កម្ពុជា​ចាប់​ដៃគូ​ជាមួយ​ចិន តំឡើងម៉ាស៊ីនផ្លាស់ប្តូរថ្មីមួយដែលមានកម្រិតខ្ពស់

 

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនិយាយផ្លូវការនៃក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ បានចូលរួមកម្មវិធី “Fresh Business” ដោយបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកកំពុងដាក់ពន្ធគយថ្មី ១៩% លើទំនិញដែលនាំចូលពីកម្ពុជា ដែលបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។ កម្ពុជាកំពុងចាប់ដៃគូជាមួយចិន ដើម្បីគ្រោងនឹងសាងសង់សួនឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលមានគោលបំណងជំរុញឧស្សាហកម្មកម្ពុជាឱ្យផ្លាស់ប្តូរពីកម្រិតមធ្យមទៅកម្រិតខ្ពស់។

- Advertise -

អាមេរិកគឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា។ ក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញទៅអាមេរិកមានតម្លៃប្រហែល ១០ ពាន់លានដុល្លារ ស្មើនឹង ៣៧,៩% នៃការនាំចេញសរុប ដែលផ្តោតជាចម្បងលើផលិតផលដែលត្រូវការកម្លាំងពលកម្មច្រើន ដូចជាសម្លៀកបំពាក់ និងស្បែកជើងជាដើម។ ពន្ធគយ ១៩% មានន័យថា ត្រូវកាត់បន្ថយអត្ថប្រយោជន៍ថ្លៃពលកម្មរបស់កម្ពុជាយ៉ាងច្រើន ហើយសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលទាំងនោះនៅលើទីផ្សារអាមេរិកក៏ថយចុះផងដែរ។ យោងតាមការវិភាគរបស់វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ឧស្សាហកម្ម និងសេដ្ឋកិច្ចកម្ពុជាបានបង្ហាញថា ពន្ធគយនេះអាចធ្វើឱ្យកម្ពុជាស្ថិតក្នុងទីតាំងមិនអំណោយផលក្នុងការប្រកួតប្រជែងជាមួយប្រទេសដទៃ ដូចជាវៀតណាម និងបង់ក្លាដេស ហើយថែមទាំងអាចបណ្តាលឱ្យរោងចក្រខ្នាតតូច និងមធ្យមចំនួន​ ៣០% ត្រូវបិទទ្វារ ឬផ្លាស់ប្តូរការផលិតក្នុងរយៈពេលមួយឆ្នាំខាងមុខ ដែលនាំឱ្យមានហានិភ័យដល់ការកើនឡើងនៃអ្នកអត់ការងារធ្វើ និងសេដ្ឋកិច្ចនឹងមានកំណើនយឺតយ៉ាវ។

លើសពីនេះទៀត ទីផ្សារនាំចេញរបស់កម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើអាមេរិក និងអឺរ៉ុប ដែលបណ្តាលឱ្យរចនាសម្ព័ន្ធពាណិជ្ជកម្មនៅមានកម្រិត ហើយសមត្ថភាពទប់ទល់នឹងហានិភ័យរបស់ខ្សែសង្វាក់ផ្គត់ផ្គង់គឺទន់ខ្សោយ។ ស្ថានភាពនេះធ្វើឱ្យកម្ពុជាងាយរងគ្រោះជាពិសេសចំពោះការប្រែប្រួលសេដ្ឋកិច្ចពិភពលោក ហើយធ្វើឱ្យពិបាកក្នុងការធ្វើពិពិធកម្មទីផ្សារ និងកាត់បន្ថយហានិភ័យ។ ភាពមិនច្បាស់លាស់នៃគោលនយោបាយពន្ធគយរបស់អាមេរិកបានធ្វើឱ្យភាពមិនប្រាកដប្រាជានេះកាន់តែធ្ងន់ធ្ងរ ដែលបង្កជាបញ្ហាប្រឈមដល់ការអភិវឌ្ឍន៍របស់កម្ពុជាក្នុងរយៈពេលវែង។

