“ឆ្ងាយមិនឈ្នះជិត”៖ គឺជារូបភាពជីវិតរបស់កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាង កម្ពុជា-ចិន

ក្នុងអំឡុងពេលនៃពិព័រណអាស៊ាន-ចិន លើកទី២២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលការសម្ភាសន៍ពិសេសមួយ ជាមួយនឹងអ្នកកាសែតសារព័ត៌មានស៊ីនហួ� ហើយបានប្រើសុភាសិតខ្មែរដែលមានន័យថា “ធ្វើជំនួញឆ្ងាយមិនឈ្នះជិតទេ” ដោយបានកោតសរសើរយ៉ាងខ្លាំងដល់ប្រទេសចិន ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ឯកឧត្តម ក៏បាន​បង្ហាញ​យ៉ាង​ច្បាស់​ពីទំនុកចិត្តទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចចិន និងអនាគតនៃកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ចិនផងដែរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ក្នុងវិស័យជាច្រើន ដូចជា ពាណិជ្ជកម្ម វិនិយោគ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាដើម កំពុងតែអភិវឌ្ឍជាបន្តបន្ទាប់ និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្ម និងប្រភពវិនិយោគសំខាន់របស់កម្ពុជា បានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ទំនើបភាវូបនីយកម្មកំពង់ផែព្រះសីហនុ ក៏ដូចជាការអភិវឌ្ឍរីកចម្រើននៃសួនឧស្សាហកម្មជាច្រើន សុទ្ធតែពឹងផ្អែកយ៉ាងខ្លាំងទៅលើការចូលរួមពីសហគ្រាសចិន។ គម្រោងទាំងនេះ មិនត្រឹមតែបានធ្វើអោយប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានបង្កើតឱកាសការងារច្រើន និងជំរុញឱ្យមានការធ្វើពិពិធកម្មសេដ្ឋកិច្ចនូវក្នុងប្រទេសកម្ពុជាផងដែរ។

- Advertise -

ឯកឧត្តម លឹម វិសាល បានសង្កត់ធ្ងន់ថា កម្រិតនៃកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ចិន ពិតជាត្រូវនឹងពាក្យសុភាសិតមួយថា ទំនាក់ទំនងពាណិជ្ជកម្មដែលនៅជិត មានអត្ថប្រយោជន៍កាន់តែច្រើនជាង។ កម្ពុជា-ចិន មានភូមិសាស្ត្រជិតគ្នា មានវប្បធម៌ប្រហាក់ប្រហែលគ្នា ដែលផ្តល់នូវលក្ខខណ្ឌដ៏ល្អប្រសើរសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងភាគីទាំងពីរ។ បទពិសោធន៍នៃការអភិវឌ្ឍ គុណសម្បត្តិនៃមូលធន និងបច្ចេកវិទ្យារបស់ចិន ដែលរួមបញ្ចូលជាមួយនឹងសក្តានុពលធនធាន និងទីផ្សាររបស់កម្ពុជា បានបង្កើតបានជាស្ថានភាពល្អមួយដែលមានផលប្រយោជន៍គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះទាំងសងខាង។

ក្រឡេកមើលទៅអនាគត ទស្សនវិស័យ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន និង​កម្ពុជា​មាន​ភាព​ទូលំទូលាយ។ នៅពេលដែលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ចូលជាធរមាន និងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ ផ្លួវមួយ”អនុវត្តកាន់តែស៊ីជម្រៅ សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យដូចជា ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ នឹងត្រូវបានបើកច្រកទ្វារកាន់តែធំជាងមុនបន្ថែមទៀត។ ឯកឧត្តម លឹម វិសាល បានថ្លែងទៀតថា រដ្ឋាភិបាលកម្ពុជានឹងបន្តធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគបន្ថែមទៀត ដើម្បីទាក់ទាញសហគ្រាសចិនកាន់តែច្រើន ហើយរួមគ្នាលើកកម្ពស់វិបុលភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន មិនមែនគ្រាន់តែមានផលប្រយោជន៍ទៅវិញទៅមកនៅក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាការផ្លាស់ប្តូរ និងការធ្វើសមាហរណកម្មលើវិស័យវប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាច្រើនទៀត។ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពហុភាគីនេះ មិនត្រឹមតែជួយដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ច និងសង្គមកម្ពុជាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកថែរក្សាសុខសសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។ ក្រោមការលើកទឹកចិត្តយ៉ាងសកម្មពីរដ្ឋាភិបាលកម្ពុជា-ចិន ការយល់ដឹងពីគ្នា និងមិត្តភាពរវាងប្រជាជនប្រទេសទាំងពីរ ក៏កំពុងកាន់តែល្អប្រសើរឡើងជាលំដាប់ ដោយបានចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងភាគីទាំងពីរ។ សរុបសេចក្ដីមក កិច្ចសហប្រតិបត្តិការចំណេញទាំងសងខាងរវាងកម្ពុជា-ចិន គឺជាការអនុវត្តដ៏រស់រវើកនៃពាក្យថា “ឆ្ងាយមិនឈ្នះជិត” ។ នាពេលអនាគត យើងមានហេតុផលគ្រប់គ្រាន់ដើម្បីជឿថា កម្ពុជា-ចិន នឹងបន្តចាប់ដៃគ្នាដើរទៅមុខបន្តទៀត ហើយរួមគ្នាបង្កើតអនាគត​ដ៏​ត្រចះ​ត្រចង់៕

你可能还喜欢