ចិនជំនួយដល់កម្ពុជា៖ មូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គជួយជំរុញការអភិវឌ្ឍន៍កម្ពុជា

កិច្ចព្រមព្រៀងមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឆ្នាំ២០២៥ ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។។ បើតាមកិច្ចព្រមព្រៀងនេះ ចិននឹងផ្តល់មូលនិធិចំនួនប្រហែល ២,៥ លានដុល្លារ សម្រាប់គាំទ្រគម្រោងថ្មីចំនួន ១១ របស់កម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ គ្របដណ្តប់លើវិស័យជាច្រើន រួមមាន៖ ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការការពារបេតិកភណ្ឌវប្បធម៌ ការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត ការផ្តល់សិទ្ធិដល់ស្ត្រី ការអភិវឌ្ឍទេសចរណ៍ ការអភិវឌ្ឍវិស័យកសិកម្ម និងការផ្សព្វផ្សាយពង្រីកកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលបានបង្ហាញយ៉ាងច្បាស់ពីការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ភាគីចិនសម្រាប់ការអភិវឌ្ឍន៍របស់កម្ពុជា និងភាពរឹងមាំនៃយន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។

មូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ គឺជាផ្នែកមួយដ៏សំខាន់នៃយន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៦ ក្នុងតំបន់ឡានឆាង-មេគង្គ (ចិន កម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម) ក្នុងវិស័យសន្តិសុខនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព និងរក្សាការប្រាស្រ័យទាក់ទងគ្នានៃមនុស្សសាស្រ្ត។ ចាប់តាំងពីកិច្ចប្រជុំលើកដំបូងរបស់ថ្នាក់ដឹកនាំនៅឆ្នាំ២០១៦ យន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានបន្តចាក់ឫសយ៉ាងជ្រៅ ហើយក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ការលើកកម្ពស់សមាហរណកម្មក្នុងតំបន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។

- Advertise -

កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ៖ ចិន និងកម្ពុជា ចាប់ដៃគ្នាជំរុញការអភិវឌ្ឍន៍ក្នុងតំបន់

ក្នុងនាមជាកត្តាជំរុញដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ចិន និងកម្ពុជា តែងតែរក្សាទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។ គម្រោងថ្មីចំនួន ១១ ដែលបានចុះហត្ថលេខាក្នុងឱកាសនេះ មិនត្រឹមតែបន្តកសាងលើចំណុចខ្លាំងបែបប្រពៃណីនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គប៉ុណ្ណោះទេ ថែមទាំងបានបន្ថែមវិស័យច្នៃប្រឌិតជាច្រើនទៀត ដូចជា ឌីជីថលូបនីយកម្ម ការពង្រឹងសមត្ថភាពស្ត្រីជាសហគ្រិនជាដើម។ គម្រោងទាំងនេះនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ជីវភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋកម្ពុជា ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋក្នុងតំបន់។

រហូតមកដល់បច្ចុប្បន្ន ចិនបានផ្តល់ជំនួយដល់កម្ពុជាតាមរយៈមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដើម្បីគាំទ្រគម្រោងចំនួន១០៨ ដែលគ្របដណ្តប់លើវិស័យកាត់បន្ថយភាពក្រីក្រ ការបោសសម្អាតមីន ការអប់រំ ការប្រយុទ្ធប្រឆាំងនឹងជំងឺត្រូពិច ការជួសជុលលំនៅដ្ឋានសម្រាប់ជនរងគ្រោះដោយគ្រោះមហន្តរាយ និងវិស័យផ្សេងៗទៀត ដោយផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនរាប់សែននាក់នៅក្នុងខេត្តជាង ១០ របស់កម្ពុជា។ ការអនុវត្តគម្រោងទាំងនេះ មិនត្រឹមតែបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាផងដែរ។

កិច្ចសហប្រតិបត្តិការពហុវិស័យ៖ ពីបែបប្រពៃណីទៅជាច្នៃប្រឌិត

គម្រោងថ្មីចំនួន ១១ លើកនេះ ឆ្លុះបញ្ចាំងពីភាពចម្រុះ និងភាពច្នៃប្រឌិតនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ រួមមាន៖

១. ការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ៖ ការពង្រឹងគុណភាពការអប់រំ និងកម្រិតវិជ្ជាជីវៈ ដើម្បីបណ្តុះកម្លាំងពលកម្មឲ្យមានសមត្ថភាពខ្ពស់កាន់តែជាច្រើនទៀតសម្រាប់កម្ពុជា ដែលនឹងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

