កិច្ចព្រមព្រៀងសន្តិភាព៖ ភាគីថៃយល់ព្រមដោះលែងទាហានកម្ពុជាទាំង១៨នាក់

កម្ពុជា-ថៃ បានឈានដល់ការឯកភាពគ្នាលើឯកសារនៃកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ការចុះហត្ថលេខារវាងនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាចុងខែតុលានេះ។

ក្នុងកិច្ចព្រមព្រៀងនេះ ភាគីថៃ នឹងដោះលែងទាហានកម្ពុជាទាំង១៨នាក់ ដែលថៃបានចាប់ខ្លួន១ថ្ងៃ ក្រោយបទឈប់បាញ់ចូលជាធរមាន។ នេះបើតាមការបញ្ជាក់របស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

នៅក្នុងឯកសារនៃកិច្ចព្រមព្រៀងសន្តិភាព ដែលឯកភាពគ្នា នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ កម្ពុជា-ថៃ បានប្តេជ្ញាចិត្ត និងការអះអាងជាថ្មីក្នុងការគោរព និងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់​ គោរពគ្នាទៅវិញទៅមក ជាពិសេសគោរពគោលការណ៍អធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យជាតិរបស់ប្រទេសនីមួយៗ ព្រមទាំងតាំងចិត្តសម្រាប់ស្តារទំនុកចិត្តរវាងគ្នាទៅវិញទៅមក និងស្តារប្រក្រតីភាពឡើងវិញទំនាក់ទំនងការទូត ដែលត្រូវបានរដ្ឋាភិបាលកម្ពុជា-ថៃ ទម្លាក់ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ កាលពីខែកក្កដាកន្លងទៅ​ បន្ទាប់ពីមានភាពតានតឹងផងដែរ។ ក្រៅពីនោះ ក្នុងឯកសារ នៃកិច្ចព្រមព្រៀងសម្រាប់ការចុះហត្ថលេខា ភាគីទាំងពីរក៏បានរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញ, ការបោសសម្អាតមីននៅព្រំដែន ជាពិសេសគឺការដកអាវុធធុនធ្ងន់ទាំងឡាយនៅព្រំដែនបញ្ចូលទៅមូលដ្ឋានទ័ពរៀងៗខ្លួនឡើងវិញ ដើម្បីកាត់បន្ថយភាពតានតឹងផងដែរ។

- Advertise -

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា៖ «ក្រៅកិច្ចការទាំងអស់នេះ គឺភាគីថៃនឹងដោះលែងដោយមិនរង់ចាំនូវ ទាហានរបស់យើងទាំង១៨នាក់ ដែលត្រូវចាប់ខ្លួន១ថ្ងៃក្រោយពេលបទឈប់បាញ់ចូលជាធរមានម្ល៉េះ»។

វីរកងទ័ពកម្ពុជា១៨រូប ស្ថិតនៅក្នុងចំណោមទាហានខ្មែរ២០នាក់ ដែលត្រូវបានយោធាថៃចាប់ខ្លួន នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចជាំតែ ខេត្តឧត្តរមានជ័យ មួយថ្ងៃបន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។ ក្នុងចំណោម ២០នាក់ ដែលចាប់ខ្លួន ថៃបានបញ្ជូនទាហាន២នាក់ត្រឡប់មកវិញ ដោយក្នុងនោះមានម្នាក់រងរបួស និងម្នាក់ទៀតមានបញ្ហាស្មារតី។

គិតត្រឹមថ្ងៃទី១៨ ខែតុលានេះ មានរយៈពេល៨១ហើយ ដែលវីរកងទ័ពកម្ពុជាទាំងនោះត្រូវបានឃុំខ្លួន ខណៈដែលកម្ពុជាបានអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត៕

你可能还喜欢