ទោះជារាជរដ្ឋាភិបាលកម្ពុជា អត់ធ្មត់ក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់យ៉ាងណាក៏ដោយ

«រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់គោលជំហរយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន ដោយមិនទទួលយកជាដាច់ខាតនូវការប្រកាសជាឯកតោភាគីរបស់យោធាថៃ ពីព្រោះយោធាគ្មានសមត្ថកិច្ចក្នុងការសម្រេចអំពីខណ្ឌសីមារបស់ប្រទេសនោះឡើយ ហើយការប្រកាសបែបនេះក៏គ្មានតម្លៃគតិយុត្តនោះដែរ។ ទោះជារាជរដ្ឋាភិបាលកម្ពុជាសម្ដែងការអត់ធ្មត់ក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីចៀសវាងការផ្ទុះអាវុធដែលអាចបង្កមហន្តរាយធំធេងដល់ប្រទេសជាតិនិងប្រជាជនទាំងសងខាង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនបោះបង់សិទ្ធិក្នុងការទាមទារដែនអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់ខ្លួន ស្របតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិឡើយ»។ នេះជាការបញ្ជាក់ របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

ការចេញសេចក្តីថ្លែងការណ៍បញ្ជាក់ដូច្នេះ របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅ បណ្ដាញសារព័ត៌មានថៃមួយចំនួនបានចេញផ្សាយ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ដោយស្រង់សម្តីមន្ត្រីយោធាថៃដែលអះអាងថា «កន្លែងដែលទាហានថៃបានជាន់គឺជាទឹកដីរបស់ថៃ»។

ការអះអាងបែបនេះ សំដៅលើដីនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលពួកគេបានដាក់របងលួសបន្លាកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ដោយបានឈូសឆាយ និងរាវមីននៅទីនោះជាឯកតោភាគី។

- Advertise -

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ព្រំដែនកម្ពុជានិងថៃគឺជាព្រំដែនអន្តរជាតិរវាងរដ្ឋនិងរដ្ឋដែលត្រូវបានកំណត់ដោយអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងផែនទីខ្នាត ១/២០០ ០០០ និងមានបង្គោលព្រំដែនចំនួន ៧៤បង្គោល ដែលត្រូវបានបោះកាលពីជាង ១០០ឆ្នាំមុន។ ខ្សែព្រំដែននេះមានតម្លៃផ្លូវច្បាប់រឹងមាំដែលត្រូវបានការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដែលមិនអាចត្រូវបានកែប្រែជាឯកតោភាគីដោយភាគីណាមួយបានឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បន្ថែមថា គណៈកម្មការចម្រុះព្រំដែន (JBC) ដែលបានព្រមព្រៀងរវាងប្រទេសទាំងពីរ (កម្ពុជា-ថៃ) មានសមត្ថកិច្ចក្នុងការវាស់វែងនិងកំណត់ខណ្ឌសីមារវាងប្រទេសទាំងពីរ។ ក្នុងពេលរង់ចាំការវាស់វែងនិងការកំណត់ខណ្ឌសីមារបស់ JBC កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធីដោយផ្អែកលើសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយរវាងប្រទេសទាំងពីរ ព្រមទាំងច្បាប់អន្តរជាតិជាធរមាន។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជាសូមទាមទារឱ្យភាគីថៃគោរពនូវអ្វីដែលបានព្រមព្រៀងគ្នា ដោយទុកឱ្យ JBC ប្រជុំដោះស្រាយបញ្ហាខណ្ឌសីមា ចៀសវាងការធ្វើសកម្មភាពបង្កហេតុណាមួយ ដែលនាំទៅដល់ការពង្រីកវិសាលភាពនៃទំនាស់៕

អ្នកនាំពាក្យរាជរដ្ធាភិបាល
你可能还喜欢