ប្រតិភូនៃសាកលវិទ្យាល័យជីណាន បានធ្វើទស្សនកិច្ចនៅសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា រួមគ្នាលើកកម្ពស់ការអប់រំភាសាចិននៅកម្ពុជា

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ សៀ ខ្វាន់ (Xia Quan) នាយករងសាកលវិទ្យាល័យជីណាន បានដឹកនាំប្រតិភូធ្វើទស្សនកិច្ចនៅសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ និងបានជួបពិភាក្សាការងារជាមួយអ្នកឧកញ៉ា ជឹម ឃាន ប្រធានប្តូវេនសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ឧកញ៉ា តែ មាន អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីការសហការគ្នាលើវិស័យអប់រំភាសាចិន និងការបន្តទំនៀមទំលាប់វប្បធម៌ប្រពៃណីចិននៅកម្ពុជា

លោកសាស្រ្តាចារ្យ សៀ ខ្វាន់ បានបង្ហាញពីការគោរពចំពោះប្រជាពលរដ្ឋកម្ពុជាមានខ្សែស្រឡាយចិនដែលខិតខំផ្សព្វផ្សាយវប្បធម៌ចិនហើយបានលើកឡើងអំពីបេសកកម្មរបស់សាកលវិទ្យាល័យជីណានចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩០៦ ក្នុងការបម្រើប្រជាជនមានខ្សែស្រឡាយចិននៅក្រៅប្រទេស និងថែរក្សាវប្បធម៌ចិន។ លោកសាស្រ្តាចារ្យបានបញ្ជាក់ថា សៀវភៅសិក្សាដែលសាលារៀននេះបានចងក្រង បានផ្តល់សេវាដល់សាលារៀនចិនជាច្រើនប្រទេស រួមទាំងកម្ពុជាផងដែរ ដោយផ្តល់នូវធនធានគាំទ្រសំខាន់ៗដល់ការអប់រំភាសាចិននៅបរទេស។

ឧកញ៉ា តែ មាន អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានមានប្រសាសន៏ថា បច្ចុប្បន្ន ការអប់រំភាសាចិននៅកម្ពុជាគឺមានការរីកចំរើនខ្លាំង ដោយបញ្ជាក់ថាសមាគមបានគ្រប់គ្រងសាលារៀនចិននៅកម្ពុជាចំនួន៥៧ ដែលមានសិស្សជិត ៥ម៉ឺននាក់ គ្រូបង្រៀនប្រហែល ១២០០នាក់និងគ្រូបង្រៀនដែលជំនួយពីចិនគឺមានចំនួន ២៦៦នាក់។ លោកបានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យជីណានដែលបានចងក្រងសៀវភៅសិក្សាថ្មីដែលមានគុណភាពខ្ពស់សម្រាប់កម្ពុជា ផ្តល់អាហារូបករណ៍ និងបណ្តុះបណ្តាលគ្រូបង្រៀន។

អ្នកឧកញ៉ា ជឹម ឃាន ប្រធានប្តូវេនសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាសង្ឃឹមថា ការពិភាក្សាលើកនេះ នឹងក្លាយជាឱកាសក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍសៀវភៅសិក្សា ការបណ្តុះបណ្តាលគ្រូបង្រៀនការស្រាវជ្រាវវិទ្យាសាស្ត្រ និងការកសាងយន្តការសហការយូរអង្វែងដើម្បីរួមគ្នាលើកកម្ពស់ការអប់រំភាសាចិននៅកម្ពុជាឱ្យឈានដល់កម្រិតថ្មីមួយទៀត និងបញ្ចូលកម្លាំងចលករថ្មីទៅក្នុងការផ្លាស់ប្តូរវប្បធម៌ចិនកម្ពុជា៕

你可能还喜欢