ឆេះឃ្លាំងលក់ម៉ូតូមួយកន្លែងនៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង

ឃ្លាំងលក់ម៉ូតូមួយកន្លែង​ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​២៖២០នាទីយប់រំលងអធ្រាត្រ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវលេខ៣២៨ ភូមិ៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹង ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ។

- Advertise -

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣២គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ​ ចំនួន២១គ្រឿង ប្រើប្រាស់ទឹក​អស់១០៥ឡាន​ ស្មេីរនឹង៤២០ម៉ែត្រគូប​, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០៤ឡាន ស្មើរនឹង២៤ម៉ែត្រគូប និងរថយន្តកងពលតូចលេខ៧០​ ចំ​នួន០៧គ្រឿង​ ប្រើប្រាស់ទឹកអស់០៦ឡាន​ ស្មើរ​នឹង៦០ម៉ែត្រគូប។ ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ថ្មប្រក់ស័ង្កសី ទំហំ​ (១៧ម៉ែត្រ​ x ២៥ម៉ែត្រ) និងឆេះឃ្លាំង ទំហំ (១៧ម៉ែត្រ x ២៥ម៉ែត្រ) ចំនួន០១ឃ្លាំង និងឆេះផ្ទះថ្ម​ ទំហំ (៦ម៉ែត្រ x ២៥ម៉ែត្រ) ចំនួន ០១ខ្នង រួមទាំងឆេះម៉ូតូ និងគ្រឿងម៉ូតូអស់ជាច្រើន។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៥និង០០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែរ។

លោក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គីភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបាននឹងកំពុងធ្វើការស្រាវជ្រាវរកមូលហេតុផងដែរ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕

你可能还喜欢