ប្រឈមមុខនឹងភាពមិនច្បាស់លាស់នៃបរិយាកាសពាណិជ្ជកម្មខាងក្រៅ កម្ពុជាបានជ្រើសរើសធ្វើកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយចិន ដើម្បីគ្រោងនឹងសាងសង់សួនឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ជាមួយគ្នា។ វិធានការយុទ្ធសាស្ត្រនេះមានសារៈសំខាន់ណាស់ ទីមួយ៖ ដោយសារឧស្សាហកម្មផលិតរបស់ចិនមានសមត្ថភាពប្រកួតប្រជែងខ្លាំង និងគុណសម្បត្តិផ្នែកបច្ចេកវិទ្យាលើឆាកអន្តរជាតិ។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយចិន កម្ពុជាអាចនាំចូលនៅបច្ចេកវិទ្យាផលិតកម្មកម្រិតខ្ពស់ និងជំនាញគ្រប់គ្រង ដែលនឹងជំរុញឱ្យឧស្សាហកម្មកម្ពុជាផ្លាស់ប្តូរពីកម្រិតមធ្យមទៅកម្រិតខ្ពស់។ នេះមិនត្រឹមតែជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលកម្ពុជាប៉ុណ្ណោះទេ ថែមទាំងអាចពង្រឹងសមត្ថភាពការប្រកួតប្រជែងរបស់ខ្លួននៅលើទីផ្សារអន្តរជាតិផងដែរ។

ទីពីរ៖ ការសាងសង់សួនឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ នឹងជំរុញឱ្យមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។ ចិនមានបទពិសោធន៍ និងបច្ចេកវិទ្យាដ៏សម្បូរបែបក្នុងវិស័យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលអាចផ្តល់នូវការគាំទ្រដែលមានគុណភាពខ្ពស់ដល់កម្ពុជា រួមមានការកសាងផ្លូវ ប្រព័ន្ធអគ្គិសនី និងទូរគមនាគមន៍ជាដើម ដែលនឹងអាចដោះស្រាយបញ្ហាចំណុចខ្សោយរបស់កម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតលក្ខខណ្ឌល្អប្រសើរសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។

ទីបី៖ កិច្ចសហប្រតិបត្តិការចិន-កម្ពុជានឹងអាចជំរុញឱ្យធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា។ ចិនជាប្រទេសសេដ្ឋកិច្ចធំជាងគេមួយនៅលើ​ពិភពលោក​ ដែលមានទីផ្សារអ្នកប្រើប្រាស់ធំហើយមានខ្សែសង្វាក់ផលិតកម្មដ៏រឹងមាំ។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយចិន កម្ពុជាអាចកាត់បន្ថយការពឹងផ្អែកលើទីផ្សារអាមេរិក និងអឺរ៉ុប នាំចេញផលិតផលកាន់តែច្រើនទៅកាន់ទីផ្សារចិន ទន្ទឹមនឹងនេះក៏អាចប្រើប្រាស់បណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់របស់ចិន ដើម្បីពង្រីកទីផ្សារបន្ថែមទៀតនៅក្នុងទីផ្សារតំបន់ និងបណ្តាប្រទេសអាស៊ីផ្សេងទៀត។

នៅក្នុងរយៈពេលវែង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ចិន គឺមានសក្តានុពលភាពដ៏ធំធេង។ ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ចិនក្នុងវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ ដូចជា ថាមពលថ្មី ពត៌មានអេឡិកត្រូនិក និងបញ្ញាសិប្បនិមិត្ត(AI) បានផ្តល់ឱ្យកម្ពុជានូវឱកាសសហប្រតិបត្តិការដ៏សម្បូរបែប។ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងនេះ កម្ពុជាមិនត្រឹមតែអាចសម្រេចបាននូវការធ្វើពិពិធកម្មសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងអាចមានចំណែកមួយក្នុងវិស័យកំពុងរីកចម្រើន ដូចជា សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងជាដើមផងដែរ។ នេះនឹងជួយឱ្យកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរពីឧស្សាហកម្មផលិតកម្មកម្រិតទាបទៅជាការច្នៃប្រឌិតកម្រិតខ្ពស់នៅក្នុងសង្វាក់ឧស្សាហកម្មសកល និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនាពេលអនាគត៕

 

你可能还喜欢