កម្មពិធីអបអរសាទរគម្រប់ខួប៣០ឆ្នាំ នៃការបង្កើតសមាគមត្រកូល អ៊ឹង កម្ពុជា និងការសម្ពោធជាផ្លូវការ នូវសភាពាណិជ្ជកម្មត្រកូល អ៊ឹង កម្ពុជា

ភ្នំពេញ៖ កម្មពិធីគម្រប់ខួប៣០ឆ្នាំ នៃការបង្កើតសមាគមត្រកូលអ៊ឹងកម្ពុជា និងការសម្ពោធជាផ្លូវការ នូវសភាពាណិជ្ជកម្មត្រកូលអ៊ឹងកម្ពុជាបានរៀបចំឡើង នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកែប លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងឧត្តមទីប្រឹក្សាកិត្តិយសអចិន្ត្រៃ នៃសមាគមត្រកូលអ៊ឹងនៅកម្ពុជា, លោក អ៊ឹង អ៊ឺងឆោ ប្រធានប្រតិបត្ដិសមាគមត្រកូលអ៊ឹងពិភពលោក ព្រមទាំងបងប្អូនត្រកូលអ៊ឹង ដែលមកពីប្រទេសចិន ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី និងហ្វីលីពីន ជាច្រើនរូបផងដែរ។

- Advertise -

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានលើកឡើងថា ឆ្លងកាត់ជាច្រើនជំនាន់មកនេះ ជនជាតិចិនបានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រីកទាំងសេដ្ឋកិច្ច សង្គម និងវប្បធម៌ នៅក្នុងប្រទេសកម្ពុជា។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងប្រទេសកម្ពុជា ជនជាតិចិន បានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតជាតិ។ ឆ្លងកាត់ជាច្រើនជំនាន់ ពួកគេបានរួមចំណែកមិនត្រឹមតែចំពោះសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះការពង្រីកសង្គម និងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជាផងដែរ»។

​បន្ថែមពីនោះទៀត លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានគូសបញ្ជាក់ថា ពាណិជ្ជករ សិប្បករ សហគ្រិន និងអ្នកប្រាជ្ញ ដែលមានដើមកំណើតចិន បានជួយផ្សាភ្ជាប់ប្រពៃណី ជាមួយការអភិវឌ្ឍន៍ទំនើបកម្មរបស់កម្ពុជា។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានលើកឡើងថា រឿងប្រវត្តិរបស់ដូនតា គឺជារឿងមួយនៃការសម្របខ្លួន ដោយស្មោះត្រង់ចូលក្នុងសង្គមខ្មែរ ការស្វាមីភក្តិចំពោះទឹកដី ដែលបានផ្តល់ ជម្រក និងកំណើតថ្មី។ យើងមានមោទនភាព ក្នុងការហៅប្រទេសកម្ពុជាថា ជាផ្ទះរបស់យើង ហើយហៅប្រទេសកម្ពុជាថា ជាស្ពានរវាងអរិយធម៌នានា នៅលើពីភពលោក។

ទន្ទឹមគ្នានេះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានឲ្យដឹងថា ចាប់តាំងពីការបង្កើតឡើង កាលពីសាមសិបឆ្នាំមុន សមាគមត្រកូលអ៊ឹងនៅកម្ពុជា បានឈរជាផ្លាកសញ្ញានៃការរួបរួមគ្នា ការជួយគ្នាទៅវិញទៅមក និងការថែរក្សាវប្បធម៌។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក៏សូមឱ្យសមាគមត្រកូលអ៊ឹងកម្ពុជា នៅតែជានិមិត្តរូប នៃសាមគ្គីភាពនិងសេវាកម្ម មិនត្រឹមតែនៅក្នុងសហគមន៍ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកដល់ភាពរុងរឿង និងភាពសុខដុមរមនា នៃសង្គមកម្ពុជាផងដែរ។

លោក អ៊ឹង ហុងម៉េង ប្រធានសមាគមត្រកូល អ៊ឹង នៅកម្ពុជាបានមានប្រសាសន៍ថា អស់រយៈពេល ៣០ ឆ្នាំមកនេះ យើងបានលើកស្ទួយវប្បធម៍ ត្រកូលអ៊ឹង បន្តអនុវត្ថតាមគំរូគុណធម៍របស់បុព្វបុរស តាមរយៈសកម្មភាពជាក់ស្តែង។ យើងបានសម្រេចការសាងសង់ទីស្នាក់ការសមាគមថ្មី ធ្វើឲ្យប្រសើរឡើងនូវការិយាល័យ និងហេដ្ឋារចនាសម្ព័ន្ធរៀបចំកម្មវិធី ដើម្បីផ្តល់វេទិកាដែលមានស្ថិរភាពសម្រាប់ការជួបជុំបងប្អូនញាតិសន្តាន កិច្ចប្រជុំ និងពិធីសែនដូនតា។

