កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា-ចិន៖ ដំណើរទៅរកការពង្រឹងមិត្តភាពដែកថែប
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាននៃបេសកកម្មយោធាជាន់ខ្ពស់នៃប្រទេសកម្ពុជា បានចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១២ (THE 12th BEIJING XIANGSHAN FORUM) នៅទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។ ការចូលរួមនេះគឺជាការតបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិចិន។ វេទិកានេះបានប្រមូលផ្តុំអ្នកដឹកនាំនៃវិស័យការពារជាតិ និងយោធាមកពីជាង ១០០ ប្រទេស ព្រមទាំងតំណាងអង្គការអន្តរជាតិ និងតំបន់ ដែលមានវិសាលភាពកាន់តែធំជាងមុន មានឥទ្ធិពលកាន់តែខ្លាំង ហើយបន្ថែមពីលើនេះទៀតគឺបង្ហាញពីតម្លៃគំនិតបើកចំហររបស់វេទិកានេះ។ ការចូលរួមរបស់ឯកឧត្តម ទៀ សីហា មិនត្រឹមតែបញ្ជាក់ពីមិត្តភាពប្រពៃណីរវាងកម្ពុជា-ចិនប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញជំហរដ៏ច្បាស់លាស់របស់កម្ពុជាលើឆាកអន្តរជាតិចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា-ចិន ដែលនេះមានសារៈសំខាន់ខ្លាំង។
កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ៖ វឌ្ឍនភាពលើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ
កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា-ចិន គ្របដណ្តប់លើវិស័យជាច្រើន ចាប់ពីដំណើរទស្សនកិច្ចទ្វេភាគីជាន់ខ្ពស់ រហូតដល់ការហ្វឹកហ្វឺនយោធា សេវាវេជ្ជសាស្រ្ដ និងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ល។ គឺមានកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ។ មន្ត្រីជាន់ខ្ពស់នៃកងទ័ពទាំងពីរប្រទេសបានរក្សាការទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ តាមរយៈកិច្ចប្រជុំជាប្រចាំ និងដំណើរទស្សនកិច្ចទៅវិញទៅមក និងទម្រង់ផ្សេងទៀត បានជួយពង្រឹងការយល់ដឹង និងកាន់តែមានទំនុកចិត្តពីគ្នា ហើយបានដាក់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ទាក់ទងនឹងការហ្វឹកហ្វឺនយោធា ភាគីទាំងពីរបានអនុវត្តសកម្មភាពដូចជាការធ្វើសមយុទ្ធរួម ដែលបានលើកកម្ពស់សមត្ថភាពប្រយុទ្ធ និងកម្រិតនៃការប្រតិបត្តិការរួមគ្នារបស់កងទ័ពទាំងពីរប្រទេស។ ជាឧទាហរណ៍ សមយុទ្ធរួមគ្នាមិត្តភាព កម្ពុជា-ចិន “នាគមាស” ដែលជាគម្រោងហ្វឹកហ្វឺនម៉ាកយីហោរួមគ្នាដែលបង្កើតឡើងដោយយោធាកម្ពុជា-ចិន។ តាមរយៈសមប្រយុទ្ធជាបន្តបន្ទាប់នេះ យោធាទាំងពីរបានបង្កើនសមត្ថភាពកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងវិស័យនានាដូចជាការប្រឆាំងភេរវកម្ម និងជំនួយមនុស្សធម៌ជាដើម។ ក្នុងវិស័យសុខាភិបាល កងទ័ពទាំងពីរក៏កំពុងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមចំពោះសុខភាពផ្សេងៗជាមួយគ្នា។ លើសពីនេះទៀត កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យឯកទេស ដូចជាការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ល។ ក៏សម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ ដែលនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងចំពោះការការពារសន្តិភាព និងការកសាងប្រទេសឡើងវិញរបស់កម្ពុជា។
ស្ថានការណ៍បច្ចុប្បន្ន៖ ពេលវេលាសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ
បច្ចុប្បន្ន ស្ថានការណ៍អន្តរជាតិមានភាពស្មុគស្មាញ និងផ្លាស់ប្តូរមិនទៀងទាត់ ហើយសន្តិសុខក្នុងតំបន់កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន។ ក្នុងបរិបទបែបនេះ ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា-ចិន គឺមានសារៈសំខាន់យ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត ស្ថានការណ៍សន្តិសុខក្នុងតំបន់មានភាពតានតឹង ហើយការគំរាមកំហែងសន្តិសុខប្រពៃណី និងមិនមែនជាប្រពៃណីជាច្រើនគឺកំពុងបន្តកើតមាន។ កម្ពុជា-ចិន ដែលជាមិត្តនៅក្នុងតំបន់ ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ នឹងជួយឆ្លើយតបទៅនឹងការដោះស្រាយបញ្ហាសន្តិសុខទាំងនេះជាមួយគ្នា និងរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ឧទាហរណ៍ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យប្រឆាំងនឹងបទឧក្រិដ្ឋកម្មឆ្លងដែន ប្រឆាំងនឹងភេរវកម្ម និងសន្តិសុខតាមផ្លូវទឹកគឺមានការបើកទូលាយកម្រិតខ្ពស់។ ម្យ៉ាងទៀត ប្រទេសទាំងពីរស្ថិតនៅក្នុងរយៈពេលសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលទាមទារឱ្យមានបរិយាកាសខាងក្រៅមានសន្តិភាព និងស្ថិរភាព ដើម្បីជំរុញការអភិវឌ្ឍន៍ក្នុងប្រទេស។ ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិអាចបង្កើនទំនុកចិត្តជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ កាត់បន្ថយការយល់ច្រឡំ និងការវិនិច្ឆ័យខុស ហើយផ្តល់នូវការធានារឹងមាំដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសទាំងពីរ។
វេទិកាសម្រាប់ឱកាស៖ ការពិភាក្សាអំពីទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ
វេទិកាប៉េកាំងសៀងសាន លើកទី១២ បានផ្តល់នូវវេទិកាដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងចិន និងកម្ពុជា។ ក្នុងអំឡុងពេលវេទិកានេះដែរ ឯកឧត្តម ទៀ សីហា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមនាវី តុង ជីន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ដើម្បីផ្លាស់ប្តូរយោបល់អំពីការពង្រឹង និងពង្រីកមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ។ លើសពីនេះទៅទៀត ឯកឧត្តម ទៀ សីហា ក៏បានថ្លែងសុន្ទរកថាគន្លឹះនៅក្នុងសម័យប្រជុំពេញអង្គទី៤ ស្តីពី “ការកសាងសន្តិភាពតំបន់តាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់” ដើម្បីចែករំលែកទស្សនៈ និងមតិរបស់កម្ពុជាចំពោះសន្តិភាព និងសន្តិសុខតំបន់។ ដោយបានទាញយកឱកាសពីវេទិកានេះ កម្ពុជា និងចិនបានពង្រឹងការទំនាក់ទំនង និងការសម្របសម្រួលបន្ថែមទៀត ស្វែករកវិធីសាស្ត្រ និងមាគ៌ាជាក់លាក់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិតាមកន្លងថ្មី និងជំរុញឱ្យទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរឈានទៅកម្រិតថ្មីមួយទៀត៕