ប្រតិភូក្រុមហ៊ុន Sino Group និងក្រុមហ៊ុន YHS (Cambodia) Food & Beverage Pte Ltd (Yeo’s)មកបំពេញទស្សនកិច្ចនៅកម្ពុជា
កិច្ចជំនួបដែលរំពឹងទុកបានធ្វើឡើងនាថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Sino Group របស់ចិនហុងកុង និងក្រុមហ៊ុន YHS (Cambodia) Food & Beverage Pte Ltd (Yeo’s) របស់សិង្ហបុរី។ នេះមិនត្រឹមតែជាការជំនួបពិភាក្សាធុរកិច្ចធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារូបភាពជាក់ស្តែងនៃកិច្ចសហការរវាងកម្ពុជា-ចិនដែលកំពុងឈានទៅរកដំណាក់កាលថ្មីមួយទៀតផងដែរ។

ការបើកចំហរ និងការក្រោកឡើងនៃសេដ្ឋកិច្ចកម្ពុជា
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាបានបន្តរក្សាការលូតលាស់យ៉ាងឆាប់រហ័ស ហើយបានក្លាយជាប្រទេសមួយមានសក្តានុពលសេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដោយសារធនធានធម្មជាតិសម្បូរបែប កម្លាំងពលកម្មវ័យក្មេង និងបរិយាកាសគោលនយោបាយមានស្ថិរភាព កម្ពុជាបានទាក់ទាញការវិនិយោគពីបរទេសជាច្រើន។ ចាប់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដល់ឧស្សាហកម្មផលិត ពីកសិកម្មទំនើបរហូតដល់ការអភិវឌ្ឍទេសចរណ៍ កម្ពុជាកំពុងពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច។
គួរឲ្យកត់សម្គាល់ថា រដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់លើការសហការជាមួយចិន។ ក្នុងនាមជាប្រទេសចូលរួមដ៏សំខាន់នៅក្នុងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់មួយ ផ្លូវមួយ” កម្ពុជាបានអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ការអភិវឌ្ឍសួនឧស្សាហកម្ម និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដែលឆ្ពោះទៅការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់បន្តិចម្តងៗ។ ក្នុងពេលជាមួយគ្នានេះ ចិនក៏ជាប្រភពវិនិយោគបរទេសធំជាងគេមួយរបស់កម្ពុជាផងដែរ ហើយការសហការរវាងប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ ការអប់រំ និងវិស័យផ្សេងៗទៀតកំពុងរីកដុះដាលជាលំដាប់។
លទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន
ក្នុងរយៈពេល ៦០ ជាងឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតចំណងការទូតរវាងកម្ពុជា-ចិន ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍយ៉ាងរឹងមាំ និងមានស្ថិរភាព ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយផ្លែផ្កា។ ការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជាគ្របដណ្តប់លើវិស័យជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពល កសិកម្ម និងផលិតកម្ម ដោយមានការវិនិយោគសរុបលើសពីរាប់ពាន់លានដុល្លារ។ ឧទាហរណ៍ ក្នុងវិស័យដឹកជញ្ជូន ក្រុមហ៊ុនចិនបានសាងសង់គម្រោងសំខាន់ៗមួយចំនួនដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលបានធ្វើឱ្យការធ្វើដំណើររបស់កម្ពុជាមានភាពកាន់តែប្រសើរឡើង។ ក្នុងវិស័យថាមពល ស្ថានីយវារីអគ្គិសនី និងស្ថានីយ៍ថាមពលកំដៅដែលសាងសង់ឡើងដោយការចូលរួមពីក្រុមហ៊ុនចិន ក៏បានផ្តល់ឱ្យកម្ពុជានូវការផ្គត់ផ្គង់អគ្គិសនីមានស្ថេរភាព។ ក្នុងវិស័យកសិកម្ម ក្រុមហ៊ុនចិនបាននាំមកនូវបច្ចេកវិទ្យាដាំដុះ និងការចិញ្ចឹមសត្វបែបទំនើបៗ ដែលជួយឱ្យកម្ពុជាបង្កើនប្រសិទ្ធភាពផលិតកម្មកសិកម្ម។
