កម្ពុជាគ្រោងទម្លាក់ថវិកាទ្រង់ទ្រាយធំដើម្បីធានាថាស្ថានីយ៍សាកអាគុយឡានអគ្គិសនីមាននៅតាមផ្លូវសំខាន់ៗ ទូទាំងប្រទេសកម្ពុជា
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងទម្លាក់ថវិកាទ្រង់ទ្រាយធំ ដើម្បីធានាថាស្ថានីយ៍សាកអាគុយឡានអគ្គិសនីមាននៅតាមផ្លូវសំខាន់ៗ ទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងចូលរួមការកាត់បន្ថយការបំពុលបរិស្ថាន និងជួយប្រជាពលរដ្ឋសន្សំថវិកា។ ការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្ដីបែបនេះក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់ការថ្លែងសន្ទករថាគន្លឹះបើកកិច្ចប្រជុំទី៣ ស្ដីពីដំណើរបម្លាស់ប្តូរការប្រើប្រាស់ថាមពលរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានកាបូន នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ “ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព”។
ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៍ថា ឆាប់ៗនេះ អគ្គិសនីរបស់កម្ពុជាតាមរយៈការចង្អុលទិសរបស់រាជរដ្ឋាភិបាល និងក្រសួងរ៉ែ និងថាមពល គ្រោងនឹងទម្លាក់ថវិការទ្រង់ទ្រាយធំ ដើម្បីធានាថា ទូទាំងប្រទេសកម្ពុជា តាមផ្លូវសំខាន់ៗ គឺមានស្ថានីយសាកអាគុយរថយន្ត និងម៉ូតូ ដែលមានល្បឿនលឿន។ ឯកឧត្តមបានថ្លែងបញ្ជាក់ថា៖ «ឥឡូវយើងសាកតាមផ្ទះ វាប្រហែល ៦ទៅ ៧ម៉ោង ប៉ុន្តែថ្ងៃក្រោយប្រសិនបើយើងទៅផឹកកាហ្វេតាមផ្លូវជាតិ យើងសាកតែ ២០នាទី ទៅ ៣០នាទី យើងអាចជិះបាន ៣០០ ទៅ ៤០០គីឡូម៉ែត្រទៀត។ យើងធ្វើដូច្នេះ ដើម្បីកាត់បន្ថយការប្រើប្រាស់រថយន្តដែលប្រើប្រេងម៉ាស៊ូត ឬក៏សាំង ដែលផ្ដល់ការបំពុលទៅបរិស្ថាន និងជួយសន្សំថវិកាឱ្យបងប្អូនប្រជាជន»។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងថា តាមរយៈការសិក្សាកន្លងមកបានបង្ហាញថា ការប្រើប្រាស់រថយន្តអគ្គិសនី គឺចំណេញដល់ជិត ៥ដង ប្រសិនបើប្រៀបធៀបការប្រើប្រាស់រថយន្តម៉ាស៊ូត ឬសាំង ជាពិសេស គឺចូលរួមចំណែកដល់ការថែរក្សារបរិស្ថានពិភពលោក។ «ដូច្នេះផែនការរបស់ក្រសួង ត្រូវទម្លាក់ថ្លៃសាករថយន្ត កុំឱ្យមានតម្លៃថ្លៃដូចបច្ចុប្បន្ន ១ ៦០០ ទៅ ១ ៧០០រៀល ឱ្យមកក្រោមនេះ។ ទីពីរ ពង្រាយស្ថានីយសាកឱ្យច្រើន ដើម្បីឱ្យបងប្អូនយើងទៅណា ក៏អាចមានកន្លែងសាករថយន្ត។ ផែនការនេះ យើងធ្វើមិនត្រឹមតែសម្រាប់រថយន្តគ្រួសារទេ ប៉ុន្តែសម្រាប់រថយន្តដឹកទំនិញផងដែរ»។
