ប្រតិភូនៃវិស័យបោះពុម្ពផ្សាយប្រទេសចិន ចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំ《សារព័ត៌មាន ជានហ្វា》 ពិភាក្សាលើការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការលើសិទ្ធិបោះពុម្ពផ្សាយ
ភ្នំពេញ៖ ប្រតិភូនៃវិស័យបោះពុម្ពផ្សាយមកពីប្រទេសចិន បានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំ《សារព័ត៌មាន ជានហ្វា》 ដោយភាគីទាំងពីរបានធ្វើការពិភាក្សាគ្នាជាលក្ខណៈមិត្តភាពស្តីពីការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការស្តីពីវិស័យសិទ្ធិអ្នកនិពន្ធចិន-កម្ពុជា។
ថ្នាក់ដឹកនាំ《សារព័ត៌មាន ជានហ្វា》បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូដែលមកដល់។ លោក អ៊ឹង ហុងម៉េង អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងជាចាងហ្វាង《សារព័ត៌មាន ជានហ្វា》 លោក សុកហ៊ុយ អគ្គនាយក លោក សុខ សំណាង នាយកប្រតិបត្តិ លោក យ៉ាង ស៊ូហ្វេ និពន្ធនាយកប្រតិបត្តិ និង លោក លឹម គុយសេងប្រធានអ្នកយកព័ត៌មាន លោក ហោ ហេង បានទទួលស្វាគមន៍ និងបានធ្វើការពិភាក្សាជាមួយប្រតិភូចិន។
លោក អ៊ឹង ហុងម៉េង បានទទួលស្វាគមន៍ប្រតិភូ ព្រមទាំងបានរៀបរាប់អំពីការងារផ្សេងៗដែល《សារព័ត៌មាន ជានហ្វា》ចាប់តាំងពីកកើតរហូតមកដល់ពេលបច្ចុប្បន្ន ដោយបានផ្សព្វផ្សាយនូវវប្បធម៌ចិន និងលើកកម្ពស់មិត្តភាពចិន និងកម្ពុជា។
លោកបានបង្ហាញពីការរំពឹងទុករបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិស័យបោះពុម្ពផ្សាយចិន ជំរុញការបកប្រែសៀវភៅស្នាដៃចិនល្អៗបន្ថែមទៀតជាភាសាខ្មែរ ដើម្បីពង្រឹងការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាចំពោះប្រទេសចិន។
សមាជិកប្រតិភូរួមមានតំណាងពីសាលាបោះពុម្ពផ្សាយប្រជាជនចិន សាលាបោះពុម្ពផ្សាយអប់រំជាន់ខ្ពស់ និងអង្គការផ្សេងៗទៀត។ តំណាងចិនបានរៀបរាប់អំពីលក្ខណៈពិសេសនៃសាលាបោះពុម្ពផ្សាយរបស់ខ្លួន និងបទពិសោធន៍សហប្រតិបត្តិការអន្តរជាតិ ហើយបានបង្ហាញពីឆន្ទៈក្នុងការធ្វើការជាមួយសមាគម ដើម្បីលើកកម្ពស់ការបោះពុម្ពសៀវភៅ កិច្ចសហប្រតិបត្តិការអប់រំ និងការតាំងពិព័រណ៍សៀវភៅរួមគ្នា។
នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីប្រធានបទផ្សេងៗ រួមមានការអប់រំភាសាចិន កិច្ចសហប្រតិបត្តិការលើវិស័យផ្សែងៗទៀត ហើយបានឯកភាពរក្សាទំនាក់ទំនងសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ ដំណើរទស្សនកិច្ចនេះបានចាក់បញ្ចូលកម្លាំងចលករថ្មីក្នុងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការបោះពុម្ពផ្សាយរវាងចិន និងកម្ពុជា៕