នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹកដល់អ្នកប្រើប្រាស់ Facebook ជួបបញ្ហា

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រើនរំលឹក និងជូនដំណឹងដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលគណនីត្រូវបានបិទ (Disable) ដែលបណ្តាលមកពីក្រុមហ៊ុន Meta ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ, សូមកុំកុំទទួលយកសេវាកម្មដោះស្រាយបញ្ហានេះ ដោយបុគ្គលឯកជនជាមួយនឹងការគិតថ្លៃសេវាកម្មផ្សេងៗ ដែលអាចធ្វើឱ្យការចំណាយថវិកាដោយមិនទទួលបានលទ្ធផល សូមទាក់ទងទៅក្រុមហ៊ុន Meta ដោយផ្ទាល់សម្រាប់ការដោះស្រាយបញ្ហានេះ។

នៅក្នុងសេចក្តីជូនដំណឹងរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ដូចនេះថា ថ្មីៗនេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃើញមានការផ្សព្វផ្សាយពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ដែលគណនីរបស់ពួកគេត្រូវបានបិទ (Disable) ដោយមិនមានមូលហេតុច្បាស់លាស់។ ទន្ទឹមនឹងនេះនាយកដ្ឋានក៏បានសង្កេតឃើញថា មានបុគ្គលមួយចំនួនបានប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយសេវាកម្មដោះស្រាយបញ្ហាគណនីហ្វេសប៊ុកដែលត្រូវបានបិទ (Facebook Disabled) ដោយគិតថ្លៃសេវាកម្មចន្លោះពី ៥០០ដុល្លារ ដល់ ១,២០០ដុល្លារ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹក និងជូនដំណឹងដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលគណនីត្រូវបានបិទ (Disable) ដូចតទៅ៖

- Advertise -

១៖ កុំទាន់បង់ប្រាក់សម្រាប់សេវាកម្មដោះស្រាយបញ្ហាដោយបុគ្គលឯកជន ដោយសារអាចចំណាយថវិកាដោយមិនទទួលបានលទ្ធផល។

២៖ សូមប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់សេវាកម្មដែលមិនមានប្រភពច្បាស់លាស់ ឬមិនមានការទទួលស្គាល់ផ្លូវការពីក្រុមហ៊ុន Meta ឬស្ថាប័នដែលមានសមត្ថកិច្ច។

៣៖ បញ្ហាគណនីហ្វេសប៊ុកដែលត្រូវបានបិទ (Facebook Disabled) ជាករណីដែលអាចបណ្តាលមកពីក្រុមហ៊ុន Meta ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ។ ដូច្នេះសូមអ្នកប្រើប្រាស់រង់ចាំដំណោះស្រាយផ្លូវការពីក្រុមហ៊ុន Meta។

សូមបញ្ជាក់ផងដែរថា ករណីនេះមិនទាន់មានអំណះអំណាងណាមួយពិតប្រាកដថាមូលហេតុការបិទគណនីហ្វេសប៊ុកមកពីអ្វីនោះទេ។ ដូច្នេះសូមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការប្រុងប្រយ័ត្ន និងទាក់ទងទៅក្រុមហ៊ុន Meta ដោយផ្ទាល់សម្រាប់ការដោះស្រាយបញ្ហា៕

FRESH NEWS Copyright

你可能还喜欢