ស្អែកនេះ! ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងនិវត្តន៍មកកម្ពុជាវិញ ក្រោយបញ្ចប់ការពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងយាងត្រឡប់មកដល់ប្រទេសកម្ពុជា នៅរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ ក្រោយបញ្ចប់ការពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន រយៈពេលជិត២ខែកន្លងមក។

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចម៉ែ បានយាងចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង។ ក្រោមចំណងទំនាក់ទំនងដ៏ស្អិតល្មួតពោរពេញដោយភាពរឹងមាំមិនអាចពុះបំបែកបាន រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី។ ការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យចិន គឺបានចាប់ផ្តើមឡើងតាំងពីអតីតព្រះមហាក្សត្រ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ។

ការយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ក្រុមវេជ្ជបណ្ឌិតចិន តែងយាងព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទៅពិនិត្យព្រះរាជសុខភាពមួយឆ្នាំពីរដង។ មួយដងធ្វើឡើងនៅដើមឆ្នាំ ហើយមួយដងទៀត ធ្វើឡើងចុងឆ្នាំ។

- Advertise -

ប្រទេសទាំងពីរ គឺជាមិត្តដ៏រឹងមាំមិនអាចបំបែកបាន ដែលទំនាក់ទំនងដ៏ស្អិតរមួតនេះ ត្រូវបានបង្កើតឡើងដោយ ព្រះបរមរតនកោដ្ឋ ជាមួយនឹងអតីតនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ ខណៈដែលទំនាក់ទំនងនេះ ត្រូវបានពូនជ្រំជាបន្តបន្ទាប់ និងកាន់តែខ្លាំងក្លាឡើងដោយរាជរដ្ឋាភិបាលប្រទេសទាំងពីរនាពេលបច្ចុប្បន្ន។

ក្រៅយាងពិនិត្យព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងជាព្រះកិត្តិយសក្នុងពិធីរំឭកខួបលើកទី៨០ ទិវាជ័យជម្នះនៃសង្គ្រាមតស៊ូរបស់ប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ពួកហ្វាស៊ីស ដែលបានប្រារព្ធឡើងនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅផងដែរ៕

你可能还喜欢