កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន១១១នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កម្លាំងចម្រុះនៃគណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដោយមានកិច្ចសម្របសម្រួលពីព្រះរាជអាជ្ញារង ចុះត្រួតពិនិត្យទីតាំងសង្ស័យ ស្ថិតនៅអគារសម្រាប់ជួលមានទីតាំងផ្ទះលេខ១៧ ផ្លូវលេខ២៥៥ ក្រុមទី១៤ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយឃាត់ខ្លួនជនសង្ស័យចំនួន១១១នាក់ ក្នុងនោះជនជាតិឥណ្ឌូណេស៊ីចំនួន១០៦នាក់ (ស្ត្រី៣៦នាក់ ) និងបុរសជនជាតិខ្មែរ ចំនួន០៥នាក់។

ក្នុងប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ចជំនាញបានដកហូតសម្ភារៈ ជាវត្ថុតាងរួមមាន៖ រថយន្ត០២គ្រឿង ម៉ាក HYUNDAI STARIA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CB-5952 និងម៉ាក HYUNDAI STARIA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-1921។

ក្រោយពីត្រួតពិនិត្យចប់សព្វគ្រប់បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ដែលបានដកហូតពីទីតាំងសង្ស័យខាងលើ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី។

- Advertise -

ដោយឡែកនៅថ្ងៃដដែលនោះដែរ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយទទួលបានការបញ្ជាពីអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរងទទួលដឹកនាំផែនការងារអន្តោប្រវេសន៍ និងមានការចូលរួមសហការពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប. ឆ.ប.) បានចុះត្រួតពិនិត្យទីតាំងសង្ស័យមួយកន្លែងនៅអគារលេខ៦៥ IOS TOWER ស្ថិតនៅផ្លូវលេខ៩៥ ភូមិ០៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញផងដែរ។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះសមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

你可能还喜欢