២. ការអភិរក្សបេតិកភណ្ឌវប្បធម៌៖ ដូចជាគម្រោងអភិរក្សបេតិកភណ្ឌវប្បធម៌ប្រាសាទបឹងមាលា នឹងជួយកម្ពុជាក្នុងការអភិរក្ស និងបន្តថែរក្សាមរតកវប្បធម៌ប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់ខ្លួន។

៣. ការពង្រឹងសិទ្ធិស្ត្រី៖ តាមរយៈគម្រោងពង្រឹងសិទ្ធិស្ត្រីដែលជាម្ចាស់សហគ្រិន នឹងជួយជំរុញសមភាពយេនឌ័រ និងគាំទ្រការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។

៤. ឌីជីថលូបនីយកម្ម៖ គាំទ្រការលើកកម្ពស់កម្រិតឌីជីថលឱ្យសហគ្រាសធុនតូច និងមធ្យម ដែលនេះនឹងជួយជំរុញសមត្ថភាពប្រកួតប្រជែងកម្ពុជាក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល។

៥. ការអភិវឌ្ឍវិស័យកសិកម្ម៖ ការលើកកម្ពស់បច្ចេកវិទ្យាកសិកម្ម និងការអនុវត្តជំនួញកសិកម្មប្រកបដោយចីរភាព បង្កើនប្រសិទ្ធភាពផលិតកម្មកសិកម្ម និងធានាបាននូវសន្តិសុខស្បៀង។

កិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះ មិនត្រឹមតែបំពេញតម្រូវការអភិវឌ្ឍន៍ជាតិរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីវិធីសាស្រ្តជាក់ស្តែង និងស្មារតីច្នៃប្រឌិតរបស់ចិនក្នុងកិច្ចសហប្រតិបត្តិការពហុភាគី។

កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ៖ គំរូនៃសមាហរណកម្មក្នុងតំបន់

ចាប់តាំងពីការបង្កើតឡើង យន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូលនៃសមភាពអធិបតេយ្យភាព ពហុភាគីនិយម និងវិធីសាស្រ្តតម្រង់ទិសសកម្មភាព ដែលស្របគ្នាជាមួយនឹងគំនិតផ្តួចផ្តើមអភិបាលកិច្ចជាសកល។ ក្នុងនាមជាអ្នកដឹកនាំមួយនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ប្រទេសចិន និងកម្ពុជា បានបន្តកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅក្រោមក្របខ័ណ្ឌយន្តការនេះ ហើយត្រូវបានចាត់ទុកជាគំរូសម្រាប់សមាហរណកម្មក្នុងតំបន់ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

 

ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ធ្វើសមាហរណកម្មតំបន់ឱ្យស៊ីជម្រៅ និងលើកកម្ពស់វិបុលភាពប្រកបដោយចីរភាពក្នុងចំណោមប្រទេសជាសមាជិក។ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានចង្អុលបង្ហាញថា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានក្លាយជាតំបន់ត្រួសត្រាយផ្លូវ និងតំបន់បង្ហាញការអនុវត្តគំនិតផ្តួចផ្តើមអភិបាលកិច្ចជាសកល  ដោយលើកកម្ពស់ការកសាងសហគមន៍ជាមួយនឹងអនាគតរួមគ្នាសម្រាប់បណ្តាប្រទេសក្នុងតំបន់ឡានឆាង-មេគង្គ។

ចក្ខុវិស័យនាពេលអនាគត៖ ធ្វើការរួមគ្នាដើម្បីបង្កើតទសវត្សរ៍មាស

ឆ្នាំ២០២៥ គឺជាខួបលើកទី១០ នៃការបង្កើតយន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ គម្រោងកិច្ចសហប្រតិបត្តិការថ្មីដែលបានចុះហត្ថលេខាលើកនេះ នឹងផ្តល់ថាមពលថ្មីដល់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ ឯកឧត្តម វ៉ាង វិនពីន បានបញ្ជាក់ថា ភាគីចិនរីករាយក្នុងការពង្រឹងបន្ថែមទៀតនូវសាមគ្គីភាព និងកិច្ចសម្របសម្រួលជាមួយបណ្តាប្រទេសមេគង្គ រួមទាំងកម្ពុជាផងដែរ ដើម្បីបង្កើតគម្រោងល្អឥតខ្ចោះបន្ថែមទៀត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ ដូចជាសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)ជាដើម ចាប់ដៃគ្នាបង្កើតទសវត្សរ៍មាសបន្ទាប់នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ជាមួយគ្នាឆ្ពោះទៅសហគមន៍វាសនារួមគ្នាសម្រាប់ប្រទេសឡានឆាង-មេគង្គ៕

你可能还喜欢