គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជាអញ្ជើញទៅចូលរួមព្រឹត្តិការណ៍អន្តរជាតិដ៏ធំ នៅប្រទេសចិន
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រតិភូបានអញ្ជើញធ្វើដំណើរចាកចេញពី ទីក្រុងគួយលីន ទៅដល់ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុខសុវត្ថិភាព នាល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ងួន វិសុទ្ធ អគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ និងតំណាងសាលាក្រុងស៊ូចូវ។
តាមកាលវិភាគការងារ ឯកឧត្តមរដ្ឋមន្រ្តីនឹងដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជាចូលរួមព្រឹត្តិការណ៍អន្តរជាតិដ៏ធំគឺ “ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤” និង “ពិធីបុណ្យកម្ពុជា” នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ដែលកម្ពុជាបានរៀបចំជាស្តង់ពិព័រណ៍បង្ហាញសក្តានុពលទេសចរណ៍ដ៏សម្បូរបែបដល់អ្នកចូលរួមអន្តរជាតិ និងប្រជាពលរដ្ឋចិន ដើម្បីធ្វើដំណើរទេសចរណ៍មកកម្ពុជាឱ្យបានច្រើនឡើងថែមទៀត និងជាពិសេសគឺចូលរួមជំរុញកំណើនទេសចរណ៍ រវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើង ខណៈឆ្នាំ២០២៥នេះត្រូវបានកំណត់ជា “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥”៕

ប្រភព៖ ក្រសួងទេសចរណ៍
