៩ខែ ឆ្នាំ២០២៥ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចុះបញ្ជីនៅក្រសួងមហាផ្ទៃចំនួន១៦៨

ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន១៦៨បន្ថែមទៀត បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ខណៈក្នុងរយៈពេលដូចគ្នានេះដែរក្រសួងក៏បានលុបឈ្មោះសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលចេញពីបញ្ជីចំនួន៦៩ផងដែរ។ នេះបើតាមការឱ្យដឹងពីលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុឃៈ បានបន្ថែមថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បច្ចុប្បន្នមានសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិចបានចុះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃសរុបចំនួន៦.៦៤៩ ដោយក្នុងនោះ មានសមាគមចំនួន២.៩២៣ អង្គការមិនមែនរដ្ឋាភិបាលចំនួន៣.៥៧០ និងសហគមន៍ជនជាតិដើមភាគតិចចំនួន១៥៦។

លោកបានចាត់ទុកការចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាបន្តបន្ទាប់នេះថាជាការឆ្លុះបញ្ចាំងពីលំហនៃការអនុវត្តសិទ្ធិសេរីភាពយ៉ាងពេញលេញរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បម្រើផលប្រយោជន៍សង្គមជាតិ និងមនុស្សជាតិស្របតាមច្បាប់។

- Advertise -

លោក ទូច សុឃៈ បានបញ្ជាក់ថា យើងពិតជារីករាយ និងស្វាគមន៍ចំពោះកំណើនជាប្រចាំរបស់អង្គការនិងសមាគម។ ទន្ទឹមនឹងនេះក៏យើងសូមទទូចឱ្យបណ្ដាអង្គការ សមាគមទាំងអស់ដែលបានចុះបញ្ជីរួចហើយពីមុនៗគឺត្រូវធ្វើសកម្មភាព ហើយការធ្វើសកម្មភាពត្រូវធ្វើទៅតាមលក្ខន្ដិកៈដែលបានតម្កល់នៅក្រសួងមហាផ្ទៃ ជាពិសេសត្រូវគោរពទៅតាមលក្ខខណ្ឌដែលបានកំណត់ក្នុងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ដូចគ្នាដែរ អង្គការ សមាគមដែលទើបតែចុះឈ្មោះគឺត្រូវឈ្វេងយល់ឱ្យបានស៊ីជម្រៅ និងធ្វើសកម្មភាពឱ្យបានរស់រវើកដោយគោរពទៅតាមលក្ខន្ដិកៈដែលខ្លួនបានតម្កល់នៅក្រសួងមហាផ្ទៃ ចៀសវាងល្មើសទៅលើលក្ខន្ដិកៈ និងច្បាប់ដដៃៗទៀត។

你可能还喜欢