៍ការការពារពូជសត្វឬរុក្ខជាតិកម្រ និងធ្វើការផ្លាស់ប្តូរបច្ចេកវិទ្យាក្នុងវិស័យដូចជា ការអភិរក្សធនធានជលផលសមុទ្រ និងការស្តារតំបន់ឆ្នេរសមុទ្រឡើងវិញជាដើម។
លោក ហូ ហ្វាន់ (Hu Fan) អនុប្រធានគណៈកម្មាធិការតំបន់ស្វយ័តក្វាងស៊ី បានថ្លែងថា ខេត្តក្វាងស៊ីនឹងបង្កើតសេណារីយ៉ូបង្ហាញកម្មវិធីក្នុងវិស័យដូចជា ការសង្កេតការណ៍សមុទ្រដែលអនុវត្តដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ឡូជីស្ទិកកំពង់ផែជាដើម ដោយផ្ដោតលើវិស័យដូចជា នេសាទសមុទ្រ កាបូនពីព្រៃកោងកាងជាដើម ហើយរួមគ្នាលើកកម្ពស់ពាណិជ្ជកម្មនៃលទ្ធផលគម្រោង “តូចតែស្អាត” មួយចំនួនជាមួយអាស៊ាន។
តាមការចេញផ្សាយបានឱ្យដឹងថា វេទិកាលើកនេះដែលមានប្រធានបទ “ការច្នៃប្រឌិត បៃតង និងឆ្លាតវៃ៖ អនាគតពណ៌ខៀវថ្មីសម្រាប់ចិន និងអាស៊ាន” ដែលរៀបចំឡើងដោយនាយករដ្ឋបាលសមុទ្រ នៃតំបន់ស្វយ័តក្វាងស៊ី វិទ្យាស្ថានសមុទ្រទី៤ នៃក្រសួងធនធានធម្មជាតិចិន និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍រួមចិន-អាស៊ានសម្រាប់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសមុទ្រ ដោយមានគោលបំណងដើម្បីបង្កើតវេទិកាកិច្ចសហប្រតិបត្តិការផ្លូវការ ពង្រឹងការសហការរវាងប្រទេសនានាក្នុងវិស័យអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ថែរក្សាសុខភាពសមុទ្រ និងពង្រឹងកម្រិតបច្ចេកវិទ្យាសមុទ្រ។
ក្នុងអំឡុងពេលព្រឹត្តិការណ៍ខាងលើនោះដែរ ក៏បានកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងអាកាសធាតុ និងប្រព័ន្ធបរិស្ថានសមុទ្ររួមចិន-ថៃលើកទី១៣ សិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសមុទ្រចិន-ថៃ លើកទី១៤ សិក្ខាសាលាចិន-អាស៊ានស្តីពីឱសថសមុទ្រ និងផលិតផលជីវសាស្រ្ត សិក្ខាសាលា “បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) + ថាមពលស្អាតនៅឈូងសមុទ្រ” វគ្គបណ្តុះបណ្តាលអន្តរជាតិចិន-អាស៊ានស្តីពីថាមពលសមុទ្រថ្មី ដើម្បីពិភាក្សារួមគ្នាលើប្រធានបទក្តៅនៅក្នុងវិស័យដូចជា ប្រព័ន្ធអេកូឡូស៊ីសមុទ្រ ឧស្សាហកម្ម បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត៕(ចប់)