ចំពោះផ្នែកអប់រំ និងវេជ្ជសាស្ត្រក៏ជាផ្នែកសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិនផងដែរ។ ចិនបានបញ្ជូនក្រុមគ្រូពេទ្យម្តងហើយម្តងទៀត និងផ្តល់សម្ភារៈវេជ្ជសាស្ត្រដល់កម្ពុជា ព្រមទាំងបានជួយសាងសង់មន្ទីរពេទ្យ និងបណ្តុះបណ្តាលបុគ្គលិកពេទ្យទៀតផង។ ក្នុងវិស័យអប់រំ ចិនក៏បានជួយកម្ពុជាបណ្តុះបណ្តាលបុគ្គលិកជំនាញ និងបច្ចេកទេសជាច្រើនតាមរយៈកម្មវិធីអាហារូបករណ៍ ហើយក៏បានសាងសង់សាលារៀនជាច្រើននៅកម្ពុជាផងដែរ។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុន Sino Group និងក្រុមហ៊ុន YHS (Cambodia) Food & Beverage Pte Ltd (Yeo’s)
ដោយនៅក្នុងបរិបទបែបនេះហើយ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុន Sino Group និងក្រុមហ៊ុន YHS (Cambodia) Food & Beverage Pte Ltd (Yeo’s) គឺមានភាពទាក់ទាញជាពិសេស។ ក្រុមហ៊ុន Sino Group គឺជាសហគ្រាសអភិវឌ្ឍន៍អចលនទ្រព្យល្បីឈ្មោះនៅចិនហុងកុង មានបទពិសោធន៍ច្រើនក្នុងវិស័យលំនៅដ្ឋានប្រណិត អចលនទ្រព្យជាលក្ខណៈពាណិជ្ជកម្ម និងការអភិវឌ្ឍគំរោងសម្រាប់ប្រើប្រាស់ចម្រុះជាដើម។ រីឯក្រុមហ៊ុន YHS (Cambodia) Food & Beverage Pte Ltd (Yeo’s) គឺជាម៉ាកដែលមានអាយុកាលរាប់រយឆ្នាំនៅសិង្ហបុរី ល្បីឈ្មោះខាងផលិតផលភេសជ្ជៈដែលមានគុណភាពខ្ពស់ក្នុងទីផ្សារអាស៊ីអាគ្នេយ៍។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូលើកនេះ ជាក់ស្តែងគឺក្រុមហ៊ុនមើលឃើញសក្តានុពលទីផ្សារកំពុងក្រោកឡើងយ៉ាងឆាប់រហ័សនៅកម្ពុជា។
ក្នុងឱកាសជំនួបនេះដែរ ថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាបានទទួលស្វាគមន៍គណៈប្រតិភូដោយក្ដីរីករាយ និងបានជម្រាបបន្ថែមអំពីសក្តានុពល វិនិយោគរបស់កម្ពុជាបច្ចុប្បន្ន និងបរិស្ថានវិនិយោគប្រកបដោយភាពអំណោយផល វិស័យអភិវឌ្ឍន៍សំខាន់ៗ និងការគាំទ្រគោលនយោបាយពាក់ព័ន្ធ។ល។ ឯកឧត្តម ស៊ុន ចាន់ថុលបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកម្ពុជានឹងបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ដើម្បីបង្កើតភាពងាយស្រួលបន្ថែមទៀតជូនសហគ្រាសវិនិយោគបរទេស។ គណៈប្រតិភូក៏បានបញ្ជាក់ថា ពួកគាត់មានទំនុកចិត្តយ៉ាងខ្លាំងលើទស្សនវិស័យទីផ្សាររបស់កម្ពុជា ហើយសង្ឃឹមថានឹងមានកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយភាគីកម្ពុជាក្នុងវិស័យដូចជាការអភិវឌ្ឍអចលនទ្រព្យ និងការផលិតម្ហូបអាហារ និងភេសជ្ជៈជាដើម។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុន Sino Group និងក្រុមហ៊ុន YHS (Cambodia) Food & Beverage Pte Ltd (Yeo’s) គឺជាចំណុចសំខាន់មួយទៀតនៅក្នុងដំណើរការនៃកិច្ចសហការកម្ពុជា-ចិន។ វាមិនត្រឹមតែឆ្លុះបញ្ចាំងពីកម្ពុជាមានភាពទាក់ទាញដើមទុនអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា-ចិន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យផងដែរ។
ក្នុងការរំពឹងទុកនាអនាគត ទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិននឹងកាន់តែទូលំទូលាយផងដែរ។ ភាគីទាំងពីរនឹងបន្តចាប់ដៃគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងសម្រេចបាននូវផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ។ នេះមិនត្រឹមតែនឹងជំរុញកម្លាំងចលករថ្មីដល់សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងក្លាយជាគំរូថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ផងដែរ៕
