រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៖ តាមការព្យាករណ៍នៅចុងឆ្នាំនេះ ចំណូលពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករំពឹងថានឹងឈានដល់ ១.១ពាន់លានដុល្លារសហរដ្ឋអាមេរិក
នាព្រឹកថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលបុរីកោះពេជ្រ (Koh Pich City Hall) លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២” ក្រោមមូលបទ “កសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល” ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម ឯកឧត្តម Dominic William ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
សូមគូសបញ្ជាក់ផងដែរថា វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២ ឆ្នាំ២០២៥ ដែលជាគំនិតផ្តួចផ្តើមនិងរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីទិដ្ឋភាពពាណិជ្ជកម្មឌីជីថល ក្របខណ្ឌគោលនយោបាយ និងធ្វើការផ្សព្វផ្សាយជំរុញការនាំចេញផលិតផលក្នុងស្រុក ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ តាមរយៈថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក និងអន្តរជាតិនានា ជាពិសេសថ្នាលខេមបូឌាត្រេដ (CambodiaTrade.com)។
ថ្លែងទៅកាន់អង្គពិធី លោកជំទាវរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងនិងសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំ “វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២”នេះឡើង ព្រមទាំងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានអញ្ជើញចូលរួមរបស់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមផ្តល់នូវសុន្ទរកថាគន្លឹះ ចូលរួមជាវាគ្មិនក្នុងកម្មវិធីកិច្ចពិភាក្សា កម្មវិធី Master Class កម្មវិធីជជែកដេញដោលរបស់យុវជន និងចូលរួមដាក់តាំងបង្ហាញផលិតផល/សេវាកម្មនានា។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា បានបង្ហាញពីភាពធន់ និងភាពប៉ិនប្រសប់របស់ប្រជាជនកម្ពុជា ដោយតាមការព្យាករណ៍នៅចុងឆ្នាំនេះ ចំណូលពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករំពឹងថានឹងឈានដល់ ១.១ពាន់លានដុល្លារសហរដ្ឋអាមេរិក និងនៅឆ្នាំ២០២៩ នឹងឈានដល់ ១.៨ពាន់លានដុល្លារសហរដ្ឋអាមេរិក។
លោកជំទាវរដ្ឋមន្ត្រី បន្តថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងរៀបចំ “សេចក្តីព្រាងយុទ្ធសាស្រ្តពាណិជ្ជកម្មឌីជីថល” ដែលនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ ដោយយុទ្ធសាស្រ្តនេះ មានគោលបំណងសំខាន់បង្កើតនូវបរិយាកាសពាណិជ្ជកម្មឌីជីថលប្រកបដោយភាពប្រកួតប្រជែងខ្ពស់ និងជំរុញសមាហរណកម្មអន្តរជាតិ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលរឹងមាំ យន្ដការឆ្លងកាត់ព្រំដែនប្រកបដោយប្រសិទ្ធផល និងប្រព័ន្ធអេកូឡូស៊ីទុកចិត្តមួយ ដែលផ្ដល់ឱកាសឱ្យពាណិជ្ជករ ធុរជន និងអ្នកប្រើប្រាស់ ទទួលបានកាលានុវត្តភាពឌីជីថលក្នុងការជំរុញនវានុវត្តន៍ លើកកម្ពស់ភាពប្រកួតប្រជែង និងសមាហរណកម្មក្នុងសេដ្ឋកិច្ចឌីជីថលថ្នាក់តំបន់ និងសកល។
ដើម្បីជាការសម្លឹងទៅអនាគត ក្នុងការចូលរួមលើកកម្ពស់វិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា លោកជំទាវរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន រួមមាន៖
១. បន្តចូលរួមជំរុញការអនុវត្តក្របខ័ណ្ឌគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តឱ្យមានប្រសិទ្ធភាព ដែលជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធអេកូឡូស៊ីរបស់ពាណិជ្ជកម្មឌីជីថល
២. បន្ដយកចិត្តទុកដាក់លើការរៀបចំនូវគោលនយោបាយ និងយុទ្ធសាស្ដ្រ ទាក់ទងនឹងពាណិជ្ជកម្មឌីជីថល ឱ្យស្របទៅនឹងសភាពការណ៍ពិភពលោក ជាពិសេសការរីកលូតលាស់យ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត (AI)
៣. ទាញយកអត្ថប្រយោជន៍ពីក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដោយរៀបចំផែនសកម្មភាព និងកម្មវិធីការងារសម្រាប់ការអនុវត្ត និងទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ជាពិសេសក្របខ័ណ្ឌកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដែលជំរុញឱ្យការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងខ្សែច្រវាក់តម្លៃឌីជីថលក្នុងតំបន់ និងសកលកាន់តែស៊ីជម្រៅ
៤. បន្តជំរុញនិងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ដោយពង្រីកលទ្ធភាពតភា្ជប់ និងប្រើប្រាស់បណ្ដាញអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ជាពិសេសសម្រាប់តំបន់ជនបទ និងតំបន់ដាច់ស្រយាល
៥. ធ្វើទំនើបកម្មភស្តុភារកម្មឆ្លងព្រំដែន ដោយផ្តល់អាទិភាពដល់ការធ្វើឌីជីថលនីយកម្មនៃហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម។ ដំណើរការពាណិជ្ជកម្មដោយមិនប្រើក្រដាស និងកាន់តែឆ្លាតវៃ នឹងធ្វើឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់ប្រកបដោយប្រសិទ្ធផល និងគួរឱ្យទុកចិត្ត។
៦. លើកកម្ពស់ ឬផ្តល់សិទ្ធិដល់សហគ្រាសធុនតូច និងមធ្យម សម្រាប់ពាណិជ្ជកម្មឌីជីថល ដោយផ្តោតលើការកសាងសមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យម ជាអាទិ៍ នៅតាមតំបន់ជនបទ ដោយរួមបញ្ចូលទាំងការផ្តល់ការបណ្តុះបណ្តាល និងឧបករណ៍ឌីជីថលដល់ក្រុមគោលដៅ ដើម្បីជួយពួកគេផ្លាស់ប្តូរពីពាណិជ្ជកម្មឌីជីថលក្រៅផ្លូវការមកជាពាណិជ្ជកម្មឌីជីថលផ្លូវការវិញ និង
៧. ជំរុញប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាដ៏រស់រវើក ដោយបង្កើតបរិយាកាសគាំទ្រសម្រាប់ធុរកិច្ចបច្ចេកវិទ្យាថ្មី តាមរយៈការផ្តល់ជូននូវក្របខណ្ឌអាជ្ញាបណ្ណនិងការចុះបញ្ជីច្បាស់លាស់។
ឆ្លៀតនាឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានត្រៀមខ្លួនជាស្រេចក្នុងការសហការនិងរួមគ្នាជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមសំខាន់ៗ ដូចជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការលើកកម្ពស់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងការពង្រឹងទំនុកចិត្តរបស់អ្នកប្រើប្រាស់លើវេទិកាអនឡាញ និងឈានទៅដល់ការកសាងប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រការច្នៃប្រឌិត ជំរុញការប្រកួតប្រជែង និងធានាថាអត្ថប្រយោជន៍នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានទទួលដោយប្រជាជនកម្ពុជាទាំងអស់៕