លោកប្រធានបានបន្តថា ឆ្លៀតក្នុងឱកាសដ៏សំខាន់នៃខួបលើកទី ៣០ នេះ យើងបានបង្កើតសមាគមពាណិជ្ជកម្ម ត្រកូលអ៊ឹង កម្ពុជា ជាផ្លូការ។ ការបង្កើតនេះ គឺជាទំព័រថ្មីនៃអាជីវកម្មបងប្អូនញាតិសន្តានត្រកូលអ៊ឹង ហើយនេះមិនត្រឹមតែជាវេទិកាសម្រាប់ការអភិវឌ្ឍន៏ថ្មីប៉ុណ្ណោះទេ ក៏ថែមទាំងជាស្ពានដ៏សំខាន់សម្រាប់ការតភ្ជាប់សហគ្រិន ត្រកូលអ៊ឹង ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងជាការប្រមូលផ្តុំកម្លាំងសេដ្ឋកិច្ចមហាគ្រួសារ ត្រកូលអ៊ឹង ផងដែរ។

លោកឧកញ៉ា ជាសឿន ប្រធានប្តូរវេននៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានលើកឡើងថា ចាប់តាំងពី១៩៩៥ សមាគមត្រកូល អ៊ឹង នៅកម្ពុជាបានបង្កើតឡើងមក  ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំ និងការខិតខំរួមនៃសមាជិកសមាជិកា សមាគមបានប្រកាន់ខ្ជាប់នូវគោលការណ៍ ថែរក្សាវប្បធម៌ប្រពៃណី ពង្រឹងសាមគ្គីភាព និងចូលរួមជំរុញភាពរីកចំរើននៃសហគមន៍ខ្មែរចិនយើង  ដែលប្រៀបបានទៅនឹងគ្រួសារដ៏ធំមួយសម្រាប់បងប្អូនត្រកូលអ៊ឹងទាំងអស់ធ្វើការប្រាស្រ័យទាក់ទងគ្នា និងជួយគ្នាទៅវិញទៅមក ។

លោកឧកញ៉ាក៏ជឿជាក់ថា ក្រោមការដឹកនាំរបស់លោក អ៊ឹង ហុងម៉េងប្រធានសមាគម ការខិតខំប្រឹងប្រែងរួមគ្នារបស់សមាជិក សមាជិកា និងការគាំទ្រពីសប្បុរសជនទាំងអស់ សមាគមត្រកូលអ៊ឹងនៅកម្ពុជា សភាពាណិជ្ជកម្មត្រកូលអ៊ឹង កម្ពុជា នឹងបន្តនូវស្មារតីសាមគ្គីភាព និងជំនួយទៅវិញទៅមក ខិតខំអភិវឌ្ឍន៍ ចូលរួមជម្រុញយ៉ាងសកម្មក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន គាំទ្រដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងវឌ្ឍនភាពនៃសហគមន៍ខ្មែរចិនទាំងមូល។ សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា នឹងបន្តគាំទ្រសកម្មភាពនានារបស់សមាគមត្រកូលអ៊ឹងនៅកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍន៍សហគមន៍ខ្មែរចិនអោយកាន់តែរីកចំរើន ។

លោក អ៊ឹង ឈឺជីញ ទីប្រឹក្សាអចិន្ត្រៃសមាគមត្រកូលអ៊ឹងកម្ពុជា និងជាប្រធានសមាគមពាណិជ្ជកម្មត្រកូលអ៊ឹងកម្ពុជា បានឲ្យដឹងដែរថា ស្ថិរភាពនយោបាយរបស់ប្រទេសកម្ពុជា សេដ្ឋកិច្ចរីកចម្រើន និងការពង្រឹងកិច្ចសហប្រតិបត្តិការចិន-កម្ពុជាលើគំនិតផ្តួចផ្តើម“ខ្សែក្រវ៉ាត់មួយ  ផ្លូវមួយ” ផ្តល់នូវឱកាសអភិវឌ្ឍន៍យ៉ាងទូលំទូលាយសម្រាប់សហគ្រិនត្រកូល អ៊ឹង កម្ពុជា។

លោកបានបន្តទៀតថា សមាគមពាណិជ្ជកម្មនឹងប្រកាន់ខ្ជាប់នូវគោលការណ៍នៃ “សាមគ្គីភាព ភាពស្មោះត្រង់ នវានុវត្តន៍ និងលទ្ធផលឈ្នះ-ឈ្នះ” ដោយកសាងវេទិកាសម្រាប់ភ្ជាប់គ្រួសារតាមរយៈអាជីវកម្ម និងលើកកម្ពស់ពាណិជ្ជកម្មតាមរយៈគ្រួសារ លើកកម្ពស់ការចែករំលែកធនធាន និងការអភិវឌ្ឍសមូហភាព ជួយជំរុញកំណើនអាជីវកម្មត្រកូល និងលើកកម្ពស់យ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិន កម្ពុជា និងអន្តរជាតិ។

សូមបញ្ជាក់ថា សមាគម ត្រកូលអ៊ឹង កម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ “ផ្តល់ប្រយោជន៍ដល់វង្សត្រកូល បង្រួបបង្រួមសាច់ញាតិ និងលើកកម្ពស់គុណធម៌ដូនតា”៕(សិរី)

 

 

你可能还喜欢